ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋមន្រ្ដីក្រសួងព័ត៌មានទទួលជួបពិភាក្សាការងារជាមួយលោកស្រី សេស៊ីល ម៉ាល់ទែន ឯកអគ្គរដ្ឋទូតសុឆន្ទៈ ទិវាសម្អាតពិភពលោក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសុឆន្ទៈ នៃទិវាសម្អាតពិភពលោក ជួបពិភាក្សាការងារទាក់ទងនឹងគម្រោងរៀបចំ ទិវាសម្អាតពិភពលោកនៅរាជធានីភ្នំពេញ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៨។

លោកស្រី សេស៊ីស ម៉ាល់ទែន បានបញ្ជាក់ថា ទិវាសម្អាតពិភពលោកនេះ ធ្វើឡើងក្នុងគោល បំណងឆ្លើយតបទៅនឹងការកើនឡើងនូវការបោះចោលសំរាមប្រហែល៤ពាន់លានតោននៅលើផ្ទៃដី ហើយក្នុងនោះសំរាមជាប្លាស្ទីកជាង៨លានតោន ត្រូវបានចាក់ចូលទៅមហាសមុទ្រ ជារៀងរាល់ឆ្នាំ។

លោកស្រីបានបន្ដថា ការបោះចោលសំរាម មិនបានត្រឹមត្រូវនេះ មិនត្រឹមតែ ធ្វើឱ្យខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំង បំផ្លាញនូវធនធានសម្រាប់ចិញ្ចឹមមនុស្សនៅលើ ភពផែនដីផងដែរ។ ទន្ទឹមនេះ ការប្រារព្ធទិវាសម្អាតពិភពលោក ធ្វើនៅកម្ពុជានាពេលខាងមុខ ជាការបំផុតឱ្យប្រជាជនគ្រប់វ័យឱ្យចូលរួមកាន់តែច្រើន ក្នុងសកម្មភាពសម្អាតទីក្រុង ទីកន្លែង ដែលខ្លួនរស់នៅ កន្លែងធ្វើការសាលារៀន វត្តអារាមជាដើម ដើម្បីឱ្យក្លាយទៅជាចលនា សង្គមមួយក្នុងការរក្សាភាពស្អាត។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានសម្ដែងនូវការគាំទ្រដល់ផែនការ និង សកម្មភាពដ៏ល្អ នៃទិវាសម្អាតពិភពលោកworld Clean Up Day 2018 ដើម្បីរួមគ្នាសម្អាត បរិស្ថាន ឱ្យបានស្អាតល្អ ទាំងនៅរាជធានីភ្នំពេញ តាមបណ្ដាខេត្ត និងគ្រប់ទីកន្លែងទាំងអស់ ពិសេសរួមគ្នាបំបាត់ការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិច។ ជាការចូលរួមចំណែកក្នុងកម្មវិធីនេះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានចូលរួមជាថវិកា ចំនួន១លានរៀលផងដែរ។

សូមបញ្ជាក់ថា ការប្រារព្ធ ទិវាសម្អាតពិភពលោក (World Clean Up Day) នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០១៨ ជាទិវាសម្អាតពិភពលោក ជាចលនាជាសាកលដោយផ្សារភ្ជាប់មនុស្ស និងស្ថាប័ន ក្នុងគោលដៅធ្វើឱ្យពិភពលោកស្អាតគ្មានសំរាម។ ទិវានេះ នឹងរៀបចំធ្វើនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានប្រទេសចំនួន១៥០ នៅជុំវិញពិភពលោក ដែលក្នុងនោះមនុស្សប្រហែល ៣៨០លាននាក់ ស្មើនឹង៥ភាគរយ នៃប្រជាជនសរុបទូទាំងពិភពលោកចូលរួមសកម្មភាព កន្លែងធ្វើការ គ្រឹះស្ថានសិក្សា និងទីសាធារណៈ។ ទិវានេះ ធ្វើឡើងក្នុងគោលបំណងឆ្លើយតប ទៅនឹងការកើនឡើងនៃការបោះចោលសំរាម ប្រហែល៤ពាន់លានតោន នៅលើផែនដី ហើយ ក្នុងនោះសំរាមជាប្លាស្ទិកជាង៨លានតោន ត្រូវបានចាក់ចូលទៅក្នុងមហាសមុទ្រជារៀងរាល់ ឆ្នាំ។ ការបោះចោលសំរាម មិនបានត្រឹមត្រូវនេះ មិនត្រឹមតែធ្វើឱ្យខូចបរិស្ថានប៉ុណ្ណោះទេ តែថែមទាំង បំផ្លាញនូវធនធានសម្រាប់ចិញ្ចឹមមនុស្សលើភពផែនដីផងដែរ។

ទាក់ទងនឹងទិវាសម្អាតពិភពលោកនេះដែរ រាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តខ្ពស់ ដោយ បានដាក់ចេញនូវយុទ្ធសាស្ត្រជាជំហានៗក្នុងការគ្រប់គ្រងសំរាម និងចាត់វិធានការក្នុងការកាត់ បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅទូទាំងប្រទស ពិសេសនៅទីក្រុង និងទីប្រជុំជន។ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវ ដល់ជនរួមជាតិទាំងអស់ចូលរួមគ្រប់គ្រងសំរាមដោយធ្វើសកម្មភាពជាក់ស្ដែង ទាំងអស់គ្នា ព្រោះសំរាមពិសេសថង់ប្លាស្ទិក ប្រអប់ស្នោ មិនបានត្រឹមត្រូវនេះ មិនត្រឹមតែធ្វើឱ្យខូចបរិស្ថាន ប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញនូវធនធានសម្រាប់ចិញ្ចឹមមនុស្សលើភពផែនដីផងដែរ។ នៅ ក្នុងឆ្នាំ២០១៧កន្លងទៅ ក្រសួងបរិស្ថាន បានរាយការាណ៍ថា ប្រទេសកម្ពុជា បានចាក់ចោល​សំរាមប្រមាណ១.៤២លានតោន ហើយ៦០ភាគរយ គ្រប់គ្រងមិនត្រឹមត្រូវ ក្នុងនោះ ១៥.៧៤ ភាគរយ ជាប្លាស្ទិកដែលអាចកប់ទៅក្នុងដី និងចូលទៅក្នុងទឹក។ ឆ្លើយតបទៅនឹងបញ្ហា ខាងលើ ប្រជាជនកម្ពុជាគ្រប់វ័យ ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមសកម្មភាពសម្អាត ទឹកដែល ខ្លួនរស់នៅ កន្លែងធ្វើការ ឬសិក្សារៀនសូត្រ ដើម្បីឱ្យក្លាយទៅជាចលនា សង្គមមួយក្នុងការ រក្សាភាពស្អាត។

ជាមួយគ្នានេះដែរ សកម្មភាពសាមញ្ញដែលអាចធ្វើបានគឺកាត់បន្ថយការប្រើប្រាស់ ផលិតផល ធ្វើពីប្លាស្ទិក កុំបោះបង់ចោលពាសវាលពាសកាលនូវសំរាមគ្រប់ប្រភេទ ចូលរួមសកម្មភាព សម្អាត និងរើសសំរាមដោយផ្ដើមចេញពីខ្លួនអ្នកផ្ទាល់ ចូលរួមផ្សព្វផ្សាយដល់ អ្នកនៅជុំវិញ ខ្លួនឱ្យរក្សានូវអនាម័យល្អកុំចោលសំរាម៕

ដោយ ម៉ៅ ចរិយា

រូបថត៖ ខឹម សុវណ្ណារ៉ា