ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្ដម អូស្មាន ហាស្សាន់ នាំយកអំណោយសប្បុរសធម៌ ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខណ្ឌឫស្សីកែវ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្ដម អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយក អំណោយសប្បុរសជន មកពីរដ្ឋកូវ៉ែត តាមរយៈអង្គការពិភពលោកនៃក្តីមេត្តា ចែកជូនដល់ ប្រជា ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៤០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ដែលក្នុងមួយគ្រួសារ ទទួលបានអង្ករ ១៥គីឡូក្រាម ស្ករស ១គីឡូក្រាម ប្រេងឆា ១លីត្រ ត្រីខ ៤កំប៉ុង និងមី ១០កញ្ចប់។ ពិធីចែកអំណោយនេះ ធ្វើឡើងនៅ ព្រះវិហារគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរះទី២ កាលពីព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់ពីមតិស្វាគមន៍ និងចំណាប់អារម្មណ៍ របស់លោក WAEIL EL MOURSI ប្រធាន​​អង្គការពិភពលោកនៃក្តីមេត្តា ប្រចាំកម្ពុជារួចមក ឯកឧត្ដម អូស្មាន​​​​​​​​​​​ ហាស្សាន់ បានលើក​ឡើងថា ជាការពិតដោយសារតែយើងបានរួមរស់នៅក្រោមម្លប់សន្តិភាពនៃ ព្រះរាជាណាចក្រ​កម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើប បានជារាល់ទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ តែងតែត្រូវបានទទួលការគាំពារ ដោយការ យកចិត្តទុកដាក់ពីសំណាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជា អង្គការសមាគមជាតិ និងអន្តរជាតិ បានរួមដៃគ្នាក្នុងការចូលរួមដោះស្រាយរាល់ទុក្ខលំបាក ដោយការកៀរគរ មូលនិធិមនុស្សធម៌ ចុះជួយប្រជាពលរដ្ឋយើងបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានជំរុញ ឱ្យសាសនិកអ៊ិស្លាមកម្ពុជាទាំងអស់ត្រូវគោរ ប្រណិប័តន៍ឱ្យបានត្រឹមត្រូវចំពោះសាសនា ហើយជាងនេះទៅទៀតគ្រួសារខ្មែរ អ៊ិស្លាម នីមួយៗត្រូវជំរុញកូនចៅឱ្យខិតខំ សិក្សារៀនសូត្រ ទទួលបាននូវចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីយកទៅរួមចំណែកក្នុងការកសាង ប្រទេសជាតិឱ្យមានការរីកចម្រើនបន្ថែមទៀត។ ដោយរដូវនេះ ជារដូវវស្សា សូមបងប្អូនកូនក្មួយ ដែលមេគ្រួសារ សូមប្រុងប្រយ័ត្នកូនចៅ កុំឱ្យចុះលេងទឹក ក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយយថាហេតុ៕

ដោយ សួស សំរិត