ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

អភិបាលរាជធានីអំពាវនាវប្រជាពលរដ្ឋ លើកស្ទួយវិស័យពុទ្ធសាសនាឲ្យបានខ្លាំង

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោក អ៊ួង វុធ រូបថត លោក ចន ណារិទ្ធ៖

អភិបាលរាជធានីភ្នំពេញអំពាវនាវដល់ប្រជាពលរដ្ឋ ជួយលើកស្ទួយវិស័យព្រះពុទ្ធសាសនា ឲ្យមានការរីកចំរើនបន្តទៅមុខបន្ថែមទៀត ដើម្បី ចូលរួមចំណែកពង្រឹងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងមានពុទ្ធសាសនិកមានជំនឿកាន់តែខ្លាំង ព្រោះជាសាសនារបស់រដ្ឋ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តនាគវ័ន សង្កាត់បឹងកក់ទី២ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី០៤ កញ្ញា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៏ថាដោយមើលឃើញពីភាពរីកចំរើននៃការអភិវឌ្ឍប្រទេសជាតិ និងប្រជាពលរដ្ឋមានការកើនឡើង ពិសេសយុវជនក៏មានចំណេះដឹងច្រើននោះ យើងត្រូវនាំគ្នាលើកស្ទួយខាងវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំផងដែរ។ឯកឧត្តម.អភិបាលបន្តថា ការលើកស្ទួយខាងវិស័យព្រះពុទ្ធសាសនា គឺមិនគ្រាន់តែប្រតិបត្តិតាមធម៌ វិន័យព្រះពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែ ពុទ្ធសាសនិក នៃព្រហពុទ្ថសាសនា ក៏ត្រូវចូលរួមកសាងនូវសមិទ្ធផលនានាផង ដែរ ព្រោះទាក់ទិនទៅនឹងសាសនាព្រះពុទ្ធ ដែលកម្ពុជាមានប្រជាពលរដ្ឋប្រមាណជាង ៩០ភាគរយជាអ្នកគោរពប្រតិបត្តិ កាន់សាសនាព្រះពុទ្ធ។

ឯកឧត្តមបញ្ជាក់ថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ សុំអំពាវនាវដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ពុទ្ធបរិស័ទ សបុរសជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមលើកស្ទួយព្រះពុទ្ធសាសនាប្រកាន់ភ្ជាប់នូវធម៌មេតា ករុណាសណ្តោសធ្វើជាគំរូដ៏ល្អៗដល់កូនចៅជំនាន់ក្រោយៗឲ្យខិតខំយកចិត្តទុកដាក់ឆ្វាតធ្យាយរៀន សូត្រព្រះធម៌ព្រហវិន័យនិងកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ដោយលាចាកនូវអំពើមិនគប្បីទាំងឡាយ ដែលអាចធ្វើឲ្យពុទ្ធរិស័ទអស់ជំនឿឬអ័ពឱនដល់ព្រះពុទ្ធសាសនា។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វត្តនាគវ័ន បានកសាងឡើងក្នុងឆ្នាំ១៨៩៨ ដែលរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ និងមានព្រះចៅអធិការវត្តចំនួន៨អង្គ រួចមកដែរ។ វត្តនាគវ័ន គឺជាវត្ត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមករស់ស្នាក់នៅសិក្សារៀនសូត្រ ក្នុងរជ្ជកាលព្រះចៅអធិការព្រះនាមឈឹម ឌុកក្នុងឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៦៩។

សូមបញ្ជាក់ថា៖ សមិទ្ធផលក្នុងវត្តនាគវ័ន ដែលសម្តេចតេជោ ហ៊ុន សែន ធ្នាប់ស្នាក់នៅត្រូវបានសម្ភោធសមិទ្ធផលនានាដាក់ឲ្យប្រើប្រាស់នាពេលនេះ រួមមាន មហាកុដិព្រះចៅអធិការ ក្លោងទ្វារ របងវត្ត ឧបដ្ឋានសាលា ស្រះទឹក ជួសជុលព្រះវិហារ រៀបចំប្រព័ន្ធផ្លូវ ដាំបង្គោលភ្លើង ដែលចំណាយថវិកាអស់ជាង៤លាន១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕