ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ទីក្រុងសេអ៊ូលនឹងរៀបចំវេទិកាស្តីអំពីគុណភាពខ្យល់ ជាមួយបណ្តាប្រទេសអាស៊ីដែលនៅជិតខាង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — មន្រ្តីរបស់ខ្លួនមួយរូបបាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលទីក្រុងសេអ៊ូល​គ្រោងនឹង​ធ្វើជាម្ចាស់ផ្ទះ នៃវេទិកាស្តីអំពីគុណភាពខ្យល់ក្នុងតំបន់មួយ ជាមួយសមភាគីអាស៊ីរបស់ខ្លួននាសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នាពីមធ្យោបាយនានាក្នុងការដោះស្រាយឱ្យកាន់តែប្រសើរឡើង​នូវលក្ខខ័ណ្ឌខ្យល់អាកាសដែលកាន់តែអាក្រក់ទាំងនោះ ដោយរួមបញ្ចូលទាំង​បញ្ហាធូលីដី​ផងដែរ។

តាមរដ្ឋាភិបាលក្រុងសេអ៊ូលបានឱ្យដឹងថា វេទិកាអាស៊ីភាគឦសានលើកទី៨ ស្តីអំពី​ការធ្វើឱ្យប្រសើរឡើងនូវគុណភាពខ្យល់​នឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារស្អែកនេះ សម្រាប់រយៈពេល​ពីរថ្ងៃ នៅឯសាលរដ្ឋធានីក្រុងសេអ៊ូល ដែលបានចូលរួមដោយពួកមន្រ្តី និងពួកជំនាញមក​ពីបណ្តាទីក្រុងចំនួន៣២ នៅក្នុងតំបន់អាស៊ី។ បណ្តាប្រទេសទាំងនោះរួមមាន៖ ប្រទេសចិន ឥណ្ឌា ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ី។ បណ្តាខេត្តក្រុងនានារបស់​ប្រទេសកូរ៉េខាងត្បូង រួមមាន៖ ទីក្រុង អ៊ីនចុន ស៊ូវ៉ុន ចេអុងជី(Gyeonggi) និងទីក្រុង ជុងចេអុង ខាងត្បូង​ នឹងធ្វើជាផ្នែកមួយនៃកិច្ចប្រជុំនេះផងដែរ។

វេទិកានេះ នឹងផ្តោតលើកិច្ចពិភាក្សាសំខាន់ៗនានា ដែលមានបំណងក្នុងការផ្លាស់ប្តូរ​ទស្សនៈគ្នា​ទៅវិញទៅមក ស្តីអំពីមធ្យោបាយធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងការថ្លែងពីបញ្ហា​គុណភាព​ខ្យល់ដែលកាន់តែកើនឡើង​ ដែលត្រូវបានក្លាយជាបញ្ហាសង្គមដ៏ធំមួយ សម្រាប់​បណ្តាប្រទេសដែលកំពុងរីកចម្រើននៅអាស៊ី នឹងជាគោលនយោបាយអភិវឌ្ឍន៍ចាំបាច់សម្រាប់​ការអភិវឌ្ឍ​។បណ្ឌិត Rokho Kim អ្នកជំនាញខាងបរិស្ថានមួយរូបបម្រើការងារ​នៅក្នុង​អង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងលិច​ នឹងថ្លែងសន្ទរកថា​ជាគន្លឹះមួយ។

លោក Hwang Bo-yeon ជាមន្រ្តីមួយរូបមកពីរដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា ធូលីដីបាន គម្រាមកំហែងអាយុជីវិត និងសុខភាពរបស់យើងជារៀងរាល់ថ្ងៃ ហើយវាជាបញ្ហា​មួយ​ដែលបណ្តាប្រទេសដែលនៅជិតខាង​ត្រូវតែចាត់ទុកជារួមគ្នាជាបញ្ហាសំខាន់របស់ពួកគេ​ សម្រាប់រកនូវ​ដំណោះស្រាយដ៏សមស្របមួយក្នុងឋានៈវាមិនមែនគ្រាន់តែជាបញ្ហាមួយ​សម្រាប់​ប្រទេសមួយនោះទេ។​ វេទិកានេះ នឹងផ្តល់នូវ ​ ឱកាសមួយប្រកបដោយសេចក្តីសង្ឃឹម ដើម្បីនាំមកនូវភាពចម្រុះ និងគោលនយោបាយដោះស្រាយប្រកបដោយប្រសិទ្ធភាព​បន្ថែមទៀត​​៕

( ប្រភព យន់ហាប់ បកប្រែដោយលោក មាស សំអុល )