ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងពាណិជ្ជកម្មស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយរក្សាកំណើនសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងពាណិជ្ជកម្មស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សហគមន៍ស្រាវជ្រាវ និងស្ថាប័នសិក្សាអប់រំនានា ត្រូវមានកិច្ចសហប្រតិបត្តិការជាមួយគ្នា ឱ្យបានជិតស្និទ្ធ និងជាប់ជាប្រចាំ ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧ភាគរយឱ្យបាន។

នៅក្នុងសិក្ខាសាលាស្តីពី “ខ្សែចង្វាក់តម្លៃសាកលក្នុងចរន្តសេដ្ឋកិច្ច” ដែលបានរៀប ចំឡើងដោយវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម សហការជាមួយវិទ្យាស្ថានអន្តរជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (ITD) នាព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ នៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីមន្រ្តីក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម និង វិស័យឯកជនផងដែរ។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្មបានមាន ប្រសាសន៍លើកឡើងថា ការអភិវឌ្ឍពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំមកនេះ បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងក្នុងក្របខ័ណ្ឌតំបន់ និងសាកលលោក។ ជាក់ស្តែងក្នុងរយៈកាលទសវត្សរ៍ចុងក្រោយនេះ កម្ពុជាមានកំណើន សេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំ ៧ភាគរយ ដែលធ្វើឱ្យធនាគារអភិវឌ្ឍន៍អាស៊ី បានប្រសិទ្ធនាមកម្ពុជាថា ជាខ្លាសេដ្ឋកិច្ចថ្មីរបស់អាស៊ីនៅកាលពីឆ្នាំ ២០១៦កន្លងទៅថ្មីនេះ។

លើសពីនេះទៀតធនាគារពិភពលោកក៏ទទួលស្គាល់ថាប្រទេសកម្ពុជា ជាប្រទេសរីក ចម្រើនលូតលាស់លឿនបំផុតលំដាប់ទី៦ លើពិភពលោកផងដែរ ដោយផ្អែកលើផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ៗមានចំណូលកើនឡើងពី ៣០០ ដុល្លារក្នុងឆ្នាំ ២000 ដល់ ១៤២០ដុល្លារនៅក្នុងឆ្នាំ ២០១៧ ហើយអត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងពី ៤៧,៨ភាគរយក្នុងឆ្នាំ ២០១៧ មកនៅត្រឹម ១៣,៥ភាគរយនៅក្នុងឆ្នាំ២០១៤។ ក្នុងពេលជាមួយគ្នានោះចំណូលជាតិដុល (GNI) ក្នុងពលរដ្ឋម្នាក់ៗ មានចំនួន ១.១៤០ដុល្លារក្នុងឆ្នាំ២០១៦ ហើយធនាគារពិភពលោក បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

ទន្ទឹមនឹងនេះពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាមានតម្លៃប្រមាណជា ២២ពាន់លាន ដុល្លារក្នុងឆ្នាំ២០១៦ ដោយផលិតផលនាំចេញសំខាន់រួមមានអង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី កៅស៊ូ ត្រី និងដំណាំកសិកម្ម និងកសិ-ឧស្សាហកម្មផ្សេងៗទៀត ព្រមទាំងរោងចក្របង្គុំ(កង់ ម៉ូតូ និងរថយន្ដជាដើម) និងឧស្សាហកម្មរ៉ែផងដែរ។

ឯកឧត្តមបន្តថា ទោះជាយ៉ាងណាក៏ដោយសេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមទៅនឹងហា និភ័យសេដ្ឋកិច្ចមួយចំនួន ដូចជាការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប ព្រមទាំងការកើនឡើងនៃថ្លៃប្រេង និងទំនិញលើទីផ្សារអន្តរជាតិ។ ហេតុផលទាំងនេះ បង្ហាញពីភាពចាំបាច់ និងការកែទម្រង់លើពិពិធកម្មផលិតផល និងទីផ្សាររបស់យើងសំដៅ លើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ ដើម្បីកាត់បន្ថយហានិភ័យម៉ាក្រូសេដ្ឋកិច្ចទាំងនោះ។

ឯកឧត្តមរដ្ឋលេខាធិការក្នុងនាមក្រសួងពាណិជ្ជកម្មបញ្ជាក់ថា សិក្ខាសាលា ថ្ងៃនេះមានសារៈសំខាន់ណាស់ សូមស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ,វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, សហគមន៍ស្រាវជ្រាវ និងស្ថាប័នសិក្សាអប់រំនានា ត្រូវមានកិច្ចសហ ប្រតិបត្តិការគ្នាឱ្យបានជិតស្និទ្ធ និងជាប់ជាប្រចាំ ដើម្បីជំរុញការអនុវត្តគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ នឹងជួយធ្វើទំនើបកម្មរចនា សម្ព័ន្ធឧស្សាហកម្មកម្ពុជា ចេញពីឧស្សាកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើ សមត្ថភាពជំនាញ, ការតភ្ជាប់ជាមួយខ្សែសង្វាក់ បង្កើតតម្លៃក្នុងតំបន់ និងសកល និងការបង្កើតបណ្តុំផលិតកម្មមានការតភ្ជាប់គ្នា ដែលនឹងពង្រឹងសមត្ថភាពប្រកួតប្រជែង, បង្កើនផលិតភាព និងពិពិធកម្មនៃឧស្សាហកម្មក្នុងស្រុក។
លោកស្រី Duangthip Chomprang ប្រធានការិយាល័យសម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងជំនួយអភិវឌ្ឍន៍នៃ វិទ្យាស្ថានអន្តរជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ (ITD) បានមានប្រសាសន៍ថា ថ្ងៃនេះវិទ្យាស្ថានអន្តរជាតិសម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ(ITD)បានសហការធ្វើសិក្ខាសាលាដ៏មានសារៈសំខាន់នេះ។

លោកស្រី Duangthip Chomprang បានជម្រាបថា វិទ្យាស្ថានអន្តរជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍ បានរៀបចំសៀវភៅសេចក្តីផ្តើមអំពី ITD (Introduction to ITD Handbook) ដែលសៀវភៅនេះបានចែកចេញជា៣ជំពូក។ សៀវភៅនេះ បានចងក្រងអំពីគោលនយោបាយពាណិជ្ជកម្មល្អៗ អំពីប្រទេសអភិវឌ្ឍន៍ សម្រាប់យកជាគំរូ និងអនុវត្តន៍តាម ដើម្បីឱ្យ មានកំណើនសេដ្ឋកិច្ច ហើយវិទ្យាស្ថានអន្តរជាតិសម្រាប់ពាណិជ្ជកម្មនិងការអភិវឌ្ឍ បានជ្រើសរើសប្រទេសកម្ពុជា សម្រាប់អនុវត្តន៍គម្រោងនេះ ពីព្រោះប្រទេសកម្ពុជាជាប្រទេសដែលមានសក្តានុពល ក្នុងការទាក់ទាញវិនិយោគ និងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រទេសវៀតណាមត្រូវបានជ្រើសរើសជាប្រទេសទី២៕

ដោយ ប៉ាល់ សុង