ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវដាក់តាំងស្លាកយីហោជាភាសាខ្មែរ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវដាក់តាំងស្លាកយីហោ ជាភាសាខ្មែរ ដោយទុករយៈពេលឱ្យម្ចាស់អាជីវកម្មចំនួន២សប្តាហ៍ បន្ទាប់ពីធ្វើការផ្សព្វផ្សាយ​រួច។

រដ្ឋបាលសាលារាជធានីភ្នំពេញបានទុកឱសានវាទរយៈពេល២សប្តាហ៍ សម្រាប់ម្ចាស់ អាជីវកម្ម ដែលបានដាក់តាំងស្លាកយីហោជាភាសាបរទេស ដូចជាអក្សអង់គ្លេស ចិន និងកូរ៉េជាដើម ដោយពុំបានដាក់ជាភាសាខ្មែរនៅពីខាងលើ។ កន្លងមកនេះ ក្រសួង ទេសចរណ៍ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសារាចរណែនាំអំពីការដាក់ តាំងស្លាក យីហោអាជីវកម្មដ្ឋាននេះ ប៉ុន្តែនៅតែមានម្ចាស់អាជីវកម្មដ្ឋានមួយចំនួនមិន ព្រមគោរពអនុវត្តន៍តាមនៅឡើយ។ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ឱ្យម្ចាស់អាជីវកម្ម ដ្ឋានទាំងអស់ដើម្បីធ្វើការរុះរើ ហើយបើចង់សរសេរជាភាសាបរទេសត្រូវដាក់ខាងក្រោម ដែលមានទំហំតូច ជាងអក្សរខ្មែរ១ភាគ២ ជាចាំបាច់។

លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងបែបនេះ ខណៈ ដែលលោកចូលរួមក្នុងកិច្ចប្រជុំស្តីពីការណែនាំ និងការលុបបំបាត់ ការប្រើប្រាស់ ការជួញដូរ និងការចែកចាយគ្រឿងញៀន តាមក្លឹបកម្សាន្ត និងអាជីវកម្មដ្ឋាន ក្នុងវិស័យទេសចរណ៍ កាលពីព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមបានបន្ដថា បន្ទាប់ពីដាក់ឱសានវាទ១៥ថ្ងៃនេះរួចហើយ នឹងចាត់ក្រុមការងារ ចុះពិនិត្យមើលបើរកឃើញម្ចាស់អាជីវកម្មដ្ឋានណាមិនគោរព និងមិនអនុវត្តន៍ទៅតាម កាណែនាំនោះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងមានវិធានការផ្លូវច្បាប់។ លោកក៏បានជំរុញ ឱ្យមានការស្នើសុំអាជ្ញាប័ណ្ណសម្រាប់បង្កើតអាជីវកម្ម និងបន្តសុពលភាពសម្រាប់អ្នកដែល បានស្នើសុំរួចហើយ រួសរាន់ដោយមកដាក់ពាក្យ ស្នើសុំនៅតាមច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីភ្នំពេញ។ សម្រាប់ការស្នើសុំប្រកបអាជីវកម្ម និងសុំបន្តអាជីវកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ទុករយៈពេល១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ១ខែក្រោយក្រុមការងារ នឹងចុះទៅត្រួតពិនិត្យអាជីវកម្មដល់ទីតាំងជាក់ស្តែង បើពុំមាន លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណទេ ម្ចាស់អាជីវកម្មទាំងនោះ ប្រឈមនឹងបិទទ្វារអាជីវកម្មតែម្តង ៕

ដោយ សួស សំរិត