ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងការងារ ប្រកាសផ្តល់អាហារូបករណ៍សិក្សាចំនួនជាង១ម៉ឺនកន្លែង

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាស ផ្តល់អាហារូបករណ៍សិក្សាចំនួន១៣.៧៨៧កន្លែង លើមុខជំនាញដែលទីផ្សារការងារកំពុងមាន តម្រូវការខ្ពស់ក្នុងពេលបច្ចុប្បន្ន និងអនាគត។ នេះបើយោងតាមសេចក្តីជូនដំណឹង​របស់ ក្រសួងការងារ និងបណ្ដុះបណ្ដលវិជ្ជាជីវៈ ចេញផ្សាយកាលពីថ្ងៃទី៣០ ខែសីហា​ ឆ្នាំ២០១៨។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា សម្រាប់អាហារូបករណ៍ជាង១ម៉ឺនកន្លែងនោះរួមមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬអនុបណ្ឌិត បរិញ្ញាបត្របច្ចេកវិទ្យា ឯកទេសសញ្ញាបត្រវិស្វករ សញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្ររង បច្ចេកទេស ឬឯកទេស សញ្ញាបត្របច្ចេកទេស និងវិជ្ជា ជីវៈ។ ទន្ទឹមនេះ ចំពោះលក្ខខ័ណ្ឌផ្សេងៗគ្នាដែលអាចទទួលបានអាហារូបករណ៍ខាងលើនេះ បានដូចជា សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ បេក្ខជនរៀនចប់ថ្នាក់ទី៩ ឬបាន បញ្ចប់ថ្នាក់ ស្ពានចម្លងបន្តជំនាញថ្នាក់ទី៨ និងទី៩ ឬ កម្រិតសមមូល។

សញ្ញាបត្រជាន់ ខ្ពស់/បរិញ្ញាបត្រ រង បច្ចេកទេស/ឯកទេស បេក្ខជនរៀនចប់ បាក់ឌុប ឬធ្លាក់បាក់ឌុប មានសញ្ញាបត្របច្ចេក ទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល។ ដោយឡែក ចំពោះបរិញ្ញាបត្រ បច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ/បរិញ្ញាបត្រ បេក្ខជនត្រូវ មានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ឬសញ្ញាបត្រ ដែលមាន តម្លៃសមមូល។ ដោយឡែកចំពោះបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា/ឯកទេស/អនុបណ្ឌិត បេក្ខជនត្រូវមាន សញ្ញាបត្របរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេសសញ្ញាបត្រវិស្វករ/បរិញ្ញាបត្រ។ ក្នុងសេចក្ដីជូន ដំណឹងបានបន្ថែមថា សិស្ស​និស្សិតដែលចាប់អារម្មណ៍គឺអាចមកចុះឈ្មោះ នៅតាមគ្រឹះស្ថាន អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានី ខេត្ត ដោយផ្ទាល់៕

 

ដោយ ចាន់ សុធីវង្ស