ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងធនធានទឹកចាប់ផ្តើមរៀបចំ ផែនការគ្រប់គ្រងធនធានទឹកនៅទូទាំងប្រទេសកម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

ក្រសួងធនធានទឹកចាប់ផ្តើមបង្កើតគ្រប់គ្រងធនធានទឹកនៅទូទំាងប្រទេស ដើម្បីធានាដល់ការងារបង្ករបង្កើនផលរបស់ប្រជាពលរដ្ឋ ក៏ដូចជាការប្រើប្រាស់សំរាប់ជីវភាពប្រចាំថ្ងៃ ។

ឯឧ.ម៉ៅ ហាក់ អគ្គនាយកបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយមបាន ប្រាប់វិទ្យុជាតិកម្ពុជាអោយ ដឹងនៅព្រឹកថ្ងៃទី ៤ ខែកញ្ញានេះថា ជាអាទិភាពគម្រោងគ្រប់គ្រងធនធានទឹកនៅកម្ពុជានេះ ក្រសួងនឹងជំរុញកសាងទំនប់ស្ទាក់មុខទឹកនៅតាមស្ទឹងទាំង១១កន្លែងនៅជុំវិញបឹងទន្លេសាប និងទឹកស្ទឹងមួយចំនួនទៀត ដែលជាប្រភពទឹកដ៏សំខាន់។

កាបង្កើតគម្រោងគ្រប់គ្រងធនធានទឹកនេះបានធ្វើឡើងខណៈដែលពិភពលោកបានជួបបញ្ហា ការប្រែប្រួលអាកាសធាតុ ធ្វើឲ្យប្រទេសមួយចំនួនជួបបញ្ហាខ្វះទឹកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃ និងការងារស្រែចំការ ម្យ៉ាងវិញទៀតនៅកម្ពុជាមិន ទាន់មានប្រព័ន្ធគ្រប់គ្រង ធនធានទឹកអោយបានសមស្រប ដូចជានៅរដូវវស្សាមានទឹកច្រើនលើសកម្រិត និងរដូវប្រាំងខ្វះខាតទឹកជាដើម។

ឯឧ.បានបញ្ចាក់ថា ដើម្បីមានលិទ្ធភាពទាញយកជំនួយអនុវត្តគម្រោងមួយចំនួនដើម្បីគ្រប់គ្រងធនធានទឹកនៅជុំវិញបឹងទន្លេសាបនេះក្រុមគណៈកម្មការគ្រប់គ្រងធនធានទឹកចម្រុះនៃអាងទន្លេនៅក្នុងព្រះរាជាណាចក្រកម្ពុ បានជួបប្រជុំជាមួយទីភ្នាក់ងារទឹកបារាំង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោក ដែលប្រារពធ្វើឡើងកាលពីពេលថ្មីៗនេះ។

មន្រ្តីជំនាញធនធានទឹកបានអៈអាងថា កម្ពុជាគ្មានបញ្ហាងាយខ្សត់ប្រភពទឹកនៅឡើយ ដោយសារស្ថានភាពភូមិសាស្រ្តរបស់កម្ពុជា មានបឹងទន្លេ តំបន់ជួរភ្នំនិង តំបន់ខ្ពងរាបពទ័ជុំវិញប្រទេស ជាពិសេសមានរបាយទឹកភ្លៀងគ្រប់គ្រាន់ ប៉ុន្តែការបង្កើនវិធានការគ្រប់គ្រងធនទឹកនេះ គឺដើម្បី គ្រប់គ្រង់សក្តានុពលទឹកបានល្អ និងប្រើប្រាស់ដោយមានការទទួលខុសត្រូវ នោះទៅថ្ងៃអានាគតមិនប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ឡើយ៕