ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុនចិន ចំណាយថវិកាជាង២លានដុល្លារ សម្រាប់ថតភាពយន្ដ ក្នុងការផ្សព្វផ្សាយពី តំបន់ទេសចរណ៍ នៅកម្ពុជាដល់ពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា វិនិយោគិន ចិន ដែលវិនិយោគ ក្នុង វិស័យអចលនទ្រព្យនៅកម្ពុជា បានចំណាយថិវកាជាង ២លានដុល្លារអាម៉េរិក ដើម្បី ផលិតខ្សែភាពយន្តមួយ និយាយពីស្នេហាឆ្លងដែន ហើយគោលបំណងសំខាន់គឺដើម្បី ផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍សំខាន់ៗ ក្នុងប្រទេសកម្ពុជា។


បើតាមបញ្ជាក់ពីលោក លី មីន អគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ព្រីនស៍ រៀល អ៊ីស្ទេត ដែលជាក្រុមហ៊ុនផលិត និងថតខ្សែភាពយន្តបានឱ្យដឹងថា ការផលិតខ្សែភាពយន្តនេះឡើង ដើម្បីបង្កើនទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលមានជាយូរមកហើយ។ លោកបានបន្ដថា អ្វីដែលពិសេសនោះ គឺដើម្បីបង្ហាញទៅកាន់ពិភពលោកពីតំបន់ទេសចរណ៍ល្បីៗ និងវប្បធម៌ របស់ប្រទេសកម្ពុជា ព្រោះរឿងដែលផលិតឡើងនេះ ក៏នឹងយកទៅដាក់ប្រកួតនៅរដ្ឋ ឡូសអ៊ែនជីឡេស សហរដ្ឋអាមេរិកផងដែរ។ លោកបន្តទៀតថា រឿងនេះនឹងត្រូវចំណាយ ប្រាក់ប្រមាណ២លានដុល្លារអាម៉េរិក ដើម្បីផលិតឡើង ហើយត្រូវថតនៅរាជធានីភ្នំពេញ ខេត្ត ព្រះសីហនុ ខេត្តសៀមរាប និងខេត្តកំពត ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍ល្បី និងជា គោលដៅទេសចរណ៍សម្រាប់ភ្ញៀវអន្តរជាតិ ។

លោកបានបន្ថែមថា “ក្រៅពីថតនៅប្រទេសកម្ពុជា រឿងនេះ ក៏នឹងត្រូវថតនៅ ទឹកដីនៃ ប្រទេសចិនមួយចំនួនផងដែរ ព្រោះដោយសារតែវាមានទំនាក់ទំនងរវាងចិន និងកម្ពុជា”។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា តាមរយៈខ្សែភាពយន្ត ដែលវិនិយោគិនចិន ថតនៅក្នុងប្រទេសកម្ពុជា នឹងរួមចំណែកដល់ការផ្សព្វផ្សាយ តំបន់ ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក និងដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បន្ថែម ទៀត ឱ្យមកទស្សនា នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបន្ដថា វិស័យទេសចរណ៍ បាន​សម្រេចលទ្ធផលគួរជាទីមោទនៈ ដោយមានកំណើនពីរខ្ទង់ជាប់ៗគ្នា ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ ជាក់ស្ដែងក្នុងឆ្នាំ២០១៧ កន្លងទៅ កម្ពុជាសម្រេចបាន នូវកំណើន ទេសចរអត្រា១១.៨ភាគរយ ជាមួយនឹងការមកដល់នៃភ្ញៀវអន្តរជាតិជាង ៥.៦ លាននាក់ និង នាំមកនូវប្រាក់ចំណូលប្រមាណ៣.៤០០លានដុល្លារអាម៉េរិក ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ជាតិ ដែលបានរួមចំណែកក្នុងGDPប្រមាណ១៣ភាគរយ។

ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០១៨ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៦.២លាននាក់ និងប្រមាណ៧លាននាក់ ក្នុងឆ្នាំ ២០២០ ដែលនាំមកនូវប្រាក់ចំណូល ប្រមាណ៥.០០០លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ច ដែលបង្កើតឱកាសការងារ បាន ប្រមាណ ១លាននាក់ ។ ទន្ទឹមនេះ ក្នុងឆ្នាំ ២០៣០ កម្ពុជា រំពឹងថា ភ្ញៀវទេសចរ មកទស្សនា ក្នុងតំបន់ផ្សេងៗប្រមាណ១៥លាននាក់ បង្កើតការងារបានប្រមាណ២លាននាក់ និងនាំ ប្រាក់ចំណូល បានប្រមាណ១០ពាន់លានដុល្លារ ក្នុងនោះក្រសួងបានព្យាយាមកែច្នៃតំបន់ ទេសចរណ៍ ដែលមានស្រាប់ ដើម្បីធ្វើឱ្យទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ។

ឯកឧត្តមបានបន្ថែមថា ខេត្តព្រះសីហនុ គឺជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយ ក្នុងនោះក្រសួងទេសចរណ៍ បាននិងកំពុងតែជំរុញស្ថាប័នពាក់ព័ន្ធ និងយកចិត្ត ទុកដាក់ លើគម្រោងកោះគំរូ ជាគោលដៅអេកូទេសចរណ៍លំដាប់ខ្ពស់ និងជាគោលដៅទេស ចរណ៍បៃតងគ្មានថង់ប្លាស្ទិក ឱ្យបានមុនឆ្នាំ២០២០ ដោយបន្តខិតខំគ្រប់គ្រងឆ្នេរខ្សាច់ ឱ្យបានស្អាត និងបៃតង ដោយខិតខំអភិវឌ្ឍន៍ឆ្នេរ សមុទ្រកម្ពុជា ប្រាកដដោយនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងទៀតថា សម្រាប់គោលដៅទេសចរណ៍ផ្សេងៗទៀត នៅក្នុង ប្រទេសកម្ពុជា ដូចជា រមណីយដ្ឋាន តំបន់អង្គរ ប្រាសាទសំបូរព្រៃគុក និងតំបន់ទេសចរណ៍ ល្បីជាច្រើនទៀតនៅកម្ពុជា ក៏មានគម្រោងអភិវឌ្ឍន៍ កែច្នៃឱ្យល្អប្រសើរ ដើម្បី ឱ្យភ្ញៀវ ទេសចរអន្តរជាតិ បានស្នាក់នៅយូរក្នុងទឹកដីប្រទេសកម្ពុជា ៕

ដោយ ម៉ៅ ចរិយា