ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ស្ថានទូតជប៉ុន រៀបចំកម្មវិធីជូនដំណើរនិស្សិតថ្មីនៃអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ដើម្បីចេញទៅប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ស្ថានទូតជប៉ុន បានរៀបចំកម្មវិធីជូនដំណើរនិស្សិតថ្មីនៃអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ចំនួន៨រូប ដែលនឹងត្រូវចេញដំណើរទៅកាន់ប្រទេសជប៉ុន ក្នុងខែកញ្ញា ឬខែតុលា ខាងមុខ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០១៨។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា ក្នុងនោះ ៣រូប ជាប់កម្មវិធីអ្នកដឹកនាំវ័យក្មេង(YLP) ២រូប ជាប់កម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និង៣រូបទៀត ជាប់កម្មវិធីអប់រំសិស្សភាសាជប៉ុន ដែលនឹងត្រូវចាកចេញទៅកាន់ប្រទេសជប៉ុន ក្នុងខែកញ្ញា ឬខែតុលាខាងមុខនេះ។

ឯកឧត្តម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរសាទរទៅកាន់និស្សិតអាហារូបករណ៍ថ្មី ព្រមទាំងលើកទឹកចិត្ត និងជូនពរឱ្យ និស្សិតគ្រប់រូប ទទួលជោគជ័យសម្រាប់ការសិក្សានៅក្នុងប្រទេសជប៉ុន។

សូមបញ្ជាក់ថា អាហារូបករណ៍នៃកម្មវិធីអ្នកដឹកនាំវ័យក្មេង(YLP) គឺជាកម្មវិធីសម្រាប់ មន្រ្តីរដ្ឋាភិបាលកម្ពុជា ដែលនឹងក្លាយជាអ្នកដឹកនាំជាតិនាពេលអនាគត ដើម្បីសិក្សានូវជំនាញ ដែលទាក់ទងនឹងការងាររបស់ខ្លួននាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ អាហារូបករណ៍កម្មវិធីបណ្តុះ បណ្តាលគ្រូបង្រៀន គឺជាកម្មវិធីសម្រាប់គ្រូថ្នាក់បឋមសិក្សា និងមធ្យមសិក្សា ឬគ្រូនៅសាលា បណ្តុះបណ្តាលផ្សេងៗ ដើម្បីសិក្សានៅដេប៉ាតឺម៉ង់បណ្តុះបណ្តាលគ្រូបង្រៀននៃសាកលវិទ្យា ល័យនៅប្រទេសជប៉ុន។

ចំណែកឯអាហារូបករណ៍កម្មវិធីអប់រំសិស្សភាសាជប៉ុន គឺជាកម្មវិធី សម្រាប់និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាជំនាញភាសាជប៉ុន ឬវប្បធម៌ជប៉ុន ដើម្បី សិក្សាពីភាសាជប៉ុន និងមុខវិជ្ជាផ្សេងៗទាក់ទងនឹងប្រទេសជប៉ុននៅសាកលវិទ្យាល័យ នៃ ប្រទេសជប៉ុន។

ឯកឧត្តមឯកអគ្គរាជទូតសង្ឃឹមថា និស្សិតថ្មីនៃអាហារូបករណ៍រដ្ឋាភិបាលជប៉ុន នឹង​ទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅ អាចអភិវឌ្ឍន៍សមត្ថភាពទាក់ទងនឹងការងាររបស់ខ្លួន និងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាព្រមទាំងទំនាក់ទំនងរវាងជប៉ុន-កម្ពុជា កាន់តែរឹងមាំថែមទៀត៕

ដោយ អ៊ុន រិទ្ធី