ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

គ.ជ.ប ចាប់ផ្តើមចូលបម្រើការនៅអគារថ្មីផ្ទាល់ខ្លួន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានផ្តើមចូលបម្រើការនៅអគារថ្មីផ្ទាល់ខ្លួន បន្ទាប់ពីជ្រកក្រោមដំបូលក្រសួងមហាផ្ទៃជិត២០ឆ្នាំ។

ទីស្នាក់ការគ.ជ.បថ្មីនេះ មានកម្ពស់១៥ជាន់នៅជាប់នឹងជញ្ជាំងអគារពាណិជ្ជកម្ម សណ្ឋាគារ និងកាស៊ីណូរបស់ក្រុមហ៊ុនណាហ្កាវើល ស្ថិតនៅទល់មុខពុទ្ធសាសនបណ្ឌិត្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាការដោះដូរដីរដ្ឋបានពីការជួលទៅឱ្យក្រុមហ៊ុនណាហ្កាវើលវិនិយោគជាសណ្ឋាគារ និងកាស៊ីណូ ក្នុងរយៈពេល៩៩ឆ្នាំ។

អ្នកនាំពាក្យគ.ជ.ប ធ្លាប់បានឱ្យដឹងថា អគារគ.ជ.បថ្មីនេះ ត្រូវបានចំណាយលើការសាងសង់ប្រមាណជាង១២លានដុល្លារអាមេរិក ដែលថវិកាទាំងនេះ គឺជាបន្ទុករបស់ក្រុមហ៊ុនណាហ្កាវើល ដែលធ្វើឡើងក្រោមកិច្ចព្រមព្រៀងសន្យាផ្តល់អគារដែលនៅជាប់ជាមួយអគារណាហ្កាវើល២ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យបានបញ្ជាក់ថា អគារផ្ទាល់ខ្លួននេះ មានបំពាក់ឧបករណ៍ បរិក្ខា ប្រព័ន្ធសុវត្ថិភាពដ៏ទំនើប និងមានបន្ទប់ការិយាល័យ ព្រមទាំងមានសាលប្រជុំ ឬសន្និសីទធំទូលាយ ប្រកបដោយផាសុកភាព ដែលធានាដល់ការបំពេញការងារមន្ត្រី គ.ជ.ប គ្រប់ផ្នែកជាង៣០០នាក់។

ចាប់តាំងពីកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងនាឆ្នាំ១៩៩៨មក គឺអគារទីស្តីការ គ.ជ.បមានទីតាំងស្ថិតក្នុងបរិវេណក្រសួងមហាផ្ទៃ។ ការខ្ចីអគាររបស់ក្រសួងមហាផ្ទៃ ដែលមានលក្ខណៈតូចចង្អៀត សម្រាប់គ.ជ.បធ្វើការងារពេលមានសន្និសីទ ឬពេលប្រជុំធំៗម្តងៗ៕