ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទស្សនៈ ៖ ល្ខោនខោល និងវោហាសាស្រ្តជាតិនិយម

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ថ្មីៗនេះ ល្ខោនខោលបានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដែលត្រូវបានពិភាក្សាគ្នានៅលើបណ្តាញសង្គម ជាពិសេសនៅក្នុងហ្វេសប៊ុក បន្ទាប់ពីបានដឹងថា គណៈកម្មាធិការយូណេស្កូនឹងពិនិត្យមើលសំណើសម្រាប់បញ្ជីការពារបន្ទាន់ ឬបញ្ជីតំណាង ពាក្យសុំចុះបញ្ជីការអនុវត្តការការពារល្អបំផុត និងសំណើសុំជំនួយអន្តរជាតិជាង១០០.០០០ដុល្លារអាម៉េរិក នៅសម័យប្រជុំលើកទី១៣ របស់ខ្លួន ក្នុងកំឡុងខែវិច្ឆិកា ឬ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ  ដែលក្នុងនោះល្ខោនខោលរបស់កម្ពុជា ត្រូវបានស្នើទៅអង្គការយូណេស្កូ សម្រាប់ការដាក់បញ្ចូលទៅក្នុងបញ្ជីការពារបន្ទាន់ ចំណែកឯខនរបស់ថៃ ទៅក្នុងបញ្ជីតំណាង។

យោងទៅតាមបញ្ជីឯកសារដែលនឹងត្រូវពិនិត្យសម្រាប់ឆ្នាំ២០១៨ របស់អង្គការយូណេស្កូ បានឱ្យដឹងថា ប្រទេសកម្ពុជាបានស្នើដាក់ល្ខោនខោល វត្តស្វាយអណ្តែត បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលជាបញ្ជីការពារជាបន្ទាន់ ខណៈដែលប្រទេសថៃបានស្នើដាក់ខន ដែលជារបាំបិទមុខ ទៅក្នុងបញ្ជីតំណាង (សូមមើល https://ich.unesco.org/en/files-2018-under-process-00913)។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ នៃប្រទេសកម្ពុជាបានប្រកាសថា ឯកសារស្តីពីល្ខោនខោលត្រូវបានបញ្ជូនទៅអង្គការយូណេស្កូកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ហើយបានទទួលការឆ្លើយតបជាផ្លូវការពីយូណេស្កូនៅរសៀលថ្ងៃដដែល។

ការដាក់បញ្ចូលល្ខោនខោលរបស់កម្ពុជា ឬខនរបស់ថៃទៅក្នុងបញ្ជី ដែលនឹងត្រូវពិនិត្យដោយអង្គការយូណេស្កូនៅចុងឆ្នាំ២០១៨នេះ បានបង្កើតឱ្យមានការបញ្ចេញមតិយោបល់បែបជាតិនិយមយ៉ាងច្រើនក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ ដោយបាន ចោទប្រកាន់គ្នាទៅវិញទៅមកពីការលួចកេរ្តិ៍ដំណែលវប្បធម៌ និងការប្រកួតប្រជែងសម្រាប់ភាពជាម្ចាស់នៃរបាំមួយនេះ។​អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួននៅកម្ពុជាបានអះអាងដោយកំហឹងថា ខនរបស់ថៃបានយកទម្រង់តាមល្ខោនខោលខ្មែរ និងបានបន្ទោសទៅលើរាជរដ្ឋាភិបាលកម្ពុជាដែលហាក់មិនសូវអើពើចំពោះការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌នេះ។

ចំពោះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមថៃវិញ ហាក់ដូចជាជាតិនិយម និងមានមោទនភាពលើខ្លួនឯងណាស់ ដោយពួកគេបានអះអាងថា របាំនេះគឺជា កម្មសិទ្ធិផ្តាច់មុខ និងរក្សាសិទ្ធិដោយប្រទេសថៃ មិនមែនរបស់កម្ពុជានោះទេ។ ប្រជាជនកម្ពុជាដែលខឹងសម្បារ បានប្រកែកថា​ របាំនេះ គឺជាផ្នែកមួយនៃវប្បធម៌ខ្មែរ ខណៈដែលជនជាតិថៃអះអាងថា វាមានប្រភពដើមនៅក្នុងប្រទេសរបស់ខ្លួន។

ល្ខោនខោលរបស់កម្ពុជា គឺជារបាំ-ល្ខោន ដែលផ្អែកទៅលើរឿង រាមកេរ្តិ៍ ចំណែកឯកំណាព្យខ្មែរ​ផ្អែកលើរឿងរាមាយណៈក្នុងភាសាសំស្ក្រឹត ហើយខនរបស់ថៃ ត្រូវបានគេជឿថា មានប្រភពចេញមកពីល្ខោនខោលខ្មែរ។ ការសម្តែងល្ខោនខោលខ្មែរ ត្រូវបានលួចយកក្នុងអំឡុង ពេលឈ្លានពានរបស់ថៃ និងត្រូវបាននាំយកទៅប្រទេសថៃដើម្បីសម្តែងនៅក្នុងរាជវាំង។ ទម្រង់នៃរបាំខន របស់ថៃប្រហែលជាបានអភិវឌ្ឍចេញពីល្ខោនខោលដែលត្រូវបានលួចយកទៅនេះ។

យោងតាមប្រវត្តិសាស្រ្ត ប្រទេសកម្ពុជា គឺជាអាណាចក្រដ៏អស្ចារ្យមួយនៅពេលដែលប្រទេសថៃ មិនទាន់បានក្លាយជារដ្ឋមកម៉្លេះ ហើយទឹកដីរបស់ប្រទេសថៃសព្វថ្ងៃ គឺជាផ្នែកមួយនៃអតីតអាណាចក្រខ្មែរផងដែរ។ ថៃបានបំបែកខ្លួនពីកម្ពុជាក្នុងសតវត្សរ៍ទី១៣ ហើយបានក្លាយជារដ្ឋមួយ តាំងពីពេលនោះមក។ វប្បធម៌ និងប្រពៃណីខ្លះរបស់ថៃមានប្រភពចេញពីប្រទេសកម្ពុជា។

របាំខនរបស់ថៃ គឺមានភាពស្រដៀងខ្លាំងទៅនឹងល្ខោនខោលខ្មែរ។ របាំទាំងពីរផ្អែកទៅលើកំណាព្យឥណ្ឌា រឿងរាមាយណៈ ហើយមានលក្ខណៈពិសេស គឺការពាក់របាំងមុខនៅក្នុងការសម្តែង ជាមួយនឹងសម្លៀកបំពាក់ប្រណិត ដោយរៀបរាប់សាច់រឿងតាមរយៈការរាំ កាយវិការ និងការញាក់មុខមាត់។ របាំទាំងពីរនេះមានភាពស្រដៀងគ្នា ប៉ុន្តែក៏មានភាពខុសគ្នាគួរឱ្យកត់សម្គាល់ផងដែរ។

ប្រជាជននៃប្រទេសទាំងពីរគួរតែយល់ថា ប្រទេសកម្ពុជា និងថៃ មានភាពដូចគ្នាច្រើន និងគួរឈ្វេងយល់ពីវប្បធម៌គ្នាទៅវិញទៅមក នោះនឹងមិនមានជម្លោះលើបញ្ហាវប្បធម៌ទេ។ យើងមិនអាចរារាំងប្រទេសផ្សេងមិនឱ្យមានវប្បធម៌ស្រដៀងគ្នានឹងវប្បធម៌ប្រទេសយើងបានទេ វាដូច ជាយើងមិនអាចរារាំងមនុស្សផ្សេងទៀតមិនឱ្យស្លៀកសម្លៀកបំពាក់ដូចគ្នានឹងយើងដែរ។

ការអប់រំអំពីប្រវត្តិសាស្រ្តពិតប្រាកដ និងវប្បធម៌នៃសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ ក្នុងសម័យសកលភាវូបនីយកម្ម។ ការអប់រំមនុស្សជំនាន់ក្រោយឱ្យមានការរើសអើង និងជាតិនិយមជ្រុល ព្រមទាំងបំភ្លៃប្រវត្តិសាស្ត្រ នឹងបង្កើតអរិភាព និងភាពស្អប់ខ្ពើមក្នុងចំណោមប្រជាជនប្រទេសជិតខាង និងសហគមន៍ដែលគ្មានភាពចុះសម្រុងគ្នា។

សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកម្ពុជាដែលស្នេហាជាតិ និងស្រឡាញ់វប្បធម៌ អ្វីដែលត្រូវធ្វើដើម្បីការពារ និងថែរក្សាវប្បធម៌របស់យើង មិនមែនត្រឹមតែផ្លាស់ប្តូររូបភាពហ្វេសប៊ុករបស់អ្នកដើម្បីគាំទ្រល្ខោនខោលខ្មែរ និយាយឥតឈប់ឈរ ហើយបន្ទោសរដ្ឋាភិបាល ចំពោះរឿងនេះទេ ប៉ុន្តែអ្នកត្រូវតែធ្វើវាដោយខ្លួនអ្នកផ្ទាល់ ដោយត្រូវសិក្សា និងយល់ដឹងអំពីវប្បធម៌ និងគាំទ្រការសម្ដែងរបាំនេះ។ ប្រសិនបើអ្នកមិនមានចំណេះដឹង ជ្រៅជ្រះអំពីវប្បធម៌របស់យើង តើអ្នកអាចការពារវប្បធម៌របស់យើងបានយ៉ាងដូចម្តេច? កុំគ្រាន់តែនិយាយ​ តែត្រូវធ្វើផង។

ចំពោះរដ្ឋាភិបាល និងប្រជាជនថៃ អ្នកមិនគួរបំភ្លៃប្រវត្តិសាស្រ្តបំភ័ន្តមនុស្សជំនាន់ក្រោយទេ អ្នកគួរតែទទួលស្គាល់ការពិត និងអប់រំ ប្រជាជនឱ្យគោរពសេចក្តីថ្លៃថ្នូរ និងវប្បធម៌របស់ប្រទេសជិតខាង ព្រមទាំងលើកកម្ពស់វប្បធម៌សន្តិភាព និងសហគមន៍ដែលប្រកបដោយភាពសុខដុមរមនា។

គួរកត់សម្គាល់ថា យោងទៅតាមគោលការណ៍ និងនីតិវិធីរបស់អង្គការយូណេស្កូ រាល់ឯកសារនីមួយៗនឹងត្រូវពិនិត្យ និងវាយតម្លៃជាច្រើនលើកច្រើនសារដោយក្រុមអ្នកជំនាញអន្តរជាតិ មុននឹងបញ្ជូនទៅសុំការអនុម័តនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល របស់អង្គការយូណេស្កូ ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំ២០១៨នេះ៕

ដោយ បណ្ឌិត គិន ភា​​  ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា នៃរាជបណ្ឌិត្យកម្ពុជា

(បកប្រែដោយ យា ចិន្តាខន្តី)