ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

នាវាទេសចរណ៍ប្រភេទយក្ស GENTING DREAM នាំភ្ញៀវទេសចរជាង ៥.០០០នាក់ ចូលចតកំពង់ផែសមុទ្រ

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានឱ្យដឹងថា នៅព្រឹក ៩រោc ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នាវាទេសចណ៍បរទេស ប្រភេទយក្ស GENTING DREAM បាននាំភ្ញៀវទេស ចរចម្រុះជាតិ សាសន៍ជាង ៥.០០០នាក់ ចូលចតកំពង់ ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ។

នាវា GENTING DREAM មានសញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ៣៣៥.៣៥ ម៉ែត្រ ទទឹង ៣៩.៧០ម៉ែត្រ ជម្រៅទឹក ៨.៦ម៉ែត្រ បាននាំភ្ញៀវទេសចរបរ ទេសចម្រុះជាតិ សាសន៍ជាង ៥.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរ សរុបចំនួន ៣.៥៦២នាក់ ស្រី ២.០៣៤នាក់ មាន២៤សញ្ជាតិ និងនាវិកសរុបចំនួន ១.៨៥៩នាក់ ស្រី ៥២៦នាក់ មាន៣៣សញ្ជាតិ។

នាវា GENTING DREAM បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីប្រទេស Malaysia ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៩ និង២៥នាទី ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នាវានេះមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះ សីហនុ នៅវេលាម៉ោង១៩ ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ប្រភេទយក្ស GENTING DREAM មានច្រើនសញ្ជាតិ ហើយក្នុងចំណោមភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា Singapor ១,៧៥៨នាក់ Malasia ចំនួន ៧២៩នាក់ Indonesian ៣០៩នាក់ និងមានភ្ញៀវទេសចរបរទេសសញ្ជាតិផ្សេងៗទៀត។

នេះជាការចូលចតរបស់នាវាទេសចរណ៍ប្រភេទយក្សលើកទី២ នៅកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បន្ទាប់ពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការនូវចំណតផែពហុបំណង ដែលមានជម្រៅទឹក ១៣,៥០ម៉ែត្រ ហើយសង្ឃឹមថានៅចុង ឆ្នាំ២០១៨នេះ នឹងមាននាវាទេសចរណ៍ប្រភេទយក្ស (ធុនធំ) ជាច្រើនគ្រឿងផ្សេងទៀតនឹងនាំ ភ្ញៀវទេសចរចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍន៍រីក ចម្រើនយ៉ាងគំហុកនាពេលបច្ចុប្បន្ន៕

ដោយ ងូ សុមុនី