ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ធ្វើទស្សនកិច្ចក្រុងដាម៉ាស់មុនកិច្ចប្រជុំត្រីភាគី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាម៉ាដ ចាវ៉ាដ ហ្សារីហ្វ ( Mohammad Javad Zarif ) បានទៅដល់រដ្ឋធានីដាម៉ាស់ កាលពីថ្ងៃចន្ទនេះ ដើម្បីធ្វើកិច្ចចរចាជាមួយប្រធានាធិបតីលោក បាសា អាល់ -អាសាដ ( Bashar al –Assad )នៅមុនកិច្ចប្រជុំត្រីភាគីមួយរវាងប្រទេសតួកគី , អ៊ីរ៉ង់ និងរុស្ស៊ី ស្តីពីស្ថានការណ៍ក្នុងប្រទេសស៊ីរីនៅថ្ងៃសុក្រ ។

ថ្លែងទៅកាន់អ្នកកាសែតពេលទៅដល់ លោក ហ្សារីហ្វ បាននិយាយថា ពួកសកម្មប្រយុទ្ធរបស់ គណៈកម្មាធិការរំដោះ Levant ( LLC ) ដែលក្រៅពីនេះ គេស្គាល់ថា​ ជា​រណសិរ្សនូស្រា ដែលមានទំនាក់ទំនងនឹងពួកអាល់ – កៃដា នោះ គប្បីចាកចេញពីខេត្តអ៊ីដលីប របស់ប្រទេសស៊ីរី ជាទីពំនាក់របស់ពួកឧទ្ទាមយ៉ាងសំខាន់ចុងក្រោយនៅក្នុងប្រទេសស៊ីរី ។

ទស្សនកិច្ចរបស់លោកធ្វើឡើងនៅពេលដែលប្រទេសតួកគី , អ៊ីរ៉ង់ និងរុស្ស៊ី កំណត់នឹងជួបប្រជុំគ្នាក្នុងទីក្រុងតេហេរ៉ង់ នៅថ្ងៃសុក្រ ដើម្បីធ្វើការពិភាក្សាគ្នាពីស្ថានការណ៍ស៊ីរី ជាពិសេសនៅក្នុងខេត្តអ៊ីដលីប ក្នុងប្រទេសស៊ីរីភាគពាយ័ព្យ ។

កងទ័ពស៊ីរី ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី បាននឹងកំពុងប្រមូលផ្តុំកម្លាំងដើម្បីបើកយុទ្ធនាការទ្រង់ទ្រាយធំមួយកម្ចាត់ក្រុមរ៉ាឌីកាល់ជ្រុលនេះនៅអ៊ីដលីប ។ តួនាទីរបស់ប្រទេសតួកគី គឺសំខាន់ ព្រោះថា ទីក្រុងអង់ការ៉ាមានឥទ្ធិពលដែលគួរឱ្យពិចារណាមួយ លើពួកឧទ្ទាមនៅអ៊ីដលីបនេះ ហើយកាលពីពេលថ្មីៗនេះ បានប្រកាសថា LLC ឬ រណសិរ្សនូស្រានេះ ជាអង្គការភេរវកម្មមួយ បន្ទាប់ពីបរាជ័យក្នុងការបញ្ចុះបញ្ចូលក្រុមនេះ ឱ្យរំលាយខ្លួនឯងនោះ ។

លោក ហ្សារីហ្វ បាននិយាយក្នុងក្រុងដាម៉ាស់ថា កិច្ចប្រជុំកំពូលដែលនឹងធ្វើក្នុងក្រុងតេហេរ៉ង់ នៅថ្ងៃសុក្រ និងពិភាក្សាគ្នានូវមធ្យោបាយក្នុងការប្រឈមមុខនឹងក្រុមជ្រុលនិយមនេះ ដែលរួមមានទាំង រណសិរ្សនូស្រាផង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )