ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកចូលរួមប្រជុំជាមួយគយកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ លើការងារចែករំលែកព័ត៌មានសម្ងាត់

AKP ភ្នំពេញ ថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៨ — គណៈប្រតិភូមកពីប្រទេសកេនយ៉ា, អ៊ុយហ្គង់ដា តាន់សានី និងមូសំប៊ិកដែលដឹកនាំដោយ លោក Javier Montano មន្រ្តីសម្របសម្រួលថ្នាក់តំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ ដែលជា កម្មវិធីរួមនៃការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក បានចូលជួបប្រជុំជាមួយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្រ្តីអនុវត្តន៍ច្បាប់ពាក់ ព័ន្ធក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ។ កម្មវិធី​នេះ បានធ្វើឡើងកាលពីពេលថ្មីៗនេះ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ នេះបើតាម​ហ្វេស​ប៊ុករបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

កម្មវិធីត្រួតពិនិត្យកុងតឺន័រ គឺជាគម្រោងរៀបចំរួមគ្នាដោយការិយាល័យផ្នែកគ្រឿង ញៀន និងឧក្រិដ្ឋកម្មនៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយពិភពលោក (WCO) ក្នុងគោលបំណងទប់ស្កាត់ និងបង្រ្កាបការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែន ផ្សេងទៀត។ បច្ចុប្បន្ន មានប្រទេសប្រមាណជិត៥០ កំពុងចូលរួមអនុវត្តន៍កម្មវិធី នេះ។

ក្នុងជំនួបនោះ គណៈប្រតិភូទាំងបួនប្រទេសបានចែករំលែកព័ត៌មាន និងបទពិសោធន៍ ដោយសង្ខេបពីប្រទេសរៀងៗខ្លួនដែលជាលទ្ធផលនៃការអនុវត្តកម្មវិធីត្រួតពិនិត្យកុងតឺន័រ (CCP) របស់ UNODC-WCO។ ឯកឧត្ដមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​នៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានបញ្ជាក់ថា កម្មវិធីត្រួតពិនិត្យកុងតឺន័រ (CCP)នេះ បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការជួញដូរគ្រឿងញៀន និងសត្វព្រៃ និង ទប់ស្កាត់បទឧក្រិដ្ឋឆ្លងកាត់ព្រំដែន។

ឯកឧត្តមបានលើកឡើងអំពីលទ្ធផលល្អប្រសើរក្នុងការ អនុវត្តកម្មវិធីនេះ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហើយក្រោមការគាំទ្រដោយ UNODC កម្ពុជាកំពុងពង្រីកកម្មវិធីនេះឱ្យគ្របដណ្តប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញផងដែរ។

ឯកឧត្ដមបានបន្ដទៀតថា សម្រាប់ថ្ងៃមុខ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនេះ ឯកឧត្តមប្រតិភូក៏បានគាំទ្រ និងស្នើឱ្យមន្ត្រីអនុវត្តន៍ច្បាប់នៃប្រទេសចូលរួមក្នុងកម្មវិធីនេះ ធ្វើទំនាក់ទំនង និងសហការគ្នាឱ្យបានកាន់តែជិតស្និទ្ធថែមទៀត ក្រោមកម្មវិធីត្រួតពិនិត្យ កុងតឺន័រនេះ ដោយប្រើប្រាស់យន្តការពាក់ព័ន្ធផ្សេងទៀតរបស់អង្គការសហប្រជាជាតិ និង អង្គការគយពិភពលោក។

លោក Javier Montanoក៏បានថ្លែងអំណរគុណ ឯកឧត្ដមបណ្ឌិតគុណ ញឹមដែលបាន គាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូ ដើម្បីមកទស្សនកិច្ចសិក្សា និងចែករំលែក បទពិសោធន៍នៅសាខាគយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ (ការិយាល័យអាកាសយាន ដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប) និងសាខាគយនិងរដ្ឋាករ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។

ឯកឧត្ដមបណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណដល់ការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) ដែលបាននិងកំពុងគាំទ្រ និងជួយសម្រប សម្រួលកម្មវិធីត្រួតពិនិត្យកុងតឺន័រនេះ និងបានបញ្ជាក់ថារដ្ឋបាលគយកម្ពុជា នឹងបន្តពង្រឹងកិច្ច សហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដែលចូលរួមអនុវត្តន៍កម្មវិធី CCP តាមរយៈការចែក រំលែកព័ត៌មានសម្ងាត់និងបទពិសោធន៍ក្នុងការជំរុញអនុវត្តន៍ច្បាប់ក្នុងការទប់ស្កាត់ និងបង្ក្រាប ការជួញដូរគ្រឿងញៀន សត្វព្រៃ និងបទឧក្រិដ្ឋឆ្លងដែនផ្សេងទៀតឱ្យកាន់តែមាន ប្រសិទ្ធភាព៕ 

ដោយ គង់ សិរីរ័ត្ន