ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង នាំយកអំណោយកាកបាទក្រហម ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់

AKP កំពង់ឆ្នាំង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨្–សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន៥១គ្រួសារ នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ដែលដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយស សាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលអមដំណើរដោយ លោក ហ៊ី ណាត  ប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជាខេត្ត  និងលោក លោកស្រី ជាសមាជិក សមាជិកានៃគណៈកម្មការសាខា ព្រមទាំងមន្រ្តីក្រុមប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាក បាទក្រហមកម្ពុជា ខេត្ត និងស្រុកកំពង់លែងជាច្រើននាក់ទៀត។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានកិតិ្តយសសាខាកាក បាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗ ក៏ដូច ជាប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ឯកឧត្តមបានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបង​ប្អូន​ប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន ហើយទុក្ខលំបាក​របស់បងប្អូនប្រជាពលរដ្ឋ គឺជា​ទុក្ខ​លំបាករបស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឯកឧត្តមបានក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋនៅតំបន់ទំនាប សមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីធនធានទឹក និងអ្នកសារព័ត៌មាន សូមយកចិត្តទុកដាក់ និងតាមដានរាល់កម្ពស់ទឹកទន្លេ បើមានការសង្ស័យនៃកម្ពស់ទឹក និងបញ្ហាប្រឈមនានាដោយសារទឹកជំនន់ សូមប្រញាប់រាយការណ៍ជាបន្ទាន់ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានជំរុញដល់សមាជិក និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្រុងត្រូវបន្តរួមសហការ ជាមួយអាជ្ញាធរ​ដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំង​អស់ត្រូវបង្កើនការ យកចិត្ត​ទុ​​ក​ដាក់ នៅ​ពេល​ប្រជាពលរដ្ឋ​រង​គ្រោះ​​ដោយ​ធម្មជាតិ​​ផ្សេងៗ។

អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត និងថ្នាក់ដឹកនាំខេត្តបានផ្ដល់ជូន គ្រួសាររងគ្រោះដោយទឹកជំនន់ទាំង៥១គ្រួសារនាពេលនេះ ដោយក្នុង១គ្រួសារៗទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ ក្រមា១ និងថវិកា២ម៉ឺនរៀល៕

ដោយ បៃ ស៊ីថុន