ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

លោកជំទាវ ភឿង សកុណា ជួបសំណេះសំណាលជាមួយបុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលត្រូវធ្វើសមាហរណកម្ម ជាមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

AKP សៀមរាប ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ –លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយបុគ្គលិកជំនាញនិងអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣៥៥នាក់ ដែលត្រូវធ្វើសមាហរណកម្មមកជាមន្ត្រីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលពិធីសំណេះសំណាលនេះបានប្រារព្ធឡើងកាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

       លោកជំទាវ ភឿង សកុណា បានជម្រាបជូនដល់មន្រ្តីទាំង ៣៥៥នាក់នោះថា ការជួបគ្នានេះក្នុងបំណងផ្តល់ដំណឹងអំពីលក្ខខណ្ឌមួយចំនួនដែលត្រូវអនុវត្តន៍ និងការទទួលបាននូវផលប្រយោជន៍សាធារណៈជាច្រើនផ្សេងទៀត ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយរាប់បញ្ចូលទាំងឱកាសនៃការបង្កើតអាជីពវិជ្ជាជីវៈ ការទទួលបានការផ្តល់សេចក្តីទុកចិត្តតែងតាំងឱ្យទទួលភារកិច្ចថ្មីៗ និងការដំឡើងប្រាក់បៀវត្សរ៍នៅពេលក្លាយខ្លួនជាមន្ត្រីរាជការ។

      លោកជំទាវ រដ្ឋមន្ត្រីក៏បានក្រើនរម្លឹកដល់បុគ្គលិកទាំងអស់ថា ក្នុងនាមជាមន្ត្រីអាជ្ញាធរជាតិអប្សរាដែលបំពេញការងារអភិរក្ស លើកស្ទួយតម្លៃមរតកវប្បធម៌ជាតិ គឺជាភ័ព្វសំណាងមួយដែលមនុស្សជាច្រើនប៉ងប្រាថ្នា។ ដូច្នេះសូមឱ្យមន្ត្រីទាំងអស់ត្រូវបំពេញការងារដោយយកចិត្តទុកដាក់ មានវិន័យត្រឹមត្រូវខ្ជាប់ខ្ជួន ផ្ចិតផ្ចង់ក្នុងការងារ និងរៀនសូត្រដកស្រង់យកបទពិសោធន៍ការងារឱ្យបានកាន់តែច្រើន ដើម្បីភាពរីកចម្រើននៃសមត្ថភាពរបស់ខ្លួន និងប្រសិទ្ធភាពការងារ ព្រោះថាមន្ត្រីទាំងនេះគឺជាសសរទ្រូងយ៉ាងរឹងមាំក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ និងអាចក្លាយជាថ្នាក់ដឹកនាំស្ថាប័នអាជ្ញាធរជាតិអប្សរានាពេលអនាគត៕

ដោយហង្ស សៀក