ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងព័ត៌មាន បណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើការផ្សព្វផ្សាយ ស្តីពីការប្រែប្រួល អាកាសធាតុ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ក្រសួងព័ត៌មានបានបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើការផ្សព្វ ផ្សាយពីការប្រែ​ប្រួលអាកាសធាតុ ស្របពេលបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ ច្រើនដោយសារឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនេះ។


ក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលអ្នកយកព័ត៌មាន អ្នករាយការណ៍ព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ស្ដីពីការប្រែប្រួលអាកាសធាតុជំហានទី២ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌​មាន​បានមានប្រសាសន៍ថា គម្រោងបណ្តុះបណ្តាលនេះនឹងជួយឱ្យអ្នកសារព័ត៌មានអាចមាន លទ្ធភាព ក្នុងការផលិតកម្មវិធីមានគុណភាពស្តីពីការសម្របខ្លួន និងការកាត់បន្ថយហានិភ័យ ទៅកាន់ប្រជាពលរដ្ឋ។ លោកជំទាវបានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទអាចជួយ កសាងសង្គមតាមរយៈការផ្សាយដំណឹងស្តីពីការប្រែប្រួលអាកាសធាតុបានល្អជាយានក្នុងការសម្រេចចិត្តពាក់ព័ន្ធទៅនឹងវិធានការសម្របខ្លួន និងវិធីសាស្ត្របន្ថយហានិភ័យឧស្ម័នផ្ទះ កញ្ចក់ក្នុងកម្រិតបុគ្គល និងគ្រួសារ។ លោកជំទាវបានបន្ថែមថា ប្រព័ន្ធផ្សព្វផ្សាយពិតជាដើរ តួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វ ផ្សាយព័ត៌មានបែបវិទ្យាសាស្ត្រត្រឹមត្រូវស្តីពីការប្រែប្រួល អាកាសធាតុជូនដល់សាធារណជនសម្រាប់ការយល់ដឹង។

ឯកឧត្តម ឯ វុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួង​បរិស្ថាន បានលើកឡើងថា មូលហេតុចម្បងបំផុតដែលនាំឱ្យមានការប្រែប្រួលអាកាសធាតុ គឺសកម្មភាពរបស់ មនុស្ស និងកត្តាប្រែប្រួលដោយធម្មជាតិ ដែលនាំឱ្យមានកំណើនកំហាប់ ឧស្ម័នជាច្រើននៅក្នុង ប្រព័ន្ធបរិយាកាសផែនដី។ឯកឧត្តមបានបន្ដថា កំហាប់នៃឧស្ម័នទាំង នេះបានរាំងផ្ទប់កាំរស្មីក្រហមអាំង ប្រារបស់ប្រព័ន្ធផ្ទះអាទិត្យមិនឱ្យត្រឡប់ទៅបរិយាកាសវិញ ទាំងស្រុងដែលនាំឱ្យបរិយាកាសលើផ្ទៃផែនដីដែលយើងកំពុងរស់នៅបានកើនកម្តៅពីមួយឆ្នាំទៅមួយឆ្នាំ។

សូមរម្លឹកថា តាមការសិក្សាក្នុងឆ្នាំ២០១៨ដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពី«ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើកំណើន សេដ្ឋកិច្ចកម្ពុជា»បានបង្ហាញថា ប្រសិនបើកម្ពុជារក្សាការវិនិយោគកម្រិតបច្ចុប្បន្នលើសកម្ម ភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសនោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នឹងកាត់ បន្ថយផលិតផលក្នុងស្រុក សរុបចំនួន២.៥ភាគរយនៅឆ្នាំ២០៣០ និង៩.៨ភាគរយនៅឆ្នាំ ២០៥០។ ស្របពេលនេះដែរ អត្រាកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ នឹងត្រូវកាត់ បន្ថយជាមធ្យម០.៣ភាគរយរវាងឆ្នាំ២០១៦និងឆ្នាំ២០៥០ចន្លោះ៦.៩ភាគរយទី៦.៦ភាគរយ ហើយនឹងពន្យាពេលមួយឆ្នាំនៃការប្រែក្លាយប្រទេស កម្ពុជាទៅជាប្រទេសដែលមាន ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕

ដោយ គង់ សិរីរ័ត្ន

រូបថត៖ ខឹម សុវណ្ណារ៉ា