ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ណែនាំដល់មន្ត្រីឱ្យរក្សាតម្លាភាពពេលធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោតថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានណែនាំដល់មន្ត្រីឱ្យរក្សាតម្លាភាពពេលធ្វើបច្ចុប្បន្នភាព និងការចុះឈ្មោះបោះឆ្នោតថ្មី ដែលនឹងត្រូវអនុវត្តចាប់ពីដើមខែតុលាខាងមុខនេះ។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា ប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត ដែលទទួលបន្ទុកជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ក្នុងរាជធានី-ខេត្តនីមួយៗ ត្រូវប្រកាន់ភ្ជាប់នូវតម្លាភាព បើកចំហរ ផ្អែកលើសមត្ថភាពជំនាញ បទពិសោធន៍ការងារ និងមិនត្រូវប្រកាន់និន្នាការនយោបាយណាមួយឡើយ។

ថ្លែងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលមន្ត្រីលេខាធិការដ្ឋានរាជធានី-ខេត្តរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ដែលធ្វើឡើងនៅ អគារទីស្តីការ គ.ជ.ប ថ្មី ស្ថិតនៅទល់មុខពុទ្ធសាសនបណ្ឌិត្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហានេះ ឯកឧត្តមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាព មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្ន។

អគ្គលេខាធិការ គ.ជ.ប រូបនេះ បានពន្យល់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវអនុវត្តនៅក្រោយពេលដែលគ.ជ.ប បានបញ្ចប់ជាស្ថាពរការងាររៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងជាជំហានថ្មីមួយ សម្រាប់ការអនុវត្តការងារធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រប្រចាំឆ្នាំ បន្ទាប់ពីបានរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ និងការធ្វើបច្ចុប្បន្នភាពនៅឆ្នាំ២០១៧ សំដៅធានាឱ្យមានគុណភាព និងប្រសិទ្ធភាពការងារ។

គ.ជ.ប នឹងធ្វើការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ចាប់ពីថ្ងៃទី១ ដល់ខែ១៨ ខែសីហាខាងមុខនេះ ចំពោះអ្នកមរណភាព អ្នកត្រូវបានដកសិទ្ធិបោះឆ្នោត បណ្តោះអាសន្ន អ្នកផ្លាស់ប្តូរលំនៅឋាន ការកែតម្រូវឈ្មោះឬទិន្នន័យអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ មិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងអ្នកទើបគ្រប់អាយុ១៨ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ជាដើម៕