ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ចិននិង ជប៉ុនមានទស្សនវិស័យដ៏ធំទូលាយសម្រាប់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់ម្នាក់បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ចិន និង ជប៉ុនមានទស្សនវិស័យដ៏ធំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។


លោក Han Zheng សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ( CPC ) ព្រមទាំងជាឧបនាយករដ្ឋមន្ត្រីចិន បានធ្វើការកត់សម្គាល់នេះ នៅក្នុងកិច្ចប្រជុំមួយជាមួយឧបនាយករដ្ឋមន្ត្រីជប៉ុន នឹងជារដ្ឋមន្ត្រីហិរញ្ញវត្ថុលោក តារ៉ូ អាសូ ( Taro Aso ) ដែលស្ថិតនៅក្នុងក្រុងប៉េកាំង ដើម្បីចូលរួមការសន្ទនា របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុចិន – ជប៉ុន លើកទី៧ ។

លោក Han បាននិយាយថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងចិន – ជប៉ុន ។ ជា មួយកិច្ចប្រឹងប្រែងរួមរបស់ភាគីទាំងពីរ ចំណងទាក់ទងចិន – ជប៉ុន បានវិលត្រឡប់ទៅរកផ្លូវធម្មតានៃការ អភិវឌ្ឍឡើងវិញ ។

លោក Han សង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការប្រើប្រាស់បានល្អនូវយន្តការនៃការសន្ទនាគ្នា របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ , អនុវត្តន៍នូវការមូលមតិគ្នាយ៉ាងសំខាន់របស់មេដឹកនាំប្រទេសទាំងពីរ ព្រមទាំងពង្រីកនឹងធ្វើឱ្យស៊ីជម្រៅយ៉ាងសំខាន់កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមកនៅក្នុងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

លោក Han បាននិយាយថា ចិនមានឆន្ទៈធ្វើការជាមួយជប៉ុន ដើម្បីថែរក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្អែកលើច្បាប់ ព្រមទាំងជំរុញការធ្វើសេរីភាវូបនីយកម្ម ហើយនឹងការសម្រួលពាណិជ្ជកម្មវិនិយោគដោយលោកនិយាយបន្ថែមថា ចិន​ស្វាគមន៍ក្រុមហ៊ុន មកពីទូទាំងពិភពលោក ដែលរួមមានទាំងក្រុមហ៊ុនមកពីប្រទេសជប៉ុនផង ឱ្យមកពង្រឹងការធ្វើវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន ។

លោក អាសូ បាននិយាយថា ភាគីជប៉ុនកំពុងមានឆន្ទៈអនុវត្តន៍ថែមទៀតការមូលមតិតគ្នាយ៉ាងសំខាន់ដែលបានសម្រេចដោយមេដឹកនាំទាំងពីរ កាលពីក្នុងខែឧសភា ឆ្នាំនេះ ព្រមទាំងជំរុញការអភិវឌ្ឍន៍ ពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He ក៏បានជួបជាមួយ លោក​ អាសូ ផងដែរ ក្នុងក្រុងប៉េកាំង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )