ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា ចង់ឱ្យក្រសួងពីរផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណីខ្មែរឱ្យបានទូលំទូលាយ

AKP ភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជាចង់ឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង វប្បធម៌​និងវិចិត្រសិល្បៈផ្សព្វផ្សាយវប្បធម៌ប្រណៃណីខ្មែរឱ្យបានទូលំទូលាយ ខណៈបច្ចុប្បន្ន ពលរដ្ឋមួយចំនួនបានត្រឹមតែឈឺចាប់ខ្លាចបាត់បង់វប្បធម៌ ប្រពៃណី តែខ្វះការយល់ដឹង។

ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិកម្ពុជាបានប្រាប់AKP នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨នេះថា ការពុះកញ្រ្ជោលរបស់ពលរដ្ឋក្នុងការការពារវប្បធម៌ ប្រពៃណីនៅតែតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមិនគ្រប់គ្រាន់ទេ ក្នុងការចូលរួម អភិរក្សវប្បធម៌របស់ដូនតាយើង។

ឯកឧត្តម បណ្ឌិតបានបន្ដថា ការពង្រីកការយល់ដឹងពី វប្បធម៌ជាតិដល់ពលរដ្ឋគឺជាកត្តាសំខាន់បំផុត ហើយជំរុញឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងរដ្ឋ និងឯកជន។ ក្នុងនោះ សម្រាប់ក្របខណ្ឌថ្នាក់ជាតិក្រសួងអប់រំ យុវជន និង កីឡាគួរពង្រីកកម្មវិធីសិក្សាឱ្យបានច្បាស់លាស់តាំងពីថ្នាក់បឋមសិក្សាដល់ថ្នាក់ឧត្តមសិក្សា។ សម្រាប់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈវិញ គួរជំរុញឱ្យមានកម្មវិធីសិល្បៈវប្បធម៌ប្រពៃណី ផ្សាយតាមវិទ្យុ និងទូរទស្សន៍ឱ្យបានច្រើន និងជួលប្រព័ន្ធផ្សព្វផ្សាយរបស់ពិភពលោកល្បីៗ ដើម្បីឱ្យបរទេសគេស្គាល់យើងផង ក្នុងន័យដើម្បីការថែរក្សាអភិរក្សវប្បធម៌ផង និងជាការ ទាក់ទាញភ្ញៀវអន្តរជាតិឱ្យគេចង់មកទស្សនាប្រទេសកម្ពុជាយើងផង។

ចំណែកឯ វិស័យ ឯកជនដែលធ្វើអាជីវកម្មលើវិស័យសិល្បៈក៏គួរគប្បីរួមចំណែកថតទស្សនីយភាពនានា និង ការរៀបចំការសម្តែងឱ្យជាប់ពាក់ព័ន្ធ និងប្រពៃណីវប្បធម៌ដែលអាចរុញច្រានពលរដ្ឋឱ្យមាន ការយល់ដឹងវប្បធម៌តាមរយៈខ្សែភាពយន្ត និងឈ្វេងយល់តាមរយៈការសម្តែងក្នុងកម្មវិធី សិល្បៈគ្រប់ទីកន្លែង។ ឯកឧត្តម បណ្ឌិត បានលើកឡើងទៀតថា រដ្ឋាភិបាលគួរយកចិត្តទុក ដាក់ខ្ពស់លើជីវភាពរស់នៅរបស់អ្នកសិល្បករ សិល្បការិនីប្រពៃណីបុរាណ ដើម្បីឱ្យពួកគាត់ មានកម្លាំងកាយចិត្តចូលរួមលើកស្ទួយសិល្បៈវប្បធម៌ប្រពៃណីឱ្យបានរុងរឿងបន្ថែមទៀត។

ការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិ​កម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមើលឃើញយុវជនមួយចំនួនបានបញ្ចេញនូវ ទស្សនៈជាច្រើនទៅ លើដំណើរការចុះបញ្ជីដាក់បញ្ចូលល្ខោនខោលរបស់ខ្មែរ និងរបាំខនថៃ ដាក់ក្នុងបញ្ជីបេតិក ភណ្ឌពិភពលោកជាសម្បត្តិវប្បធម៌ដ៏មហាសាលរបស់មនុស្សជាតិ ដែលមកដល់ពេល នេះកំពុង ស្ថិតក្នុងការត្រួតពិនិត្យរបស់អង្គការយូណេស្កូ និងត្រូវប្រកាសជាផ្លូវការ នៅចុង ឆ្នាំ២០១៨នេះ។

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត គិន ភា ក៏បានបង្ហោះខ្លឹមសារ ទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធល្ខោនខោល នៅក្នុងគេហទំព័រវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដោយបានសង្កត់ធ្ងន់ថា ប្រជាជននៃប្រទេសទាំងពីរគួរតែយល់ថា ប្រទេសកម្ពុជា និងថៃ មានភាពដូចគ្នាច្រើន និងគួរឈ្វេងយល់ពីវប្បធម៌គ្នាទៅវិញទៅមក នោះនឹងមិនមានជម្លោះ លើបញ្ហាវប្បធម៌ទេ។ លោកបណ្ឌិតបានបន្ថែមថា “យើងមិនអាចរារាំងប្រទេសផ្សេងមិនឱ្យ មានវប្បធម៌ស្រដៀង គ្នានឹងវប្បធម៌ប្រទេសយើងបានទេ វាដូច ជាយើងមិនអាចរារាំង មនុស្សផ្សេងទៀតមិនឱ្យស្លៀកសម្លៀកបំពាក់ដូចគ្នានឹងយើងដែរ។ ការអប់រំអំពីប្រវត្តិសាស្រ្ត ពិតប្រាកដ និងវប្បធម៌នៃសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងសម័យសកលភាវូប នីយកម្ម។

ការអប់រំមនុស្សជំនាន់ក្រោយឱ្យមានការរើសអើង និងជាតិនិយមជ្រុល ព្រមទាំង បំភ្លៃប្រវត្តិសាស្ត្រ នឹងបង្កើតអរិភាព និងភាពស្អប់ខ្ពើមក្នុងចំណោមប្រជាជនប្រទេសជិតខាង និងសហគមន៍ដែលគ្មានភាពចុះសម្រុងគ្នា។” ជាមួយគ្នានេះ ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមថៃវិញ ហាក់ដូចជាជាតិ និយម និងមានមោទនភាពលើខ្លួនឯងណាស់ ដោយពួកគេបានអះអាងថា របាំនេះគឺជា កម្ម សិទ្ធិផ្តាច់មុខ និងរក្សាសិទ្ធិដោយប្រទេសថៃ មិនមែនរបស់កម្ពុជានោះទេ។ ប្រជាជនកម្ពុជា ដែលខឹងសម្បា បានប្រកែកថា របាំនេះ គឺជាផ្នែកមួយនៃវប្បធម៌ខ្មែរ ខណៈដែលជនជាតិ ថៃអះអាងថា វាមានប្រភពដើមនៅក្នុងប្រទេសរបស់ខ្លួន។ ល្ខោនខោលរបស់កម្ពុជា គឺជារបាំ-ល្ខោន ដែលផ្អែកទៅលើរឿង រាមកេរ្តិ៍ ចំណែកឯកំណាព្យខ្មែរផ្អែកលើ រឿងរាមាយណៈក្នុង ភាសាសំស្ក្រឹត ហើយខនរបស់ថៃ ត្រូវបានគេជឿថា មានប្រភពចេញមកពីល្ខោនខោលខ្មែរ។ ការសម្តែងល្ខោនខោលខ្មែរ ត្រូវបានលួចយកក្នុងអំឡុង ពេលឈ្លានពានរបស់ថៃ និងត្រូវបាន នាំយកទៅប្រទេសថៃដើម្បីសម្តែងនៅក្នុងរាជវាំង។ ទម្រង់នៃរបាំខន របស់ថៃប្រហែលជាបាន អភិវឌ្ឍន៍ចេញពីល្ខោនខោលដែលត្រូវបានលួចយកទៅនេះ។

យោងតាមប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា គឺជាអាណាចក្រដ៏អស្ចារ្យមួយនៅពេលដែល ប្រទេសថៃ មិនទាន់បានក្លាយជារដ្ឋមកម៉្លេះ ហើយទឹកដីរបស់ប្រទេសថៃសព្វថ្ងៃ គឺជាផ្នែក មួយនៃអតីតអាណាចក្រខ្មែរផងដែរ។ ថៃបានបំបែកខ្លួនពីកម្ពុជាក្នុងសតវត្សរ៍ទី១៣ ហើយ បានក្លាយជារដ្ឋមួយ តាំងពីពេលនោះមក។ វប្បធម៌ និងប្រពៃណីខ្លះរបស់ថៃមានប្រភព ចេញពីប្រទេសកម្ពុជា។ របាំខនរបស់ថៃ គឺមានភាពស្រដៀងខ្លាំងទៅនឹងល្ខោនខោលខ្មែរ។ របាំទាំងពីរផ្អែកទៅលើកំណាព្យឥណ្ឌា រឿងរាមាយណៈ ហើយមានលក្ខណៈពិសេស គឺការពាក់របាំងមុខនៅក្នុងការសម្តែង ជាមួយនឹងសម្លៀកបំពាក់ប្រណិត ដោយរៀបរាប់សាច់ រឿងតាមរយៈការរាំ កាយវិការ និងការញាក់មុខមាត់។ របាំទាំងពីរនេះមានភាពស្រដៀងគ្នា ប៉ុន្តែក៏មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ផងដែរ។

ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិកម្ពុជាបានឱ្យដឹងទៀតថា យោងតាមប្រវត្តិ សាស្រ្ត ប្រទេសកម្ពុជា គឺជាអាណាចក្រដ៏អស្ចារ្យមួយនៅពេលដែលប្រទេសថៃ មិនទាន់បាន ក្លាយជារដ្ឋមកម៉្លេះ ហើយទឹកដីរបស់ប្រទេសថៃសព្វថ្ងៃ គឺជាផ្នែកមួយនៃអតីតអាណាចក្រ ខ្មែរផងដែរ។ ថៃបានបំបែកខ្លួនពីកម្ពុជាក្នុងសតវត្សរ៍ទី១៣ ហើយបានក្លាយជារដ្ឋមួយ តាំងពី ពេលនោះមក។ វប្បធម៌ និងប្រពៃណីខ្លះរបស់ថៃមានប្រភពចេញពីប្រទេសកម្ពុជា៕

ដោយ គង់ សិរីរ័ត្ន