ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមនគរបាលជាតិ និងក្រុមក្រសួងការពារជាតិ ឡើងទៅប្រជែងជើងឯក ពានរង្វាន់ សម្តេចតេជោ ២០១៨

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមក្រសួងការជាតិ ត្រូវឡើងទៅប្រជែងម្ចាស់ តំណែងជើងឯក ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០១៨ នាដើមខែតុលាខាងមុខ ក្រោយពីក្រុមទាំងពីរបានយកឈ្នះលើគូប្រកួតរៀងៗខ្លួន នៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី០១ និងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡ ដ្ឋានជាតិ។

ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ គឺក្រោយពេលយក ឈ្នះក្រុម អង្គរថាយហ្គឺរ ដោយលទ្ធផលបច្ចេកទេស ២ទល់០។ ២គ្រាប់ជ័យជម្នះរបស់ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើសម្រេចដោយ កីឡាករ នួន បូរី នៅនាទីទី៣២ និងកីឡាករ លន់ ចំរើន រកបានគ្រាប់ទី២ នៅនាទីទី៧២។ ក្រុមអគ្គស្នង ការដ្ឋាននគរបាល ជាតិ​ធ្លាប់បានគ្រងម្ចាស់តំណែងជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីរដូវ កាល ឆ្នាំ២០១៤កន្លងទៅ បន្ទាប់ពីបានយកឈ្នះលើក្រុមបៀលប្រាយយូណាយធីត នៅវគ្គផ្តាច់ព្រ័ត្រ ២-០។

ដោយឡែកក្រុមក្រសួងការពារជាតិ ដែលយកឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺក្រោយពី បានយកឈ្នះលើក្រុមណាហ្គាវើល ដោយលទ្ធផល ៣ទល់១ នៅ​ម៉ោង​បន្ថែម​១៥នាទី​២ដង។ កីឡាករ​ ញឹម​ សុវណ្ណារ៉ា​ របស់ណាហ្គាវើលជាអ្នករកបាន១គ្រាប់នាំមុខ មុនលើគូប្រកួត តាំងតែនាទីទី៩​ ប៉ុន្តែនៅនាទី៣១ កីឡាករ សុខ​ ហៀង​ របស់​ក្រសួងការពារ​ជាតិ​ធ្វើសម្រេចតាមស្មើវិញ ដោយលទ្ធផលស្មើគ្នា ១ទល់១នេះ រក្សាបានរហូតដល់បញ្ចប់ការ ប្រកួត៩០នាទី។

ប៉ុន្តែនៅក្នុងម៉ោងបន្ថែម១៥នាទី២ដង កីឡាករ ស​ ពិសិដ្ឋ​ និង កីឡាករ​ ឈិន​ ឈឿន​ របស់ក្រសួងការពារជាតិ ធ្វើសម្រេចគ្រាប់ទី២ និងគ្រាប់ទី៣​ នៅ​នាទី​១១៧ ហើយជ័យជម្នះនេះបានធ្វើឱ្យក្រុមក្រសួងការពារជាតិនឹងត្រូវឡើងទៅប៉ះជាមួយ អគ្គស្នងការ ដ្ឋាននគរបាលជាតិ នៅ វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើង​ឯកពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៦ ខែតុលា ខាងមុខ៕

ដោយ ហេង ណាលីន