ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម យន្ត មីន សំណេះសំណាលជាមួយមន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ  ព្រមទាំងបានលើកទឹកចិត្តដល់ចលនាការពារ អភិរក្សធនធានធម្មជាតិ សត្វព្រៃ និងសត្វសមុទ្រកម្រនៅក្នុងខេត្តព្រះសីហនុ ។
  

ឯកឧត្តម យន្ត មីន បានកោតសរសើរមន្រ្តីនៃមន្ទីរកសិកម្ម បានខិតខំបំពេញការងារជំនាញរបស់ខ្លួន ក្នុងចលនាបំផុស និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ មហាជនឱ្យចូលរួមថែរក្សា ការពារ និងអភិរក្សសត្វព្រៃ ឬសត្វសមុទ្រកម្រ ដូចជា សត្វអណ្តើកសមុទ្រជាដើម ។ 
     ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ផ្តោតការយកចិត្តទុកដាក់ក្នុងសកម្មភាពជួយបណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាកសិករលើការងារបង្កបង្កើនផលស្រូវ ចិញ្ចឹមសត្វ និងដាំដុះដំណាំចម្ការ ដូចជា បន្លែ ផ្លែឈើគ្មានសារធាតុគីមី ។  ធ្វើសកម្មភាពទប់ស្កាត់ការកាប់រានដីព្រៃលេចទឹករបស់រដ្ឋយកធ្វើជាកម្មសិទ្ធិ ទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេស គឺចលនាបណ្តុះបណ្តាលបច្ចេកទេសដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ឱ្យមានចំណេះដឹងផ្នែកកសិកម្ម ការងារបង្កបង្កើនផល ក៏ដូចជាការចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃកាន់តែប្រសើរឡើង។
    ឯកឧត្តម យន្ត មីន បន្តថា មន្ទីរកសិកម្ម ត្រូវសហការជាមួយប្រជាពលរដ្ឋនៅតាមសហគមន៍ ចូលរួមថែរក្សាការពារ និងអភិរក្សព្រៃកោងកាង និងចលនាមន្ត្រីរាជការ ប្រជាពល រដ្ឋពង្រីកផ្ទៃដីដាំដុះកោងកាងឱ្យកាន់តែច្រើនបន្តទៀត ព្រោះព្រៃកោងកាងជាប្រភពធនធានសម្រាប់មច្ឆាតិពង កូន និងជារបាំងការពារខ្សល់បានថែមទៀតផង៕

ដោយ ងូ សុមុនី