ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ផ្ទះស្នាក់បៃតងបានធ្វើឱ្យភ្ញៀវទេសចរមាន​ការ​ចាប់អារម្មណ៍ខ្លាំងជាមួយទឹកហូរថ្លាមើលឃើញខ្សាច់ក្រោមម្លប់ឈើដ៏ត្រជាក់

AKP សៀមរាប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ –ក្រៅពីប្រាសាទបុរាណ​នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ភ្ញៀវទេសចរជាតិ ​អន្តរជាតិ​តែង​តែ​ទៅ​កម្សាន្តនៅតាមសហគមន៍ទេសចរណ៍ផ្សេងៗ ដើម្បីលម្ហែកាយជាមួយធម្មជាតិ ជាមួយគ្នានេះទឹកហូរថ្លាមើលឃើញខ្សាច់ក្រោមម្លប់ឈើដ៏ត្រជាក់​​​ នៅក្នុងផ្ទះស្នាក់បៃតងបាននិង​កំពុងតែធ្វើឱ្យភ្ញៀវទេសចរមាន​ការ​ចាប់អារម្មណ៍ខ្លាំង ជាពិសេសគឺនៅថ្ងៃចុងសប្តាហ៍ដែលជាថ្ងៃសម្រាកពីការងារ។

អ្នកស្រី មុំ សម្ផស្ស ជាភ្ញៀវទេសចរម្នាក់នៅខេត្តសៀមរាបដែល​បាន​ទៅ​កម្សាន្ត​នៅ​ផ្ទះស្នាក់​បៃតង​នេះ​បាន​ឱ្យដឹងកាលពីថ្ងៃអាទិត្យ ៧រោច ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នំា២០១៨ថា នៅពេលដល់ថ្ងៃសម្រាកពីការងារ​គ្រួសាររបស់អ្នកស្រី​តែងតែទៅកម្សាន្តនៅតាម​ប្រាសាទបុរាណនានានៅក្នុង​រមណីដ្ឋាន​អង្គរ​ ប៉ុន្តែ​សម្រាប់​សប្តាហ៍នេះ​ក្រុមគ្រួសាររបស់​អ្នកស្រីបាន​ជ្រើសរើសមក​សម្រាក់លម្ហែកាយកម្សាន្ត​នៅ​ផ្ទះស្នាក់បៃតងនេះ ដោយសារនៅទីនេះមាន​ទឹកហូរធ្លាក់មកពីភ្នំគូលែ ដ៏ថ្លាមើលឃើញខ្សាច់ក្រោមម្លប់ឈើដ៏ស្រស់ស្អាត ជាពិសេសទឹកហូរនេះមានជម្រៅរាក់ល្មមអាចឱ្យក្មេងតូចៗលេងបាន​ស្រួលដោយមិនភ័យខ្លាចលង់ឡើយ

អ្នកស្រីបានបន្តថា នេះជាលើកទី២ហើយដែលអ្នកស្រីបានមកកម្សាន្តនៅទីនេះ កាលលើកទី១ អ្នកស្រីមកតែមួយគ្រួសារទេ តែសម្រាប់លើកទី២នេះបានមកជាមួយបងប្អូនជាច្រើននាក់ធ្វើឱ្យកាន់តែមានភាពសប្បាយបន្ថែមទៀត។

លោក ជុំ តុលា អ្នកគ្រប់គ្រងទូទៅផ្ទះស្នាក់បៃតងនេះបាន​ឱ្យដឹងថា សម្រស់ធម្មជាតិ​នៅ​តំបន់​នេះ​ បាន​ធ្វើ​ឱ្យ​ភ្ញៀវទេសចរមកដល់ទី​នេះ​តែងតែមាន​ការ​ពេញចិត្ត និងមាន​ការសប្បាយរីករាយ មានអ្នកខ្លះ​មកម្តងហើយ បាន​មក​ម្តងទៀតដោយសារបានធ្វើឱ្យអារម្មណ៍របស់ពួកគាត់ស្រស់ថ្លាជាមួយការទទួលទានអាហារនៅមាត់ទឹកហូរធ្លាក់មកពីភ្នំគូលែនក្រោមម្លប់ឈើដ៏ត្រជាក់ ដោយមានការចងអង្រឹងអង្គុយលើកទឹក។

លោកបានបញ្ជាក់ថា សម្រាប់ទឹកហូរមកពីភ្នំគូលែននេះ គឺមានការធ្វើអនាម័យជាប្រចាំដើម្បី​ឱ្យ​ស្អាតជានិច្ច ហើយក្រៅពីធនធានធម្មជាតិដ៏ស្រស់ស្អាតដែលមាន​ស្រាប់ លោកក៏មាន​គម្រោងច្នៃប្រឌិត និងតុបតែងលម្អកន្លែងនេះឱ្យកាន់តែមាន​ភាព​ស្រស់ស្អាតបន្ថែមទៀត ព្រោះថា នៅ​ក្នុងតំបន់ផ្ទះសា្នក់បៃតងនេះមិនត្រឹមតែភ្ញៀវទេសចរមកទទួលទានអាហារហើយត្រឡប់ទៅវិញប៉ុណ្ណោះទេ តែមាន​ភ្ញៀវទេសចរជាក្រុមបាន​មកស្នាក់នៅ និងមាន​ការបោះតង ផងដែរ។ លោកក៏មានគម្រោង​ពង្រីក​ឱ្យ​មាន​កន្លែង​បន្សុតទឹកបែបធម្មជាតិសម្រាប់ក្មេងលេង និងរៀបចំឱ្យមាន​វាលខ្សាច់សម្រាប់ឱ្យភ្ញៀវទេសចរមកសម្រាកហាលថ្ងៃ ការរៀបចំកន្លែងស្នាក់នៅបែបជនបទ ការជិះរទេះគោ ការស្ទូងស្រូវ ការដុតក្រឡានជាដើម។ កត្តាទាំងនេះគឺជាចំណែកមួយចូលរួមធ្វើឱ្យប្រជាពលរដ្ឋនៅតំបន់នេះមានការងារធ្វើ និងភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបស្នាក់នៅបានយូផងដែរ។

លោកបានបន្តថា នៅពេលដែលមាន​ភ្ញៀវទេសចរមក​កម្សាន្តនៅ​ផ្ទះបៃតងនេះច្រើន​ គឺមិនត្រឹមតែបានផ្តល់​ប្រាក់ចំណូល​ដល់ផ្ទះស្នាក់បៃតងនោះទេ ប៉ុន្តែបាន​ផ្តល់ប្រាក់ចំណូល​ទៅ​ដល់ប្រជា​ពលរដ្ឋ​នៅតំបន់នេះ​ផង​ដែរ​តាម​រយៈការលក់នូវកសិផលធម្មជាតិដែល​ផលិតដោយប្រជាពលរដ្ឋនៅតំបន់នេះផ្ទល់ទៅឱ្យភ្ញៀវទេសចរ និងការផ្តល់សេវាកម្មទេសចរណ៍ផ្សេងៗ ដូចជាការជិះរទេះគោ និងពេលឆាប់ៗខាងមុខនេះមានការជិះស៊ីក្លូដឹកភ្ញៀវទេសចរកម្សាន្តក្នុងភូមិ ដើម្បីឱ្យភ្ញៀវទេសចរបរទេសគេបានឈ្វេងយល់ពីទំនៀមទម្លាប់ការរស់របស់ប្រជាជនខ្មែរនៅតំបន់នេះ ក្នុងពេលឆាប់ៗនេះក៏មានការរៀបចំឱ្យភ្ញៀវទេសចរដែលបានមកស្នាក់នៅទីនេះពេលព្រឹករាប់បាតព្រះសង្ឃ ដើម្បីបង្ហាញពីការគោរពសាសនា និងវប្បធម៌ខ្មែរឱ្យភ្ញៀវទេសចរបានឃើញដោយផ្ទាល់ផងដែរ។

សូមបញ្ជាក់ថា ផ្ទះស្នាក់បៃតង​ស្ថិតនៅក្នុង​ភូមិស្រះ​ខ្វា ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្ត​សៀមរាប ដែលមានចម្ងាយពី​ក្រុងសៀមរាប​ប្រមាណជាង ៣៦គីឡូម៉ែត្រ ដោយធ្វើដំណើរពីទីរួមខេត្តតែជាង ២០នាទីប៉ុណ្ណោះ​​​​ និងទៅដល់កន្លែងដ៏ស្រស់ស្អាតនេះហើយ៕

ដោយ ឃុត សៅ