ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ្រោះទឹកជំនន់នៅវៀតណាមបណ្តាលឱ្យមនុស្ស ១៩នាក់ស្លាប់ និងបាត់ខ្លួននៅខេត្តភាគខាងជើង និងភាគកណ្តាល

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — យោងតាមគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឱ្យដឹងថា គ្រោះទឹកជំនន់ និងការរអិលបាក់ដីនៅក្នុងខេត្តភាគខាងជើង និងភាគកណ្តាលមួយចំនួនរបស់វៀតណាមបានបណ្តាលឱ្យមនុស្ស ១៥នាក់ស្លាប់ និង ៤នាក់បាត់ខ្លួន រួមទាំងការខាតបង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។

ភ្លៀងធ្លាក់យ៉ាងគំហុកនៅចុងខែសីហា បានបណ្តាលឱ្យមានទឹកជំនន់ និងការបាក់ដីយ៉ាងធ្ងន់ធ្ងរនិងបានបំផ្លិចបំផ្លាញខេត្តមួយចំនួននៅភាគខាងជើង រួមមានខេត្ត Son La ខេត្ត Lao Cai ខេត្ត Cao Bang ខេត្ត Yen Bai និងខេត្ត Lai Chau ព្រមទាំងខេត្តនៅភាគកណ្តាល រួមមានខេត្ត Thanh Hoa និងខេត្ត Nghe An ។

ស្ថិតិរបស់គណៈកម្មាធិការគិតត្រឹមថ្ងៃទី ២ ខែកញ្ញា បានបង្ហាញថា នៅខេត្ត Son La បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ នៅខេត្ត Yen Bai មានអ្នកស្លាប់ម្នាក់ នៅខេត្ត Lang Son មានអ្នកស្លាប់ម្នាក់ នៅខេត្ត Hoa Binh មានអ្នកស្លាប់ម្នាក់ នៅខេត្ត Lai Chau មានអ្នកស្លាប់ពីរនាក់ និងនៅខេត្ត Thanh Hoa មានអ្នកស្លាប់ ៩នាក់។ ហើយមនុស្ស ៣នាក់ នៅខេត្ត Thanh Hoa និងម្នាក់ទៀតនៅខេត្ត Lai Chau នៅបាត់ខ្លួននៅឡើយ។

ផ្ទះចំនួន ៣៦៤ខ្នងត្រូវបានបំផ្លាញ ស្របពេលដែលប្រជាជនចំនួន ៧៥៤គ្រួសារផ្សេងទៀត ត្រូវជម្លៀសចេញ។ ទឹកជំនន់នេះបណ្តាលឱ្យលិចស្រូវអស់ ៦.៥២៣ហិកតា និងដំណាំដែលមានផ្ទៃដីចំនួន ៤.៥៨៦ហិកតានៅក្នុងខេត្ត Thanh Hoa ។

ជាមួយគ្នានេះដែរ សត្វពាហនៈ ៥១២ក្បាល និងបសុសត្វ ៥៦.៣៦៧ក្បាលត្រូវបានសម្លាប់។ ទឹកជំនន់ក៏បានបំផ្លិចបំផ្លាញកសិដ្ឋានចិញ្ចឹមត្រីចំនួន ៩៦៣ហិកតាផងដែរ ខណៈដែលបំផ្លាញទំនប់ដែលមានប្រវែង ៦២០ម៉ែត្រ និងព្រែកជីក ៦.១៧៤ម៉ែត្រ។ ខេត្តទាំងនោះបានរាយការណ៍ថា មានការបាក់ដីប្រមាណជិត ៩០.០០០ម៉ែត្រគូប៕

( ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី )