ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រជាជនកម្ពុជា នឹងកើនដល់ ២២លាននាក់ នៅត្រឹមឆ្នាំ ២០៥០

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហាឆ្នាំ ២០១៨ — យោងតាមការិយាល័យប្រជាពលរដ្ឋ (PRB) បានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាសរុបនៅឆ្នាំ ២០៥០ ត្រូវបានព្យាករណ៍ថា មានចំនួន២២លាននាក់។ លោកស្រី Charlotte Greenbaum អ្នកវិភាគគោលនយោបាយរបស់ PRB បានប្រាប់ AKP ឱ្យដឹងថា តាមការប៉ាន់ស្មានទៅលើ ប្រជាជនកម្ពុជានៅឆ្នាំ២០៥០ ប្រជាជនដែលមានអាយុក្រោមអាយុ១៥ឆ្នាំ មាន២២ភាគរយ និងប្រជាជនដែលមានអាយុចាប់ពី៦៥ឆ្នាំ មានចំនួន១២ភាគរយ។ លោកស្រីបានបន្ថែមថា សម្រាប់ប្រទេសកម្ពុជា អត្រាសមាមាត្រកុមារនៅឆ្នាំ ២០៥០ មានចំនួន ៣៣ ហើយអត្រា សមាមាត្រមនុស្សពេញវ័យ មានចំនួន១៨។ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាសរុបមានប្រហែល ១៦លាននាក់ ដែលមានអត្រាកំណើតថ្មីចំនួន២៣នាក់ និងអត្រាស្លាប់ចំនួន៦នាក់ ក្នុង ចំណោមប្រជាជន១.០០០នាក់។ ចំណែកអត្រាមរណភាពទារកមានចំនួន២៤ និងអត្រានៃការ មានកូនសរុបមាន ២.៦ ដូច្នេះ PRB បានព្យាករណ៍ថា នៅពាក់កណ្តាលឆ្នាំ២០៣០ ចំនួនប្រជា ជនសរុបនឹងកើនឡើង ដល់១៨.៨លាននាក់ និងនៅឆ្នាំ២០៥០ នឹងមានចំនួន២២លាននាក់។

យោងតាមរបាយការណ៍នៃការព្យាករណ៍បានឱ្យដឹងថា ភាគរយនៃប្រជាជនរស់នៅ ទីក្រុង នឹងមានចំនួន ២៣ភាគរយ និងចំនួនប្រជាជនក្នុងផ្ទៃដីដែលអាចដាំបានគឺ ៤២១នាក់ ក្នុងមួយម៉ែត្រក្រឡា។ ក្នុងរបាយការណ៍ដដែលបានបន្ដទៀតថា សម្រាប់ប្រទេសព្រុយណេ នៅពាក់កណ្តាលឆ្នាំ២០៣០ និងឆ្នាំ២០៥០ ប្រជាជននឹងមានអត្រាថេរ ០.៥លាននាក់។ ប្រទេសឥណ្ឌូណេស៊ីមានចំនួន២៩៣.៩លាននាក់ ឬ៣១៩.៧លាននាក់, ប្រទេសឡាវ មាន ចំនួន៨លាននាក់ ទៅ៩.២លាននាក់, ប្រទេសម៉ាឡេស៊ីមានចំនួន៣៦.៨លាននាក់ ទៅ៤១.៧ លាននាក់ ប្រទេសមីយ៉ាន់ម៉ាមានចំនួន ៥៨.៩លាននាក់ ទៅ៦២.៤លាននាក់ ប្រទេស ហ្វីលីពីន មានចំនួន១២៦លាននាក់ ទៅ១៥២លាននាក់, ប្រទេសសិង្ហបុរីមានចំនួន ៦.១លាននាក់ ឬ៦លាននាក់, ប្រទេសថៃ មានចំនួន៦៦.៧លាននាក់ ឬ៦២.៦លាននាក់ និងប្រទេសវៀតណាមមានចំនួន ១០៣.២លាននាក់ ទៅ១០៨.២លាននាក់។

ជាមួយគ្នានេះដែរ បើគិតពីចំនួនប្រជាជនលើពិភពលោកនឹងកើនឡើងដល់ ៩.៩ពាន់ លាននាក់ គិតត្រឹមឆ្នាំ ២០៥០ ពោលគឺកើនឡើង ២.៣ពាន់លាននាក់ ឬស្មើនឹង២៩ភាគរយ នៃ ចំនួនប្រជាជនប្រមាណ៧.៦ពាន់លាននាក់ នាពេលបច្ចុប្បន្ននេះ។ PRB ក៏បានលើកឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មានដែលបានចេញផ្សាយថា ការព្យាករណ៍នៅឆ្នាំនេះបានផ្តល់នូវ ទិន្នន័យថ្មីៗ ស្តីពីសូចនាករប្រជាជន សុខភាព និងបរិស្ថានសំខាន់ៗចំនួន២៦ សម្រាប់ពិភព លោក តំបន់នៅលើពិភពលោក និងប្រទេសជាង ២០០ ដែលរាប់បញ្ចូលទាំងប្រទេស កម្ពុជាផងដែរ។ យោងតាមការព្យាករណ៍ដដែលបាន ឱ្យដឹងថា ប្រទេសឥណ្ឌានឹងក្លាយជា ប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោកដែល មានប្រជាជន ១.៦៨០លាននាក់ បន្ទាប់ មក គឺប្រទេសចិនមានចំនួន១.៣៤០លាននាក់ ប្រទេសនីហ្សេរីយ៉ាមានចំនួន៤១១លាននាក់ និងសហរដ្ឋអាមេរិក មានចំនួន៣៩០លាននាក់។ ដោយឡែកចំនួនប្រជាជននៃប្រទេសចំនួន ២៦ ដែលភាគច្រើននៅអាហ្វ្រិក នឹងកើន​ឡើងយ៉ាងហោចណាស់ពីរដង និងប្រទេសនីហ្សេ នៅអាហ្វ្រិកខាងលិច នឹងមានប្រជាជនកើនឡើងជិតបីដង។ ចំពោះប្រទេសចំនួន៣៨ផ្សេង ទៀត នៅឆ្នាំ២០៥០ នឹងមានចំនួនប្រជាជនតិចជាងឆ្នាំ២០១៨។ ប្រទេសចិននឹងក្លាយជា ប្រទេសដែលមានការថយចុះចំនួន ប្រជាជនច្រើនជាងគេគឺប្រមាណ៥០លាននាក់ បន្ទាប់មក គឺប្រទេសជប៉ុនមានចំនួន២៥លាននាក់ និងរុស្ស៊ីមានចំនួន៩.៤លាននាក់។ ប្រទេសរ៉ូម៉ានី នឹង មានការថយចុះប្រជាជន២៣ ភាគរយ។

តែទោះបីយ៉ាងណាក្ដី ប្រទេសជាច្រើនក្នុងពិភពលោកកំពុងជួបប្រទះ និងបន្តជួប បញ្ហាការកើនឡើងជាលំដាប់នូវចំនួនប្រជាជនដែលមានវ័យចាស់ជរា និងមនុស្សពេញវ័យនៃ ចំនួនប្រជាជនសរុប។ និន្នាការនេះ បង្កឱ្យមានបញ្ហាប្រឈមសម្រាប់ប្រទេសនានាក្នុងការធ្វើ ឱ្យមានតុល្យភាពរវាងប្រាក់សោធននិវត្តន៍ សុខភាព និងអត្ថប្រយោជន៍ដទៃទៀតដែលមនុស្ស ចាស់ទទួលបានក្នុងការ វិនិយោគទៅលើសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយ៕

ប្រែ សម្រួល ដោយ យា ចិន្ដាខន្ដី