ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងពាណិជ្ជកម្មបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម  បានដឹកនាំគណៈប្រតិភូទៅ​ចូល​រួម​កិច្ច​ពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងដៃគូក្នុងអំឡុងកិច្ចប្រជុំរដ្ឋមន្រ្តី​សេដ្ឋកិច្ច​អា​ស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០​១​៨​  នៃសាធារណរដ្ឋសិង្ហបុរី។

ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កិច្ចប្រជុំនេះ ក៏មានការ​ចូលរួមពីសំណាក់រដ្ឋ​មន្រ្តី​សេដ្ឋកិច្ច និងគណៈប្រតិភូរបស់ប្រទេសសមាជិកអាស៊ាន រដ្ឋមន្រ្តីនិងគណៈប្រតិភូ​នៃប្រ​ទេស​​ជាដៃគូ អគ្គលេខាធិការអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន ហើយដែល​សម្រេ​ច​​បានលទ្ធផលសំខាន់ៗដូចជា៖

១.កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចមេគង្គ-ជប៉ុនលើកទី១០ រដ្ឋ​​ម​ន្រ្តី​សេ​ដ្ឋកិច្ចមេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ) និងជប៉ុន បានវាយតម្លៃខ្ព​ស់​ចំ​ពោះ​កិច្ច​សហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌមេគង្គ-ជប៉ុន ជាពិសេសលើការអនុវត្តគម្រោង និងទ​ស្ស​ន​វិស័យ​អភិវឌ្ឍន៍ ឧស្សាហកម្មមេគង្គ-ជប៉ុននិងការធ្វើឱ្យកាន់តែស៊ីជម្រៅក្នុងក្របខ័ណ្ឌអនុ​តំប​ន់​​មេគង្គ។ ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាតំណាងឯក​ឧត្ត​ម​​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំពីសា​រៈសំខាន់នៃការតភ្ជាប់ក្នុង​បណ្តាប្រ​ទេស​មេគង្គ ជាពិសេសលើហេដ្ឋារចនាសម័្ពន្ធ តាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង (Southern Economic Corridors) និងសារៈសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ស្តីពីសិទ្ធិចរាចរ​ណ៍​ ការមិនយកពន្ធត្រួតគ្នា និងទំនិញឆ្លងកាត់ព្រំដែន ជាពិសេសរវាងកម្ពុជា-ថៃ។ ជាង​នេះ​ទៀត រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកសេដ្ឋកិច្ចឌីជីថលជាវិស័យអាទិភាព ស្របពេលដែល​កម្ពុ​ជាបាននិងកំពុងផ្លាស់ប្តូរ ពីការប្រើប្រាស់កម្លាំងពលកម្មទៅជាការប្រើប្រាស់បច្ចេកវិទ្យា ជា​ពិ​សេសសារៈសំខាន់នៃការចូលរួមរបស់វិស័យឯកជន រួមមានសហគ្រាសធុនតូច និងមធ្យ​ម​​ ដែលជាកាតាលីករដ៏សំខាន់ក្នុងការជំរុញវិស័យសេដ្ឋកិច្ចឌីជីថល។ ភាគីជប៉ុន បានបង្ហាញ​ជំហរ​​គាំទ្រ​លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរឹង និងគាំទ្រដល់ការ​អភិវឌ្ឍធនធាន​មនុ​ស្ស ជាពិសេសលើវិស័យសេដ្ឋកិច្ចឌីជីថល រួមមានពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជា​ដើម។

២.កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចិន លើកទី១៧ បានពិភាក្សា​លើ​ចំ​ណុ​​ច​សំខាន់ៗមួយចំនួន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលក្នុងនោះ​មាន​ការពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។ របាយ​ការ​ណ៍វឌ្ឍនភាពនៃសេចក្តីប្រកាសរួមស្តីពីសហប្រតិបត្តិការសមត្ថភាពផលិតកម្ម និងការ​តភ្ជា​ប់​​ហេដ្ឋារចនាសម័្ពន្ធ កិច្ចសហប្រតិបត្តិការលើគំនិតផ្តួចផ្តើមវិថីមួយ-ខ្សែក្រវាត់មួយ កិច្ចសហ​ប្រ​តិបត្តិការលើជំនួយអាស៊ាន-ចិន ជាដើម ដោយបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងធ្វើការរួមគ្នា ដើម្បីជំរុញទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្រ្តី​ក្រសួង​ពា​ណិជ្ជកម្ម ប៉ាន សូ​រ​ស័ក្តិ បានជម្រាបពីការគាំទ្ររបស់កម្ពុជា និងថ្លែងអំណរគុណ​ដល់​ភាគី​ចិ​ន​ ដែលបានអញ្ជើញកម្ពុជា ធ្វើជាប្រទេសកិត្តិយសក្នុងពិព័រណ៍ អាស៊ានចិនលើកទី១៥ ដែល​នឹង​ប្រព្រឹត្តទៅនៅថ្ងៃ១២-១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង នៃសាធារណរដ្ឋ​ប្រ​ជា​មា​និ​តចិន ជាមួយវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា។

៣.កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អា​ស៊ា​ន- ជប៉ុន លើកទី២៤ កិច្ចប្រជុំ​បានស្វាគមន៍កិច្ចសន្ទនារវាង​សហព័ន្ធសភាពាណិជ្ជកម្ម​ជប៉ុ​ន និងឧស្សាហកម្មអាស៊ាន លើគំនិតផ្តួចផ្តើម ក្នុងគោលដៅជំរុញនវានុវត្តន៍ ពង្រឹងវិស័យធុរ​កិ​ច្ច​ និងអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ កិច្ចពិគ្រោះយោបល់ បានកត់សម្គាល់លើគម្រោងនានា​ក្រោម​គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងឧស្សាហកម្មរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ក្រសួ​ងពាណិជ្ជកម្ម ឧស្សាហកម្ម ជប៉ុន (AMEICC) ជាពិសេសទាក់ទងនឹងការអភិវឌ្ឍន៍​វិស័​យ​ធុរ​កិច្ចឧស្សាហកម្ម កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យម ក្នុងគោល​ដៅ​ជំរុញការអភិវឌ្ឍន៍ និង ពង្រឹងទំនាក់ទំនងរវាងអាស៊ាន-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ​ថែម​ទៀ​ត​។ ជាងនេះទៀត កិច្ចពិគ្រោះយោបល់ក៏បានពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចទូលំទូលាយអាស៊ាន-ជប៉ុន ដោយបានជំរុញភាគីពាក់ព័ន្ធទាំងអស់ ពន្លឿ​ន​លើការបញ្ចប់ពិធីសារទី១ ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន-ជប៉ុន ដើម្បីអាច​ចុះ​​​​ហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២១ នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

៤.កិច្ចពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន- កូរ៉េលើកទី១៥ កិច្ចពិ​គ្រោះ​យោ​បល់​​បាន​កត់សម្គាល់ពីសកម្មភាពសហប្រតិបត្តិការនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កូរ៉េ ដែល​ផ្តោ​ត​សំខាន់លើវេទិកាធុរកិច្ចអាស៊ាន-កូរ៉េ ក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និងការជំរុញកិច្ចសហការរវាងសហគ្រាសធុនតូច និងមធ្យម ក្នុងអាស៊ាន និង​កូរ៉េ និងកម្មវិធី TASK ដែលបាននឹងកំពុងជួយប្រឹក្សា និងបណ្តុះបណ្តាលសហគ្រាស​ក្នុង​ប្រ​ទេ​ស​កម្ពុជា មីយ៉ាន់ម៉ា និងវៀតណាម។ កិច្ចពិគ្រោះយោបល់ក៏បានពិនិត្យ និងពិភាក្សា​លើ​វឌ្ឍ​នភាពនៃការផ្តល់សច្ចាប័នលើពិធីសារទី៣ ស្តីពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំ​និញអាស៊ាន-កូរ៉េ និងបានជំរុញឱ្យភាគីនៃកិច្ចព្រមព្រៀងពន្លឿនការធ្វើ​សេរីភាវូបនីយកម្ម​ប​ន្ថែ​​ម​ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-កូរ៉េ។

៥.កិច្ចពិគ្រោះយោបល់​រដ្ឋ​​មន្រ្តីសេដ្ឋកិច្ចអាស៊ានបូកបី លើកទី២១ កិច្ចពិគ្រោះ យោបល់បាន​​​​ស្វាគមន៍ និងវាយ​តម្លៃខ្ព​ស់​នូវរបាយការណ៍ និងអនុសាសន៍ របស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ជាពិសេស​លើ​ការ​ចូល​រួមសម្របសម្រួលការអភិវឌ្ឍ សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ីខាងកើត និងការទាញយក​ប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្របតាមគោលការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO)។ កិច្ចពិគ្រោះយោបល់ក៏បានអនុម័តលើផែនការសកម្មភាពកិច្ចសហ​ប្រតិបត្តិ​កា​រ​​​សេដ្ឋកិច្ចអាស៊ានបូកបី ២០១៩-២០២០ ដែលរួមបញ្ចូលនូវសកម្មភាពសំខាន់ៗជាច្រើនដូចជា សកម្មភាពស្រាវជ្រាវរួម ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម កិច្ចសម្រួលពាណិជ្ជកម្ម កិច្ច​សន្ទនារវាងរដ្ឋ និងវិស័យឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលផងដែរ។

៦. កិច្ចប្រ​ជុំ​រដ្ឋ​ម​ន្រ្តី នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ លើកទី៦ កិច្ចប្រជុំ​នេះ បានពិ​ភា​ក្សា​​លើ បញ្ហានៅសេសសល់មួយចំនួនដែលត្រូវការការសម្រេច និងការណែនាំពីថ្នាក់​រដ្ឋ​ម​ន្រ្តី​ដែលផ្តោតសំខាន់លើវិស័យធំៗទាំងបួនរួមមាន៖ ពាណិជ្ជកម្ម ទំនិញ ពាណិជ្ជកម្មសេវាកម្ម កា​រ​វិ​និយោគ និងកម្មសិទ្ធិបញ្ញា។

រដ្ឋមន្រ្តីនៃប្រទេសទាំង១៦ បានបង្ហាញពីជំហរទន់ភ្លន់ និង​ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបញ្ចប់ចរចាកិច្ចព្រមព្រៀងនេះ ក្នុងឆ្នាំ២០១៨ តាមអាណត្តិផ្តល់​ដោយ​ប្រមុ​ខរដ្ឋាភិបាលនៃប្រទេសទាំង១៦ ដោយជំរុញឱ្យភាគីចរចាទាំងអស់ខិតខំប្រឹងប្រែង​បន្ថែម​ទៀ​ត និងឆ្លើយតបជាវិជ្ជមានទាំងលក្ខណៈទ្វេភាគី និងពហុភាគី៕

ដោយ ជឹម ណារី