ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងបរិស្ថានរៀបចំវគ្គផ្សព្វផ្សាយការអនុវត្ត ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — នៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថានមានរៀបចំ វគ្គផ្សព្វផ្សាយការអនុវត្ត ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន នៅកម្ពុជា ក្រោមអធិបតី ភាពឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

យោងលើអត្ថបទព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងថា វគ្គផ្សព្វផ្សាយការអនុវត្ត ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូននៅ កម្ពុជា មានការអញ្ជើញចូលរួមពីមន្រ្តីរាជការនៃក្រសួងបិស្ថាន និងយុវជននៃសហភាព សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសពិធីបើកអង្គសិក្ខាសាលានេះ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សិក្ខាសាលានៅព្រឹកនេះពិតជាមានសារៈសំខាន់ សម្រាប់យើង អស់គ្នា ស្របពេលដែលប្រទេស ១៩៧ ជាប្រទេសហត្ថលេខីនៃពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូនកំពុងប្រារព្ធដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយមានកិច្ចខិតខំប្រឹងប្រែងពីប្រជាពលរដ្ឋទូទាំងពិភពលោក តាមរយៈការចូលរួម អនុវត្តន៍នោះរួមមាន៖

១. ការប្រារព្ធទិវាអូហ្សូនពីភពលោក ១៦កញ្ញាជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩៥ ដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបចំណេះដឹងពីសារៈប្រយោជន៍នៃ ស្រទាប់អូហ្សូន និងសារធាតុបំផ្លាញស្រទាប់អូហ្សូន។

២. អនុសញ្ញាវីយ៉េន ស្តីពីកិច្ចការពារ ស្រទាប់អូហ្សូន តាំងពីឆ្នាំ១៩៨៥។

៣. ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន តាំងពីឆ្នាំ ១៩៨៧ ពិភពលោកយើងទទួលបានជោគជ័យជា ប្រវត្តិសាស្រ្តដោយកាត់ បន្ថយការធ្លុះធ្លាយស្រទាប់អូហ្សូនពីជាង ២៦លានគីឡូម៉ែតក្រឡា មកនៅត្រឹមប្រមាណ ១៦លានគីឡូម៉ែត្រក្រឡា នៅឆ្នាំ២០១៧ ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានជម្រាបជូននូវសារធាតុបំផ្លាញស្រទាប់អូហ្សូន ជាច្រើនប្រភេទដែលយើងកំពុងប្រើប្រាស់ដោយមិនដឹងខ្លួនតាមរយៈបរិក្ខារម៉ាស៊ីន និងថ្នាំកសិកម្មនានា នៅក្នុងនោះឯកឧត្តមក៏បានបំផុស និងលើកទឹកចិត្តឱ្យយុវជន កម្ពុជាដែលមានជំនាញរួមគ្នារិះរកនូវគំនិតច្នៃប្រឌិតរកនូវសារធាតុជំនួស ឱ្យសារធាតុនានាដែលបំផ្លាញស្រទាប់អូហ្សូន ដើម្បីរួមគ្នាថែរក្សាស្រទាប់អូហ្សូន រក្សាបរិយាកាស រក្សាតុល្យភាពជីវៈចម្រុះគ្រប់ប្រភេទលើភពផែនដីយើង។

នៅឆ្នាំនេះទិវាអូហ្សូនពិភពលោក១៦ កញ្ញា ២០១៨ ប្រព្រឹត្តទៅក្រោមប្រធានបទ “ថែភពផែនដីឱ្យត្រជាក់ និងបន្តអនុវត្តន៍ការពារស្រទាប់អូហ្សូន និងបរិយាកាសរបស់ យើងក្នុងទិវាអូហ្សូនពិភពលោក” ដូចនេះយើង និងបន្តអនុវត្ដន៍ពិធីសារម៉ុងរ៉េអាល់ ដើម្បីបន្តចូលរួមអនុវត្តន៍វិសោធនកម្មទីក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំភាគីនៃពិធីសារម៉ុងរ៉អាល់នាឆ្នាំ២០១៦ នៅប្រទេស រ វ៉ាន់ដា និងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដាក់ឱ្យ ត្រួតពិនិត្យការផលិត ការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs)។

ស្រទាប់អូហ្សូនត្រូវ បានគេរកឃើញក្នុងសុញ្ញាកាសចន្លោះពី ១៦ ទៅ ៥០ គីឡូម៉ែត្រ ពីផែនដី អូហ្សូនកកើតឡើងពីអាតូមអ៊ុកស៊ីសែនចំនួន៣ (03) និងជួយការពារខ្លួនយើងពី រលក កាំរស្មីពណ៌ស្វាយ(UV)ពីព្រះអាទិត្យ។ ការបាត់បង់ស្រទាប់អូហ្សូននឹងធ្វើឱ្យ មានការកើនឡើង កាំរស្មីពណ៌ស្វាយមកលើផែនដី ដែលនាំឱ្យកើននូវសម្ពាធ មកលើស្បែក និងប្រព័ន្ធ ការពារ ដែលធ្វើមានឥទ្ធិពលមិនល្អ មកលើរាងកាយមនុស្ស រុក្ខជាតិ សត្វ និងវត្ថុប្រើប្រាស់ផ្សេងៗនិងឆាប់ទ្រុឌទ្រោម។

គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកនៃអនុសញ្ញាទីក្រុង វីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុ បំផ្លាញ ស្រទាប់អូហ្សូន នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០០១ និងបាន រៀបចំ និងអនុវត្ដន៍នូវកម្មវិធីជាតិ និងផែនការមួយចំនួន ក្នុងការគ្រប់គ្រង លុបបំបាត់ សារធាតុបំផ្លាញស្រទាប់អូហ្សូននៅព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាយើងបានលុបបំបាត់ ទាំងស្រុងសារធាតុ CFC ក្លរួភ្លុយអររ៉ូកាបូន នាឆ្នាំ ២០១០ ហើយ បច្ចុប្បន្នយើងកំពុងអនុវត្តន៍ផែនការលុបបំបាត់សារធាតុ ហាយដ្រូផ្លុយអររ៉ូកាបូន HCFC ដែលជាសារធាតុ មានសក្តានុពលធ្វើឱ្យកើនឡើងកំដៅផែនដីខ្ពស់ ជាងឧស្ម័នកាបូនិករហូតដល់ជាង១០០០-១ ៣០០០ដង ឱ្យបាននៅឆ្នាំ ២០៤០ខាងមុខ៕

ដោយ ពេជ្រ ណារិទ្ធ