ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

វៀតណាមស្វែងរកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មពហុភាគី នៅក្នុងកិច្ចប្រជុំ AEM លើកទី ៥០

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ — រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh បានជួបប្រជុំជាមួយសមភាគីរបស់លោកមកពីប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង ក្នុងក្របខណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥០ (AEM-50) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលរៀបចំឡើងនៅសិង្ហបុរីចាប់ពីថ្ងៃទី២៩ សីហា ដល់ថ្ងៃទី២ ខែកញ្ញា ដើម្បីពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី និង ពហុភាគី។

នៅក្នុងកិច្ចប្រជុំជាមួយលោក Chan Chun Sing រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម សិង្ហបុរី ភាគីទាំងពីរបានព្រមព្រៀងគ្នាជំរុញកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយតុល្យភាពពាណិជ្ជកម្មតាមរយៈវិធានការសំខាន់ៗ ដូចជាការគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មវៀតណាម ដើម្បីភ្ជាប់ទំនាក់ទំនងប្រព័ន្ធផ្សារទំនើបលក់រាយរបស់សិង្ហបុរី និងលុបបំបាត់ការលំបាកក្នុងការបន្តការនាំចេញកសិផលិត ផលរបស់វៀតណាមទៅកាន់ប្រទេសសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រី Tran Tuan Anh និងរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Enggartiasto Lukit ភាគីទាំងពីរបានពិភាក្សាគ្នាអំពីវិធានការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មផ្នែកអង្ករ និងថាមពល ព្រមទាំងលុបចោលឧបសគ្គនាពេលបច្ចុប្បន្ន ចំពោះការនាំចូលផលិតផលទូរស័ព្ទចល័ត និងដែកថែបពីវៀតណាម។

ចំពោះកិច្ចជាប្រជុំមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងថាមពលកូរ៉េខាងត្បូង លោក Paik Un Gyu រដ្ឋមន្រ្តីវៀតណាមអះអាងថា វៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង និងបណ្តាប្រទេសដទៃទៀត ដើម្បីបញ្ចប់កិច្ចចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)