ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិប្រកាសត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលនឹងប្រារព្វធ្វើឡើងនៅវិច្ឆិកាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក អ៊ឹមភិរក្សនារីរតនៈ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិប្រកាសត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី ២១-២២ និងថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

យោងតាមផែនការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ បានប្រកាសឲ្យក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើការណែនាំ ដល់កីឡាករ កីឡាការិនី ទូកង ទូមួង ទូកអុំ និងទូកចែវ ទាំងអស់ ត្រូវតែធ្វើការ​ហ្វឹក​ហាត់​សាកល្បងនិងជ្រើសរើសទូក ដែលមានចំណុះ១៨ខ្ទង់ហើយជាប្រភេទដែលមានល្បឿនលឿន។

ជាមួយគ្នានេះត្រូវសង្ខេបប្រវត្តិរបស់ទូកនីមួយៗអោយបានច្បាស់លាស់ និងត្រូវជ្រើសរើសអ្នកណាដែល​​មានកាយសម្ប​ទា​គ្រប់​គ្រាន់ ចេះហែលទឹកស្ទាត់ជំនាញដើម្បីធានាឲ្យបាននៅសុវត្ថិភាពជៀស​​វាងនៅពេលប្រណាំងមានការលិចទូក។

បន្ថែមពីនេះ គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិក៏បានណែនាំដល់ទូកនីមួយៗ ត្រូវតែតុបតែងលម្អក្បាច់ តាមរចនាបថរបស់ខ្មែរ ដើម្បីអោយមានសោភណ័ភាពស្រស់ស្អាត។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ តែងប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥ កើត និងថ្ងៃ១ រោច ខែកត្តិក ហើយសម្រាប់ឆ្នាំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១-២២-២៣ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅ​បរិវេណដងទន្លេសាបមុខព្រះបរមរាជវាំង ដើម្បី បើកឱកាសជូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយរីករាយ អបអរ​សាទរតាមប្រពៃណីជាតិ ដោយមានបណ្តែតប្រទីប អុជកំាជ្រួច ការលក់ទំនិញគ្រប់ភេទ និងការប្រគុំដន្រ្តីសប្បាយៗ​ផង​ដែរ៕