ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រាជរដ្ឋាភិបាលកម្ពុជាស្នើឱ្យភាគីពាក់ព័ន្ធចូលរួមថែរក្សាស្រទាប់អូហ្សូន

វិទ្យុជាតិកម្ពុជា៖ ដោយលោក វ៉ាង ភក្តី៖

រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យភាគីពាក់ព័ន្ធចូលរួមថែរក្សាស្រទាប់អូហ្សូន ខណៈកំដៅនៃភពផែនដីចេះតែមានការកើនឡើង។

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ការធ្លុះធ្លាយស្រទាប់អូហ្សូនបណ្តាលមកពីការបញ្ចេញសារធាតុគីមីដែលមានផ្ទុកសារធាតុក្លរ និងប្រូម ទៅបំផ្លាញស្រទាប់អូហ្សូន នឹងបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាពមនុស្ស សត្វ និងបរិស្ថានដូចជាបណ្តាលឱ្យកើតជំងឺមហារីកស្បែក ភ្នែកឡើងបាយ ជាដើម។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តពិធីសារម៉ុងរ៉េអាល់នៅកម្ពុជា នាទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ឯកឧត្តម អ៊ាង សុផល្លែត បានបំផុស និងលើកទឹកចិត្តឱ្យយុវជនកម្ពុជាដែលមានជំនាញ រួមគ្នារិះរកគំនិតច្នៃប្រឌិតនូវសារធាតុជំនួសឱ្យសារធាតុនានា ដែលបំផ្លាញស្រទាប់អូហ្សូន ដើម្បីរួមគ្នាថែរក្សាស្រទាប់អូហ្សូន រក្សាបរិយាកាស រក្សាតុល្យភាពជីវៈចម្រុះគ្រប់ប្រភេទលើភពផែនដី។

ការសិក្សាមួយបានរកឃើញថា ការបាត់បង់ស្រទាប់អូហ្សូននឹងធ្វើឱ្យមានការកើនឡើងកាំរស្មីពណ៌ស្វាយមកលើផែនដី ដែលនាំឱ្យកើននូវសម្ពាធមកលើស្បែក និងប្រព័ន្ធការពារ ដែលធ្វើមានឥទ្ធិពលមិនល្អមកលើរាងកាយមនុស្ស រុក្ខជាតិ សត្វ និងវត្ថុប្រើប្រាស់ផ្សេងៗនឹងឆាប់ទ្រុឌទ្រោម។

ឯកឧត្តម ហេង ណារ៉េត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ពន្យល់ថា សាធាតុបំផ្លាញស្រទាប់អូហ្សូនជាច្រើនប្រភេទ បាននឹងកំពុងប្រើប្រាស់ដោយមិនដឹងខ្លួន តាមរយៈបរិក្ខាម៉ាស៊ីន និងថ្នាំកសិកម្មនានា ជាពិសេសសារធាតុក្លរួភ្លុយអររ៉ូកាបូន(CFC) និងសារធាតុហាយដ្រូផ្លុយអររ៉ូកាបូន(HCFC) មានសក្តានុពលធ្វើឱ្យកើនឡើងកំដៅផែនដីខ្ពស់ជាងឧស្ម័នកាបូន។

កម្ពុជាចូលជាសមាជិកនៃអនុសញ្ញាទីក្រុង វីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅឆ្នាំ២០០១ និងបានរៀបចំអនុវត្ដកម្មវិធីជាតិ និង ផែនការមួយចំនួនក្នុងការគ្រប់គ្រង លុបបំបាត់ សារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ដោយបានលុបបំបាត់ទាំងស្រុងសារធាតុក្លរួភ្លុយអររ៉ូកាបូននៅឆ្នាំ២០១០ និងកំពុងអនុវត្តន៍ផែនការលុបបំបាត់សារធាតុ ហាយដ្រូផ្លុយអររ៉ូកាបូន ដែលមានសក្តានុពលធ្វើឱ្យកើនឡើងកំដៅផែនដីខ្ពស់ជាងឧស្ម័នកាបូឱ្យបាននៅឆ្នាំ២០៤០ខាងមុខ៕