ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ជម្រើសជាតិប៉េតង់កម្ពុជា៤នាក់នឹងចេញទៅប្រកួតជើងឯកពិភពលោក នៅប្រទេសកាណាដា នាពាក់កណ្តាលខែកញ្ញា ២០១៨នេះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ក្រុមកីឡាករប៉េតង់ជម្រើសជាតិកម្ពុជាក្រោមការដឹកនាំ ពីគ្រូបង្វឹក លោក អ៊ឹង ផាត នឹងត្រូវ​ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសកាណាដា ដែលគ្រោងធ្វើ ឡើងនាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយប៉េតង់គឺជាប្រភេទកីឡាដ៏មាន សក្តានុពលខ្ពស់ជាងគេនៅកម្ពុជា ដែលធ្លាប់ឈ្នះ មេដាយមាសពីជើងឯកពិភពលោកជាច្រើន សម័យកាល។

តាមការគ្រោងទុក សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជានឹងបញ្ជូនកីឡាករជម្រើសជាតិ របស់ខ្លួនចំនួន៤នាក់ ដែលដឹកនាំដោយលោកគ្រូ អ៊ឹង ផាត និងប្រធានប្រតិភូដឹកនាំដោយ លោក អ៊ឹម គឹមស្រ៊ុន អគ្គលេខាធិការ ទៅចូលរួមប្រជែងមេដាយជើងឯកពិភពលោក ឆ្នាំ២០១៨។ ជាមួយនឹងការត្រៀមខ្លួនចូលរួមនេះ គឺសហព័ន្ធ ជំនាញមួយនេះកំពុងបង្កើន ការហ្វឹកហាត់ដល់កីឡាករទាំងអស់ ដើម្បីបង្កើនបច្ចេកទេសសម្រួចគោលដៅឈាន ទៅ សម្រេចគោលដៅរបស់ខ្លួន។

ម្ចាស់មេដាយមាសកម្រិតពិភពលោកឆ្នាំ២០១៦ កីឡាករ សុខ ចាន់មាន បាននិយាយថា ការប្រមូលផ្តុំហ្វឹក ហាត់របស់ក្រុមជម្រើសជាតិកីឡាប៉េតង់កម្ពុជាអស់រយៈពេល៦ខែមកហើយ ដោយក្នុង១ថ្ងៃៗ គ្រូបង្វឹកលោក អ៊ឹង ផាត បានរៀបចំកម្មវិធីហ្វឹកហាត់២ពេល ក្នុង១ថ្ងៃ និង ៦ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសមត្ថភាពរបស់កីឡា ករជម្រើសជាតិរបស់ខ្លួនឱ្យកាន់តែល្អ ប្រសើរ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកកម្រិតពិភពលោក នៅប្រទេសកាណាដា។ កីឡាករ សុខ ចាន់មាន បានប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែង នូវលទ្ធផលដ៏ល្អមួយយកមកជូនជាតិមាតុភូមិរបស់ខ្លួន។ សម្រាប់ការចូលរួមប្រកួតនៅក្នុង កម្រិតពិភពលោកឆ្នាំ២០១៨នេះកីឡាកររូបនេះមិនហ៊ានសន្យាពីក្តីរំពឹងខ្ពស់ពេកនោះទេ ដោយសារកីឡាករមកពីបណ្តាប្រទេសនានាជុំវិញពិភពលោកសុទ្ធសឹងជាកីឡាករខ្លាំងៗ។

សូមរម្លឹកថា កីឡាករ សុខ ចាន់មាន គឺជាម្ចាស់មេដាយមាសជើងឯកពិភពលោក កាលពីឆ្នាំ២០១៦ លើវិញ្ញាសាវាយយកពិន្ទុ នៅប្រទេសម៉ាដាហ្កាស្កា និងជាម្ចាស់មេដាយ សំរឹទ្ធិ កាលពីឆ្នាំ២០០៤​ នៅប្រទេសបារំាង លើវិញ្ញាសា ៣នាក់ទល់៣នាក់ ជាមួយនឹងមិត្តរួម ក្រុម២នាក់ទៀត។ កីឡាករ សុខ ចាន់មាន ក៏ធ្លាប់ជោគជ័យក្នុងការ ស្វែងរកមេដាយ មកជូនជាតិដែរ នៅក្នុងព្រឹត្តិការណ៍អន្តរជាតិកម្រិតអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នាពេលកន្លងមក ផងដែរ៕

ដោយ ហេង ណាលីន