ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

មូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងចុះហត្ថលេខាលើអនុស្សរណៈ សម្រាប់ប្រើ ប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — មូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត នៅរសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការប្រើប្រាស់សេវាកម្មទទួលវិភាគទានសប្បុរសធម៌ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃ “មូលនិធិគន្ធបុប្ផាកម្ពុជា បានមាន ប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់រវាងមូលនិធិគន្ធបុប្ផាកម្ពុជា និងធនាគារ ឯកទេសវីងនេះ គឺជាកិច្ចសហប្រតិបត្ដិការ ដើម្បីផ្ដល់ជូនសប្បុរសជន ដែលមានបំណងផ្ដល់ ការបរិច្ចាគជាសាច់ប្រាក់ជូនមូលនិធិគន្ធបុប្ផាកម្ពុជានូវជម្រើសបន្ថែម ដែលមានលក្ខណៈ កាន់ តែងាយស្រួល តាមរយៈសេវាកម្មរបស់ធនាគារឯកទេសវីង នៅតាមគ្រប់ភ្នាក់ងារទាំងអស់ នៅទូទាំងប្រទេសដោយមិនគិតថ្លៃសេវា។ ឯកឧត្ដមបានបញ្ជាក់ ធនាគារឯកទេសវីង ក៏នឹង បន្ដសហការជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងសកម្មភាពផ្សព្វផ្សាយផ្សេងៗ ដើម្បីកៀរគរការបរិច្ចាគមូលនិធិបន្ថែមទៀតផងដែរ។ ឯកឧត្តមបានបន្ដថា កម្មវិធីថ្ងៃនេះ សបញ្ជាក់ពីវឌ្ឍនភាពថ្មីមួយទៀត ក្នុងការគិតគូរអំពីសុខទុក្ខរបស់កុមារកម្ពុជា ដែលជាទំពាំង ស្នងឬស្សីរបស់ប្រទេសជាតិ បន្ទាប់ពីការបង្កើត និងដាក់ឱ្យដំណើរការមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្ដិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចទាំងពីរ គឺជាស្ថាបនិក និងជាប្រធានកិត្ដិយស របស់មូលនិធិផ្ទាល់។ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមទម្រង់ជាបរធន បាលកិច្ច នៅក្រោមពាក្យស្លោក “ភាពញញឹមរបស់កុមារ គឺជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា” ក្នុងគោលបំណងដើម្បីកៀរគរនូវអំណោយឧបត្ថម្ភធន និងវិភាគទានសប្បុរសធម៌ពីគ្រប់ប្រភព ស្របច្បាប់នានា សម្រាប់គោលដៅនៃការធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ គន្ធបុប្ផា ព្រមទាំងធានាថាកុមារកម្ពុជានឹងបន្ដទទួលបានការធានានូវការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ។

គិតត្រឹមថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានសមាជិក ដែលបានចូលរួមបរិច្ចាគសរុបចំនួន៥១.២៨១នាក់ និងគិតជាទឹកប្រាក់បានចំនួន ៤.៩៥៦. ៦៥៥ ដុល្លារ និង ៤.១១៥.០២៤.៦៤៧ រៀល ។ ជាមួយនឹងកិច្ចសហប្រតិបត្ដិការរវាង មូលនិធិ គន្ធបុប្ផាកម្ពុជា និងធនាគារឯកទេសវីងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយម ថា ចំនួនអ្នកបរិច្ចាគពិតជាបន្ដកើនឡើងទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលរបស់ Royal Group ចំពោះទឹកចិត្ដសប្បុរសដែលបានបរិច្ចាគដីដែលជាទ្រព្យសម្បត្ដិផ្ទាល់ខ្លួនជូនមូលនិធិគន្ធបុប្ផាកម្ពុជា និងថែមទាំងបានជួយផ្សព្វផ្សាយអំពីមូលនិធិ និងជាពិសេស តាមរយៈធនាគារឯក ទេសវីង (ខេមបូឌា) លីមីតធីត ដែលបានសម្រួលដល់ការផ្តល់វិភាគទានដោយមិនគិតថ្លៃ សេវា។ ទន្ទឹមនេះ កាយវិការដ៏សប្បុរសនេះ បាននឹងកំពុងចូលរួមចំណែកជួយដល់កុមារកម្ពុជា រាប់លាននាក់។ ជាមួយនឹងការចុះអនុស្សរណៈនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បាន លើកទឹកចិត្តឱ្យក្រុមការងារគន្ធបុប្ផាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារឯក ទេសវីង (ខេមបូឌា) លីមីតធីត និង ដៃគូរពាក់ព័ន្ធដ៏ទៃទៀត ក្នុងការបន្តផ្សព្វផ្សាយអំពីមូលនិធិ និងសម្រួលដល់កិច្ចការកៀរគរការចូលរួមវិភាគទានសប្បុរធម៌ឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕

ដោយ គង់ សិរីរ័ត្ន