ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងទេសចរណ៍៖ នៅឆ្នាំ២០៣០ កម្ពុជាត្រូវការសណ្ឋាគារជាង ១០ម៉ឺនបន្ទប់ នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបាន ភ្ញៀវអន្តរជាតិប្រមាណ ៦,២លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបានទេសចរអន្តរជាតិប្រមាណ១៥លាននាក់ និងភ្ញៀវទេស ចរជាតិប្រមាណជា១៣លាននាក់។

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ បានសរសេរថា ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរនេះ កម្ពុជាត្រូវការសណ្ឋាគារប្រមាណជាង១០ម៉ឺន បន្ទប់ ក្នុងនោះសណ្ឋាគារប្រណិតលំដាប់ ផ្កាយ៤ និងផ្កាយ៥ មានប្រមាណជា៦០ភាគរយ ស្មើប្រមាណ៦ម៉ឺនបន្ទប់នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តព្រះសីហនុត្រូវការបន្ទប់ សណ្ឋាគារជាង៣ម៉ឺនបន្ទប់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកំណើនភ្ញៀវទេសចរ អន្តរជាតិប្រមាណ២លាននាក់ និងភ្ញៀវទេសចរ ជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការព្យាករណ៍នេះ ដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍មកពីអគ្គនាយកដ្ឋានវិទ្យុ ភាពយន្ត និងទូរទស្សន៍ចិន ខណៈដែលឯកឧត្តមអញ្ជើញចូលរួមនៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការថតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារព្រីនស៍ថាម ខេត្តព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក លី មីន អគ្គនាយកក្រុមហ៊ុនព្រិន្ទស៍រៀលអេស្ទត(ខេមបូឌា)គ្រុប ព្រមទាំងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងផ្នែកជនក្នុងវិស័យទេសចរណ៍នៅខេត្តព្រះសីហនុផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបង្ហាញពីការគាំទ្រចំពោះគម្រោងវិនិយោគលើវិស័យ ទេសចរណ៍ និងអំពាវនាវឱ្យមានការវិនិយោគបន្ថែមទៀតប្រកបដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នានបរិស្ថាន និងគោលការណ៍ការណែ នាំរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរ និងនិរន្តរភាពទេសចរណ៍នាពេលបច្ចុប្បន្ន និងពេលអនាគត។

ទន្ទឹមនឹងនោះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនព្រិន្ទ ស៍រៀលអ៊ីស្ទេត (ខេមបូឌា)គ្រុប ដែលបានធ្វើការវិនិយោគសណ្ឋាគារប្រណិតលំដាប់ អន្តរជាតិមួយនេះ ដែលមាន ១៩២បន្ទប់ ដោយមានការគិតគូរយ៉ាងម៉ត់ចត់ ដល់កិច្ចការពារបរិស្ថាន និងគម្រោងល្អៗដទៃ ទៀតរបស់ក្រុមហ៊ុននេះនៅខេត្តព្រះសីហនុ។

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានកោតសរសើរ ដល់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត ដែលបានផ្តួចផ្តើមគំនិត ការផលិតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” ដែលអាចជួយដល់ការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារ ពិភពលោកផងដែរ៕

ដោយ សាយ​ សុន