ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីភ្នាក់ងារសារព័ត៌មានយន់ហាប់ ចុះកិច្ចព្រមព្រៀងជាមួយទីភ្នាក់ងារ សារព័ត៌មាន Anadolu ផ្លូវការរបស់ប្រទេសតួកគី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារសារព័ត៌មានយន់ហាប់(Yonhap) ជាសេវាព័ត៌មានដ៏សំខាន់មួយរបស់ប្រទេសកូរ៉េ​ខាង​ត្បូង កាលពីថ្ងៃចន្ទបានចុះកិច្ចព្រមព្រៀង​មួយ ដើម្បីពង្រឹងកិច្ចផ្លាស់ប្តូរ និង កិច្ចសហប្រតិ​បត្តិការ​គ្នា​​ជាមួយទីភ្នាក់ងារសារព័ត៌មាន Anadolu ផ្លូវការរបស់ប្រទេសតួកគី។ កិច្ចព្រមព្រៀង​នេះ​​បានអំពាវដល់ទីភ្នាក់ងារសារព័ត៌មានទាំងពីរ ឱ្យពង្រីកកិច្ចផ្លាស់ប្តូរគ្នា ទៅវិញទៅមកនូវ​រូបថត ដោយមានដាក់ចំណងជើងរូបថត និងវីដេអូរព័ត៌មានជាភាសាអង់គ្លេស។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងលោក គីម ជិន-អ៊ីយ៉ុង នាយកគ្រប់គ្រង​ទីភ្នាក់ងារសារព័ត៌មានយន់ហាប់ទទួលបន្ទុកកិច្ចការអន្តរជាតិ និងពាណិជ្ជកម្ម និងលោក Metin Mutanoglu ជាអគ្គនាយករងទីភ្នាក់ងារសារព័ត៌មាន Anadolu ក្នុងអំឡុងកិច្ចប្រជុំមួយនៃ​អង្គការ​ទីភ្នាក់សារព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិកនៅសណ្ឋាគារមួយក្នុងទីក្រុងតេអេរ៉ង់។​

លោក គីម បាននិយាយថា ខ្ញុំរីករាយដែលថា យើងអាចសហការគ្នាជាមួយនឹងទីភ្នាក់ងាសារព័ត៌មានដ៏ធំជាងគេមួយ Anadolu របស់ប្រទេសតួកគី ហើយខ្ញុំសង្ឃឹមថា កិច្ចផ្លាស់ប្តូរគ្នាទៅវិញទៅមករវាង​ទីភ្នាក់ងារសារព័ត៌មានយន់ហាប់​ និងទីភ្នាក់ងារសារព័ត៌មាន Anadolu នឹងក្លាយជាស្ពានមួយដែលនឹងជំរុញនូវមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Mutanoglu បាននិយាយថា លោកសង្ឃឹមថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយទីភ្នាក់ងារសារព័ត៌មានយន់ហាប់៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )