ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ខេត្តព្រះវិហារ ប្រារព្ធទិវារអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤

AKP ព្រះវិហារ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ –ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍនបទ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី២៤ និងលើកទី១៤នៅកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅបរិវេណមណ្ឌលពហុកីឡដ្ឋានខេត្តព្រះវិហារ ដោយមានារចូលមពីមន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ព្រមទាំងតំណាងជនជាតិដើមភាគតិចមកពីតាមបណ្តាខេត្តផ្សេងទៀតជាច្រើននាក់

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ខេត្តព្រះវិហារមានជនជាតិដើមភាគតិចរស់នៅច្រើន ហើយគោលបំណងនៃការរៀបចំទិវានេះ ដើម្បីបំបាតភាពរើសអើង និងបង្កើនការចូលរួម ការសម្រេចចិត្តលើការអនុវត្តផែនការ និងដំណើរការអភិវឌ្ឍន៍ជាតិ តាមតំបន់ និងអន្តរជាតិ ព្រមទាំងកំណត់គោលនយោបាយអភិវឌ្ឍន៍សម្រាប់ជនជាតិដើមភាគតិចស្របតាមវប្បធម៌ ប្រពៃណី ជំនឿ និងភាសារបស់ពួកគាត់ និងការស្វះស្វែងរកជំនួយដើម្បីអភិវឌ្ឍន៍ជនជាតិដើមភាគតិច ជាពិសេសស្រ្តី និងកុមារ ព្រមទាំងលើកម្ពស់អនុវត្តន៍ក្របខណ្ឌច្បាប់ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជនជាតិដើមភាគតិចត្រូវបានលើកស្ទួយ និងលើកកម្ពស់យ៉ាងខ្លាំងក្លា តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច គោលនយោបាយស្តីពីការចុះបញ្ជីដីធ្លី សិទ្ធការប្រើប្រាស់ដីសហគមន៍ សំដៅរួមចំណែកលើកកម្ពស់តម្លៃ សីលធម៌ វប្បធម៌ ប្រពៃណី ជំនឿដ៏ល្អផូផង់និងរស់រវើក ។

ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា នៅទូទាំងពិភពលោកមានជនជាតិដើមភាគតិច ជាង ៣៧០លាននាក់ នៅ៩០ប្រទេស ក្នុងនោះកម្ពុជាជាប្រទេសចំណាស់មួយដែលមានជនជាតិដើមភាគតិចចំនួន ២៤ក្រុម ដែលមានអម្បូរខុសៗគ្នា មានចំនួន ២៧៦.៨៧៨នាក់ ក្នុងឆ្នាំ២០១៥ រស់នៅក្នុងខេត្តចំនួន ១៥នៃព្រះរាជាណាចក្រកម្ពុជា ។ ជាងនេះទៅទៀត ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ១៤១សហគមន៍ តាមគោលដៅខេត្តមួយចំនួន និងក្រសួងមហាផ្ទៃចេញលិខិតទទួលស្គាល់សហគមន៍ជនជាតិភាគតិចជានីតិបុគ្គលបានចំនួន ១២៥សហគមន៍ និងសហគមន៍ចំនួន ២៤បានទទួលប្លង់កម្មសិទ្ធដីសមូហភាព ពីក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់ផងដែរ ៕  

ដោយ ទិត ស្រ៊