ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ឯកឧត្តម ឃួង ស្រេងចុះពិនិត្យស្ថានភាពផ្លូវលេខ ១២៣CC និងទីតាំងចែកចាយទឹកលក់ជូនប្រជាពលរដ្ឋក្នុងខណ្ឌពោធិសែនជ័យ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអះអាងថា សុខមាលភាពប្រជាពលរដ្ឋ ជាបញ្ហាចំបងដែលអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងយកចិត្តទុកដាក់ជាពិសេសប្រពន្ធ័ផ្លូវថ្នល់ ទឹក ភ្លើងដែលបងប្អូនប្រជាពលរដ្ឋចង់បានរាល់ថ្ងៃមិនអាចខ្វះបាន។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០១ កញ្ញា២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC ស្ថិតនៅក្នុងភូមិថ្មគោលទី២សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះបានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលកំណាត់ផ្លូវនេះត្រូវស្ថាបនាថ្មីឡើងវិញ ជាប្រភេទផ្លូវបេតុងមានប្រវែង ៩៧០ម៉ែត្រនិង ទទឹងប្រវែង ៦ម៉ែត្រ និងដាក់បណ្តាញលូផងដែរ ។

ក្រោយពីបញ្ចប់ការពិនិត្យមើលស្ថានភាពផ្លូវរួចឯកឧត្តម ឃួង ស្រេង ក៏បានបន្តដំណើរចុះសួរសុខ ទុក្ខនិងពិនិត្យមើលការចាត់ចែងការដឹកទឹកម៉ាស៊ីនចែកចាយជូនប្រជាពលរដ្ឋនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែន ជ័យបន្តទៀត ។

ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះបានបញ្ជាក់ថា ការចុះមកសួរសុខ ទុក្ខនិងពិនិត្យមើលការចាត់ចែងការដឹកទឹកម៉ាស៊ីនចែកចាយជូនប្រជាពលរដ្ឋនេះ គឺចង់ដឹងនិងមើលអោយឃើញពីស្ថានភាពការរស់នៅ ការខ្វះខាតនិងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ។

ជាក់ស្តែងនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិសែន ជ័យ ប្រជាពលរដ្ឋនៅក្នុងភូមិនេះបាននិងកំពុងមានបញ្ហា

ឈមនិងការអត់ទឹកម៉ាស៊ីនប្រើប្រាស់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតអោយមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះតែម្តង ជាមួយនឹងតំលៃរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានជម្រុញអោយអាជ្ញាធរខណ្ឌពោធិសែន ជ័យ ពិសេសមន្ត្រីដែលអនុវត្តលើការងារនេះបន្ថែមជើងរថយន្តក្នុងការដឹកទឹកចែកចាយជូនប្រជាពលរដ្ឋ ។

ឯកឧត្តម ឃួង ស្រេងក៏បានបញ្ជាក់ថា នៅរដូវប្រាំងខាងមុខនេះ អាជ្ញាធរនិងបន្ថែមរថយន្តដឹកទឹកនេះបន្ថែមទៀត ពោលគឺទាំង៨ភូមិដែលមិនមានទឹកម៉ាស៊ីនប្រើប្រាស់ អាច១ភូមិមានរថយន្តដឹកទឹក១គ្រឿង ដើម្បីដឹកទឹកចែកចាយអោយទាន់ចិត្តប្រជាពលរដ្ឋ។