ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ព្រះមហាក្សត្រជំរុញ រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី លោក ចេម ហួត លោក អាត ចន្ធូ៖

ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញដល់រដ្ឋសភា និងរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ ស្របតាមឆន្ទៈ និងការទុកចិត្តរបស់ប្រជាជននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា។

ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី មហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា រដ្ឋសភាដែលជាអង្គការ នីតិប្បញ្ញត្តិ ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋរឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។

ព្រះរាជសន្ទរកថារបស់អង្គព្រះមហាក្សត្រនេះធ្វើឡើងក្នុងព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសម័យប្រជុំលើកដំបូង នៃនីតិកាលទី៦របស់រដ្ឋសភានៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ មុនការប្រកាសសុពលភាពតំណាងរាស្ត្រទាំង១២៥រូប ដោយមានការចូលរួមពីបណ្តាអង្គទូត និងអ្នកសង្កេតការណ៍ ជាច្រើននាក់។

ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានបន្តថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ និងមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ច្បាប់ទាំងឡាយដែលរដ្ឋសភា បានអនុម័ត គឺជាឧបករណ៍កិត្តិយុត្តិ សម្រាប់រាជរដ្ឋាភិបាលអនុវត្តនិងលើកកម្ពស់នីតិរដ្ឋ សំដៅធានាឱ្យប្រទេសរបស់កម្ពុជាមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អស្របតាមការវិវឌ្ឍន៍រីកចម្រើននៃសង្គមជាតិ។

សំឡេង៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពីរដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធការពារសង្គមដែលមានវិសាលភាព គ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប និងការអភិវឌ្ឍ និងការអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានានូវអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ ដើម្បីសម្រេចភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ ប្រជាជាតិកម្ពុជា ត្រូវមានឯកភាព និងសាមគ្គីភាពជាតិខ្ពស់ ដោយឈរលើស្មារតីបង្រួបបង្រួមជាតិ និងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺមេត្តា ករុណា មុទិតា និងឧបេក្ខា»។

សូមបញ្ជាក់ថា ក្រោយព្រះរាជពិធីបើកសម័យប្រជុំសភាលើកដំបូង នៃនីតិកាលទី៦នេះ អង្គរដ្ឋសភា តំណាងដោយព្រឹទ្ធសមាជិករដ្ឋសភាមួយរូប គឺសម្តេចពញាចក្រី ហេង សំរិន ក៏បានប្រកាសសុពលភាពតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជាទាំង១២៥រូប ដើម្បីត្រៀមទៅស្បថចូលកាន់តំណែងនៅព្រះមរមរាជវាំងនៅល្ងាចនេះ មុននឹងឈានទៅចាប់ផ្តើមអនុវត្តការងាររបស់ខ្លួនស្របតាម ឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត សម្រាប់នីតិកាលពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣។

ក្រោយពីស្បថចូលកាន់តំណែងរួច រដ្ឋសភានឹងបន្តប្រជុំនៅថ្ងៃបន្ទាប់ គឺព្រឹកថ្ងៃទី៦ ខែកញ្ញាស្អែកនេះ ដើម្បីបោះឆ្នោត ជ្រើសតាំងប្រធាននិងអនុប្រធានរដ្ឋសភា ប្រធាននិងអនុប្រធានគណៈកម្មាការជំនាញទាំងអស់ នៃរដ្ឋសភា និងផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕