ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសជប៉ុនប្រុងប្រៀបសម្រាប់ព្យុះទីហ្វុងដ៏ខ្លាំងក្នុងពេល២៥ឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារធាតុអាកាសក្រុងតូក្យូបាននិយាយពីថ្ងៃចន្ទថា ប្រទេសជប៉ុនកំពុងប្រុងប្រៀបខ្លួន សម្រាប់ព្យុះទីហ្វុងដ៏ខ្លាំងមួយ ដែលបច្ចុប្បន្នកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកភាគខាងត្បូង របស់ប្រទេសជប៉ុន ដោយធ្វើការព្រមានថា ព្យុះទីហ្វុងនេះអាចចុះដល់ដីគោកនៅថ្ងៃអង្គារ ហើយនឹងជាព្យុះទីហ្វុងខ្លាំងបំផុត ដែលវាយប្រហារប្រទេសជប៉ុន ក្នុងពេល២៥ឆ្នាំនេះ ។

ទីភ្នាក់ងារឧតុនិយមជប៉ុន ( JMA ) បាននិយាយថា « ព្យុះទីហ្វុង Jebi » អាចធ្លាក់ចុះដល់ដីគោកនៅក្នុងតំបន់ស៊ីកូគូ ( Shikoku ) នៅថ្ងៃអង្គារ ប៉ុន្តែបាននិយាយថា កន្លែងទាំងឡាយនៅក្នុងតំបន់ដ៏ធំទូលាយមួយនៅទូទាំងប្រជុំកោះ នេះគួរតែមានការប្រុងប្រយ័ត្នខ្ពស់សម្រាប់ខ្យល់ខ្លាំង, ភ្លៀងធ្លាក់ខ្លាំង , រលកខ្ពស់ៗ , ទឹកជំនន់ ​ព្រមទាំងការបាក់ដី ។

JMA បាននិយាយថា Jebi កំពុងធ្វើដំណើរនៅក្នុងគន្លងខាងជើង – ​ភាគពាយ័ព្យក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងកោះហុនស៊ូ យ៉ាងសំខាន់របស់ជប៉ុនក្នុងល្បឿន២០គីឡូម៉ែត្រក្នុងមួយម៉ោង គិតមកដល់ម៉ោង ៣រសៀល ( ម៉ោងក្នុងស្រុក ) ។

នៅឯសន្និសីទសារព័ត៌មានជាបន្ទាន់មួយស្តីពីបញ្ហានេះកាលពីថ្ងៃចន្ទ មន្ត្រីម្នាក់មកពីទីភ្នាក់ងារអាកាសធាតុត្រូវបានគេដកស្រង់សំដីដែលនិយាយថា ព្យុះទីហ្វុងនេះ ត្រូវបានចាត់ថ្នាក់ថា « ខ្លាំងបំផុត » ដោយទីភ្នាក់ងារនេះ​ ហើយដោយផ្អែកទៅលើកម្លាំងខ្យល់ដែលខ្លាំងរបស់វា ព្យុះនេះអាចជាព្យុះទីហ្វុងដ៏ខ្លាំងបំផុតដែលធ្វើការចុះដល់ដីគោកក្នុងប្រទេសជប៉ុនចាប់តាំងពីឆ្នាំ ១៩៩៣ មក ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បាននិយាយនៅឯកិច្ចប្រជុំមួយ របស់រដ្ឋាភិបាល​ព្រមទាំងគណបក្ស ដែលកាន់អំណាចកាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនត្រូវបានវាយប្រហារដោយព្យុះនិង ព្យុះទីហ្វុងដ៏ខ្លាំងមួយចំនួនកាលពីពេលថ្មីៗនេះ ហើយរដ្ឋាភិបាលត្រូវតែធ្វើការរៀបចំឱ្យបានមុនសម្រាប់ការមកដល់របស់ព្យុះ Jebi នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )