ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមក្រសួងការពារជាតិ និងណាហ្គាវើលត្រៀមការប្រកួតជាមួយគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន ​សែន

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ក្រុមក្រសួងការពារជាតិ និងក្រុមណាហ្គាវើលត្រូវប្រជែង ជាមួយគ្នាសម្រាប់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨ នាល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។

លោក មាស ចាន់ណា គ្រូបង្គោលក្រុមណាហ្គាវើលបានបញ្ជាក់នៅពេលហ្វឹកហាត់ថា នេះជាការប្រកួត ដ៏តានតឹងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលចាប់ឆ្នោតត្រូវប៉ះជាមួយ ក្រសួងការពារជាតិ ប៉ុន្តែលោកនៅតែជឿជាក់ថា កូនក្រុមរបស់ខ្លួននឹងធ្វើបានល្អ ដើម្បីឡើង ទៅកាន់វគ្គផ្តាច់ព្រ័ត្រជាបន្តទៀត។ លោកបានដាក់ក្តីរំពឹង៥០ភាគរយជាមួយក្រសួងការ​ពារ​ជាតិ ពីព្រោះថាការប្រកួតទាំងអស់សុទ្ធតែដណ្តើមបានដោយលទ្ធផលដ៏លំបាក និងតានតឹង បំផុត។

ចំណែកឯ លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្រុមក្រសួងការពារជាតិបានឱ្យដឹងដែរថា រយៈពេលនៃការរៀបចំក្រុមមានតិចតួចដោយសារតែយើងត្រូវប្រកួតលីគកំពូលផង ហើយត្រូវ ប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ទៀត។ ប៉ុន្តែទោះ យ៉ាងនេះក្តី ក៏គ្រូបង្គោលរូបនេះ បានដាក់ក្តីសង្ឃឹមខ្ពស់ទៅលើកូនក្រុមរបស់ខ្លួន ដែលកំពុងមានស្មារតីល្អ ឆន្ទៈខ្ពស់ក្នុងការចង់ ឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ជាមួយនឹងស្មារតី ជាក្រុមការលើកទឹកចិត្ត និងបច្ចេកទេសក្នុងត្រៀមប្រកួតនោះ ត្រូវបានគ្រូបង្គោលរូបនេះ ដាក់ក្តីសង្ឃឹមខ្ពស់ជាង ដោយសារឆន្ទៈរបស់កីឡាករមានកម្រិតខ្ពស់ជាងលោកទៅទៀត តាម រយៈការហ្វឹកហាត់ខ្លួនឯងផង និងហ្វឹកហាត់ជាក្រុមផង។

ចំពោះ១ប្រកួតផ្សេងទៀត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះដែរ គឺជាការជួបគ្នារវាងក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិនឹងត្រូវប៉ះជាមួយក្រុមអង្គរថាយហ្គឺ នៅពហុកីឡដ្ឋានជាតិដែរ នាថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ដោយ២ក្រុមឈ្នះៗត្រូវឡើងទៅប្រជែងជើងឯក ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៨នេះ៕

ដោយ ហេង ណាលីន