ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ការប្រកួតបាល់ទាត់ Khmer Real Estate League ២០១៨បញ្ចប់ជាស្ថាពរដោយក្រុម AVATAR FC ជាអ្នកគ្រងជើងឯក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ព្រឹត្តិការណ៍កីឡាបាល់ទាត់ពាក់កណ្តាលអាជីព Khmer Real Estate League​ រដូវកាល ២០១៨ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុម AVATAR FC ជាអ្នកគ្រងម្ចាស់ជើងឯក ក្រោយ ពីក្រុម១នេះរកបាន៣ពិន្ទុបន្ថែមពីក្រុមយុវជនកំពង់ចាម ដោយលទ្ធផលដ៏ស្វិតស្វាញ ១-០ នា ប្រកួតបញ្ចប់ចុងក្រោយ១៩ប្រកួត សប្តាហ៍ទី១៩ កាលពីចុងសប្តាហ៍កន្លងទៅ នៅទីលាន ដុនបូស្កូ ខណៈក្រុម Khmer United បានត្រឹមជើងឯករង និងក្រុមលេខ៣បានទៅក្រុម Bayon Wanderers។

ក្រុម AVATAR FC ដែលឈ្នះជើងឯកនេះបន្ទាប់ពីសម្រេចក្នុង១៩ប្រកួត ឈ្នះ១៦ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៥០ពិន្ទុ ខណៈក្រុមជើងឯករងបានទៅលើក្រុម Khmer United បន្ទាប់ពីឆ្លងកាត់១៩ប្រកួត ឈ្នះ១៥ប្រកួត និងស្មើ៤ប្រកួត មាន៤៩ពិន្ទុ និងក្រុម ចំណាត់ថ្នាក់លេខ៣បានទៅលើក្រុម Bayon Wanderers ដែលមាន៤៦ពិន្ទុ ឈ្នះ១៥ប្រកួត ស្មើ១ប្រកួត និងចាញ់៣ប្រកួត។

ដោយឡែកសម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Khmer Real Estate Cup នៃព្រឹត្តិការណ៍ នេះគឺក្រុម ដែលមានចំណាត់ថ្នាក់លេខ២ ដល់លេខ៥ ចេញពីលីគ គឺក្រុម Khmer United នឹងត្រូវប្រកួតជាមួយក្រុម Blue Dragon និងក្រុម Bayon Wanderers នឹងត្រូវប្រកួតជាមួយ Riel Phnom Penh នាថ្ងៃទី៩ ខែកញ្ញា សម្រាប់វគ្គ Play-Off ហើយ២ក្រុមដែលឈ្នះៗ នឹងត្រូវបន្តទៅ១ប្រកួតចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃអាទិត្យ ទី១៦ ខែ កញ្ញា ដើម្បី ដណ្តើមពានរង្វាន់ Khmer Real Estate Cup ហើយនៅថ្ងៃដដែលនោះ បន្ទាប់ពីការប្រកួត បញ្ចប់នឹង ត្រូវធ្វើពិធីបំពាក់មេដាយ និងប្រគល់ពានរង្វាន់បិទរដូវកាលតែម្តង។

ព្រឹត្តិការណ៍បាល់ទាត់ Khmer Real Estate League ត្រូវបានរៀបចំដោយក្រុមហ៊ុន អចលទ្រព្យ Khmer Real Estate ដែលមានស្ថាបនិក គឺលោកបណ្ឌិត គីម ហ៊ាង និងជា អគ្គនាយកក្រុមហ៊ុន Khmer Real Estate ដែលបានចំណាយធនធានថវិកាជាច្រើនអស់ រយៈពេល៧រដូវកាលមកហើយជាមួយនឹងការស្រឡាញ់ និងចង់ រួមចំណែកអភិវឌ្ឍន៍វិស័យ កីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនជាមួយនឹងឆន្ទៈខ្ពស់ ក្នុងការបង្កើននូវ សុខភាព មិត្តភាព និងសាមគ្គីភាព ព្រមទាំងស្វែងរកថវិកាបរិច្ចាគទៅកាន់កិច្ចការសង្គម និងសប្បុរស ធម៌ តាម រយៈផ្តល់ជូនដល់មន្ទីរពេទ្យ គន្ធបុប្ជា៕

ដោយ ហេង ណាលីន