ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — របៀបវារ:ចំនួន០៦ ដែលក្រុមប្រឹក្សាខេត្តព្រះសីហនុយកមកធ្វើការពិនិត្យ ពិភាក្សា និងលើកទិសដៅអនុវត្តន៍បន្តនៅព្រឹកថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៃកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន០៦រួមមាន៖ ទី១-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត, ទី២- ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត, ទី៣- ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៨ ស្ដីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត គិតចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨, ទី៤- ពិនិត្យនិងអនុម័តសេចក្តីព្រាងដីកា ស្ដីពីការបង្កើតគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវា សាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ,ទី៥ ស្តាប់របាយការណ៍ របស់គណៈកម្មា ធិការនានារបស់ក្រុមប្រឹក្សាខេត្ត -គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការគ្រប់ គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត -គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត និងទី៦- បញ្ហាផ្សេងៗ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបូកសរុបកិច្ចប្រជុំ វាយតម្លៃកោតសរសើរដល់អាជ្ញាធរ មន្ត្រីគ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ទទួលខុសត្រូវ បំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងជំរុញឱ្យគ្រប់ផ្នែក ជំនាញទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាបរិស្ថាន អនា ម័យ និងសោភណភាព ខណ:ដែលខេត្តព្រះសីហនុ កំពុងត្រូវបានការអភិវឌ្ឍ យ៉ាងឆាប់រហ័យ មានដូចជា សណ្ឋាគារ ខុនដូរ អាគាពាណិជ្ជកម្មជាច្រើន នៅក្នុងក្រុងព្រះសីហនុ មានការកើនឡើងយ៉ាងគំហុកនា រយៈពេលជិត ២ឆ្នាំចុងក្រោយ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់អាជ្ញាធរមូលដ្ឋានត្រូវអនុវត្តន៍ នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យ បានគ្រប់គ្នា ទើបសហគមន៍យើងមានសុវត្ថិភាព៕

ដោយ ងូ សុមុនី