ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋសភានីតិកាលទី៦បើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនហើយនៅព្រឹក ថ្ងៃទី៥ កញ្ញានេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកចេមហួត រូបថតលោកអ៊ូកាណែល

ភ្នំពេញ៖បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ បានកន្លងទៅអស់រយៈ ពេលជាង១ខែរួចមក នៅព្រឹកថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាថ្ងៃដែលអ្នក
តំណាងរាស្ត្រនីតិកាលថ្មី ទាំង១២៥រូបមកពីគណបក្សប្រជាជនកម្ពុជាបាន ចូលខ្លួនមកបង្ហាញមុខជា សាធារណៈ ជាលើកដំបូង ក្នុងការចូលបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត រយៈពេល៥ឆ្នាំបន្តទៀត។

អនុលោមតាមរដ្ឋធម្មនុញ្ញរបស់ព្រះរាជា ណាចក្រកម្ពុជា ការបើកសម័យប្រជុំលើក ដំ បូងនីតិកាលថ្មីនៃរដ្ឋសភានេះ ប្រារព្ធធ្វើឡើង ក្រោម ព្រះរាជាធិបតីភាពព្រះមហាក្សត្រព្រះ ករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាសភាពចូលរួមពី តំណាង រាស្ត្រទាំង១២៥រូបនិងការអញ្ជើញចូលរួមពីឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសនានាប្រចាំនៅកម្ពុជាផងដែរ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ការប្រារព្ធពិធីបើកសម័យប្រជុំលើកដំបូងនេះបានចាប់ផ្តើមឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក។ បន្ទាប់ពីពិធីបើកសម័យប្រជុំដំបូងរួចរាល់ ពិធីបើកសម័យប្រជុំលើកទី១ នឹងចាប់ផ្តើមការងាររបស់ខ្លួនក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងការអនុម័តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភានីតិកាលទី៦។

បន្ទាប់មកនៅពេលរសៀលតំណាងរាស្ត្រទាំង ១២៥រូប ត្រូវធ្វើសច្ចាប្រណិធាននៅចំ ពោះព្រះភក្ត្រព្រះមហាក្សត្រនៅព្រះបរម រាជ វាំងមុននឹងចាប់ផ្តើមបំពេញការងាររបស់ខ្លន។
រីឯនៅថ្ងៃទី៦ ខែកញ្ញាស្អែក រដ្ឋសភានឹងធ្វើការបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីន
រួមមាន ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មាធិការជំនាញនៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះការបង្កើតឡើងនូវក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលអាណត្តិថ្មីផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋជិត ៧លាននាក់បានចេញទៅបោះឆ្នោតស្មើនឹងជាង ៨៣ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុបក្នុងបញ្ជីបោះឆ្នោតដែលមានជាង ៨លាននាក់។ ក្នុងចំណោមប្រជាពលរដ្ឋចេញទៅបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ទទួលបានការបោះឆ្នោតគាំទ្រច្រើនលើសលុបរហូតដល់ជាង ៤លាននាក់ ឈានទៅគ្រប់គ្រងអាសនៈនៅរដ្ឋសភាទាំង ១២៥៕