ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រទេសប្រេស៊ីលផ្តល់ថវិកាប្រមាណ១.២ប៊ីលានដុល្លារអាមេរិក​ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអ៊ីរ៉ង់

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — ទីភ្នាក់ងារសាព័ត៌មាន Tasnim បានរាយការណ៍ថា ​ឯកអគ្គរដ្ឋទូតប្រេស៊ីល ប្រចាំនៅ​ទីក្រុងតេអេរ៉ង់ បាននិយាយនៅទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីលបានផ្តល់​ថវិកា​ប្រមាណ ១.២ប៊ីលានដុល្លារអាមេរិក​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ជា​មួយ​ប្រទេសអ៊ីរ៉ង់។

លោក Rodrigo de Azeredo Santos បានប្រកាសថា ប្រទេសប្រេស៊ីល គឺត្រៀមខ្លួន​រួចជាស្រេច ក្នុងការបន្តកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច​ជាមួយទីក្រុងតេអេរ៉ង់ដូចពេលមុន បន្ទាប់ពីការដាក់ទណ្ឌកម្ម ផ្នែកឋាមពល និងធនាគារ គឺបានកើតឡើងវិញ ទៅលើសាធារណៈ​អ៊ីស្លាមមួយនេះ កាលពីខែវិច្ឆិកាកន្លងទៅ។

លោក Santos​ បានធ្វើការកត់សម្គាល់បែបនេះ នៅឯកិច្ចប្រជុំមួយ ដែលបានចូលរួម​ដោយប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-ប្រេស៊ីល លោក Kaveh Zargaran និងពួកមន្រ្តីថ្នាក់​កំពូលៗ​មួយចំនួនផ្សេងទៀត​នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។

លោកបាននិយាយថា បណ្តាញឥណទាននេះ នឹងត្រូវបានគេបើក​ដោយធនាគារ​អភិវឌ្ឍន៍ប្រេស៊ីល ដោយបន្ថែមថា ពួកមន្រ្តីប្រេស៊ីល និងភាគីអ៊ីរ៉ង់ ​គឺកំពុងចរចាគ្នា​ដើម្បីអនុវត្ត​កិច្ចព្រមព្រៀងនេះ។ កាលពីខែមិថុនាកន្លងទៅ សហភាពអឺរ៉ុប បានផ្តល់នូវជំនួយប្រមាណ ៨០ ប៊ីលាន​ដុល្លារមួយ ក្នុងការផ្លល់ជាប្រាក់កម្ចី ដល់សហគ្រាសខ្នាតតូច និងមធ្យម​ក្នុងការធ្វើពាណិជ្ជកម្ម​ជាមួយប្រទេសអ៊ីរ៉ង់។

លោក Mohammad-Hossein Adeli អតីតអគ្គលេខាធិការ នៃវេទិកាបណ្តាប្រទេសនាំ​ចេញឧស្ម័នបាននិយាយថា ពួកអាជ្ញាធរអឺរ៉ុប​បានចាប់អារម្មណ៍នៅក្នុងការតស៊ូនឹងការរឹតបន្តឹង​របស់អាមេរិក លើកិច្ចសហប្រតិបត្តិការនៃបណ្តាប្រទេសអឺរ៉ុបនានា ជាមួយប្រទេសអ៊ីរ៉ង់។

តាមលោក Adeli ដែលជាអ្នកធ្លាប់បានគ្រប់គ្រងធនាគារកណ្តាលអ៊ីរ៉ង់ ចាប់ពីឆ្នាំ ១៩៨៩ រហូតមកដល់ឆ្នាំ​១៩៩៤បានឱ្យដឹងថា បណ្តាក្រុមកហ៊ុនអ៊ីរ៉ង់ គួរតែដាក់ពាក់សុំប្រាក់​កម្ចី និងថវិកាផងដែរពីមូលនិធិនេះ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក មាស សំអុល )