ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រុមហ៊ុន Amru Rice បង្កើតទីផ្សារស្រូវសម្រាប់ប្រជាកសិករ នៅក្នុងខេត្តកំពង់ធំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ​– ក្រុមហ៊ុន Amru Rice បានចុះបង្កើតទីផ្សារស្រូវសម្រាប់ប្រជាកសិករ នៅខេត្តកំពង់ធំ ដែល ជួយបង្កើនផលិតភាពកសិកម្ម និងដោះស្រាយកង្វះខាតទីផ្សារ។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន Amru Rice បានចុះធ្វើឡ សម្ងួត និងឃ្លាំងស្តុបស្រូវ ក្នុងផែនការដើម្បីប្រមូល ទិញស្រូវប្រណិតនៅក្នុងសហគមន៍ ចំនួន៩ ក្នុងខេត្តកំពង់ធំ សម្រាប់នាំចេញ។

នៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ជាមួយនិងសហគមន៍កសិករ ចំនួន៩ នាពេលថ្មីៗនេះ លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បាន​លើកឡើងថា តាមរយៈអនុស្សរណៈនេះ ក្រុមហ៊ុន នឹងជួយប្រមូលទិញស្រូវក្រអូប ពីប្រជា កសិករ ក្នុងតម្លៃ១គីឡូក្រាម ១.១៣០រៀល ដើម្បីកែច្នៃជាអង្ករ ហើយនាំចេញទៅប្រទេសចិន ម៉ាឡេស៊ី អូស្រ្តាលី និងប្រទេសអឺរ៉ុប។

លោកឧកញ៉ាបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ ប្រជាកសិករ ទាំង៩សហគមន៍នេះ អាចមានលទ្ធភាពផ្គត់ផ្គង់ស្រូវក្រអូប ដល់ក្រុមហ៊ុន Amru Rice ចំនួន៨.០០០តោន ក្នុងដំណាក់កាល ដំបូង ។ លោកឧកញ៉ា បានបន្ដទៀតថា ខណៈ ឡសម្ងួត មានសមត្ថភាពផលិតបាន២០ម៉ឺនតោននៅក្នុងមួយឆ្នាំ ធ្វើឱ្យក្រុមហ៊ុន មានផែនការ ពង្រីកវិសាលភាពនៃការប្រមូលទិញស្រូវប្រណិតនេះ ចេញពីខេត្តកំពង់ធំ ទៅកាន់ខេត្តផ្សេងៗ​ទៀត ដើម្បីបង្គ្រប់ផែនការទីផ្សារនាំចេញ។

គួរបញ្ជាក់ថា សហគមន៍កសិកម្មចំនួន៩ នេះ អាចមានលទ្ធភាពប្រមូលផលស្រូវសរុប ប្រមាណ ១០.០០០តោន និងមានផ្ទៃដីសរុបប្រមាណ៥.០០០ហិកតា៕

 

ដោយ ម៉ៅ ចរិយា