ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ពិធីសំណេះសំណាលរបស់គណៈប្រតិភូឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត

AKP កំពត ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — គណៈប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានលើកឡើងថា យើងជាមន្រ្តី តុលាការ ចៅក្រម ឬព្រះរាជអាជ្ញា ត្រូវដឹងថាបើយើងជិតដល់ឆ្នាំត្រូវផ្លាស់ប្តូរទៅកាន់ខេត្តឬ រាជធានី រាល់សំណុំរឿងដែលយើងកាន់ត្រូវធ្វើឱ្យហើយ ដើម្បីអ្នកមកទទួលការងារក្រោយ កុំឱ្យគេរវល់អនុវត្តន៍តែរឿងចាស់ ឯរឿងថ្មីកើតឡើងនៅកកស្ទះក្នុងការដោះស្រាយជូន ប្រជាពលរដ្ន។


នេះជាការលើកឡើងរបស់លោក សេង ប៊ុនឃាង គណៈប្រតិភូសមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្រ្តីតុលាការខេត្តកំពត កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅក្នុងសាលប្រជុំសាលាដំបូងខេត្ត ក្រោមអធិបតីភាព លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ប្រធានគណៈប្រតិភូសមាជិកឧត្តមក្រុម ប្រឹក្សានៃអង្គចៅក្រម។

លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តបានធ្វើរបាយការណ៍សង្ខេបជូន គណៈប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អំពីលទ្ធផលរួមដែលមន្រ្តីតុលាការ សាលាដំបូង ខេត្តអនុវត្តន៍ទទួលបានសម្រេចគួរឱ្យកត់សម្គាល់នាពេលកន្លងមកនេះ។ ជាមួយ គ្នានេះដែរ ទន្ទឹមនឹងការអនុវត្តរាល់សំណុំរឿងនាពេលកន្លងមកទទួលបាន ជោគជ័យយ៉ាងនេះក្តីក៏យើងពិនិត្យឃើញមានសំណុំរឿងខ្លះ ដែលមិនទាន់បានដោះស្រាយ ចប់ផងដែរ ដោយសំណុំរឿងខ្លះជនល្មើសពាក់ព័ន្ធជាមួយការចុះស៊ើបអង្កេត នៅខេត្តឆ្ងាយពីគ្នា។

លោកបានបន្តថា ប៉ុន្តែទោះបីមានឧបសគ្គក្នុងការចុះស៊ើបអង្កេតយ៉ាងណា ក្តីក៏រាល់សំណុំរឿងទាំងអស់នោះសាលាដំបូងខេត្តកំពត នៅតែអនុវត្តន៍រាល់សំណុំ រឿងនោះទទួល បានជោគជ័យគួរឱ្យកត់សម្គាល់នាពេលកន្លងក៏ដូចជាបច្ចុប្បន្ននេះ។
លោក ឯក ឆេងហួត ព្រះរាជអាជ្ញាសាលាដំបូងខេត្តកំពត ក៏បានថ្លែងប្រាប់គណៈ ប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងពិធីជួបសំណេះសំណាលនាពេលនេះផងដែរ អំពីការអនុវត្តរាល់កិច្ចការដោះស្រាយសំណុំរឿង អំពីករណីត្រូវឃុំខ្លួន ជនត្រូវចោទ អំពីការសហការជាមួយស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធក្នុងការចុះអនុវត្តនីតិវិធីច្បាប់ នាពេល កន្លងមកក៏ដូចជាពេលបច្ចុប្បន្នឃើញថាមានការសហការល្អ ហើយទទួលបានសម្រេច លទ្ធផលជាផ្លែផ្កាផងដែរ។

លោកព្រះរាជអាជ្ញាក៏បានលើកឡើងផងដែរ អំពីចំណុចខ្វះខាតមួយចំនួនដែលមិន ទាន់បានដោះស្រាយ ដោយមានមូលហេតុជាច្រើនដូចជាការចុះស៊ើបអង្កេត ស្រាវជ្រាវមានការយឺតយ៉ាវជាដើម ទើបបណ្តាលឱ្យមន្រ្តីអនុវត្តន៍ច្បាប់យើងនៅមាន ការយឺតយ៉ាវក្នុងការអនុវត្តនីតិវិធីច្បាប់ខ្លះៗ ប៉ុន្តែទោះបីយ៉ាងណាក៏រាល់សំណុំរឿងមន្រ្តីយើង ដែលមានកន្លងមកមន្រ្តីយើងខិតខំប្រឹងអនុវត្តន៍ទទួលបានជោគជ័យជាច្រើនករណីផងដែរ។

លោកស្រី ប៊ុន្នីញ ប៊ុណ្ណារី ប្រធានគណៈប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានថ្លែងការកោតសរសើរដល់លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត និងលោកប្រធាន សាលាដំបូងខេត្ត ដែលបាន និងកំពុងខិតខំបំពេញរាល់កិច្ចការអនុវត្តន៍ នីតិវិធីច្បាប់សម្រេចបានជោគជ័យនាពេលកន្លងមកក៏ដូចនាពេលបច្ចុប្បន្ននេះ ទាំងការ សហការការងារជាមួយស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តច្បាប់បានល្អគួរឱ្យកត់សម្គាល់។ រាល់ការ សាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំនិងមន្រ្តីក្រោមឱវាទក៏មានការសាមគ្គីភាពផ្ទៃក្នុងបានល្អ នេះគឺជាជំហរដ៏ល្អសម្រាប់ថ្នាក់ដឹកនាំក្នុងប្រព័ន្ធតុលាការរបស់យើង។ ជាមួយគ្នានោះដែរ លោកស្រីប្រធានគណៈប្រតិភូក៏បានសំណូមពរទៅ លោកប្រធាន លេខាធិការដ្ឋានខេត្តកំពត ដែលជាសេនាធិការឱ្យប្រធានតុលាការខេត្ត និងព្រះរាជអាជ្ញាថា គួរធ្វើយ៉ាងណាឱ្យមានភាពរលូនដល់សាលាជម្រះក្តីរាល់ការលំហូរសំណុំរឿងក្តីឱ្យមានតម្លាភាព។

លោកស្រី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្រ្តីសាលាដំបូងខេត្តដែលមានវត្តមាន ជួបសំណេះសំណាលនាពេលនេះគឺសុទ្ធតែជាមន្រ្តីជំនាញផ្នែកអនុវត្តន៍ច្បាប់ទាំងអស់ដូច្នេះយើងត្រូវខិតខំបន្តទៀត ដោយយកគំរូបទពិសោធន៍ល្អៗពីរៀមច្បងយើងដែលគេធ្លាបមាន បទពិសោធន៍ក្នុងការងារនេះ ហើយជាពិសេសត្រូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អទើបរាល់ កិច្ចការដែលជាការងារស្នូលរបស់យើងទទួលបានជោគជ័យទាំងអស់គ្នា៕

ដោយ ប្រាក់ លាង