ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

FFC ចេញបញ្ជីឈ្មោះជម្រើសជាតិត្រៀមប្រកួតជាមួយជម្រើសជាតិម៉ាឡេស៊ី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ — សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញបញ្ញីឈ្មោះ កីឡាករជម្រើសជាតិរបស់ខ្លួនជា​ផ្លូវការ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ ដើម្បីត្រៀមទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតមិត្តភាព​អន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋាន ជាតិ។

សម្រាប់បញ្ជីឈ្មោះដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ទទួលបានជាផ្លូវការនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដែលចុះហត្ថលេខា​​ដោយ លោក ម៉ៃ តុលា អគ្គលេខាធិការស្តីទីសហព័ន្ធ កីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា មានកីឡាករសរុប ចំនួន២៣នាក់ ដែលត្រូវបានជ្រើសរើសចេញពីបណ្តាក្លិបនានា ក្នុងក្របខ័ណ្ឌលីគកំពូល កម្ពុជា ក្នុងនោះមានកីឡាករ៣នាក់មកពីក្លិបបឹងកេតអែហ្វ.ស៊ី ម្នាក់មកពីអគ្គស្នងការដ្ឋាន នគរបាលជាតិ ៤នាក់ មកពីក្លិប ក្រសួងការពារជាតិ ណាហ្គាវើល ៤នាក់ ភ្នំពេញក្រោន៤នាក់ ព្រះខ័នរាជស្វាយរៀង៤នាក់ វិខាសា ៣នាក់ និងកីឡាករ ប៊ិន ចន្ថាដារី ដែលកំពុងប្រកប អាជីពនៅក្លិប Terenganu FC នៃលីគកំពូលប្រទេស ម៉ាឡេស៊ី ខណៈកីឡាករឆ្នើម នៃក្លិបបឹងកេត ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងបញ្ជីជម្រើជាតិនេះឡើយ។

ការបង្ហាញឈ្មោះកីឡាករទាំងនេះ គឺដើម្បីប្រមូលផ្តុំហាត់ហ្វឹកហ្វឺន ត្រៀមចូលរួមប្រកួតមិត្ត ភាពអន្តរជាតិសាកល្បងបច្ចេកទេសជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នាវេលាម៉ោង ៦ និង៣០នាទីល្ងាច នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ ការប្រមូល ផ្តុំហ្វឹកហាត់ត្រៀមនេះ គ្រោងនឹងចាប់ផ្តើម នាល្ងាច ថ្ងៃទី០៣ កញ្ញា ខាងមុខ។ ក្រៅពីការ ប្រកួត​មិត្តភាពកម្តៅសាច់ដុំជាមួយម៉ាឡេស៊ី គឺក្រុមបាល់ទាត់កម្ពុជានឹងត្រូវ បន្តប្រកួតមិត្តភាព អន្តរជាតិ នៅទឹកដីខ្លួនឯងចំនួន២ប្រកួតផ្សេងទៀតជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជាមួយក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០១៨​ខាងមុខ។ ក្រុមគោព្រៃកម្ពុជា នឹងត្រូវដឹកនាំពីគ្រូបង្គោល-អ្នកចាត់ការទូទៅជនជាតិជប៉ុន គឺលោក Keisuke HONDA ដែលត្រូវបានតែងតាំងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សូមបញ្ជាក់ថា ៣ប្រកួតសាកល្បងបច្ចេកទេសរបស់កម្ពុជា គឺដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ថ្នាក់តំបន់ AFF SUZUKI CUP ឆ្នាំ២០១៨ ដែលគ្រោងនឹងដំណើរការ នាខែវិច្ឆិកាខាងមុខ។ វគ្គជម្រុះក្នុងពូលពាន រង្វាន់ AFF Suzuki Cup 2018 មាន១០ប្រទេស ក្នុងអាស៊ានចូលរួមប្រកួត ដោយក្នុងពូលA មាន៥ក្រុម រួមមាន៖ វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, កម្ពុជា និងឡាវ ខណៈពូលB មាន៥ក្រុម រួមមាន៖ ក្រុមថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងព្រុយណេ ឬទីម័រខាងកើត ដែលក្រុមជម្រើសជាតិព្រុយណេ និង ទីម័រខាងកើត ត្រូវប្រកួតប្តូរដីគ្នា ម្តងម្នាក់ ដើម្បីប្រកួតជម្រុះបឋម ហើយក្រុមណាដែលឈ្នះ ត្រូវឡើង មកប្រកួតនៅក្នុងពូលBនេះ៕

ដោយ ហេង ណាលីន