ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយជំនន់ទឹកទន្លេសាប បានស្ថាបនាបញ្ចប់១០០ភាគរយហើយ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ — កំណាត់ផ្លូវមួយខ្សែ ដែលទទួលរងការខូចខាតដោយដោយជំនន់ទន្លេសាប នៅ ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ការដ្ឋាននេះស្ថាបនាបាន បញ្ចប់ហើយ ហើយក៏បានបើកឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ហើយដែរ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹង នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កំណាត់ផ្លូវមួយខ្សែនេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានចាក់ថ្មដុំធំៗ និងច្រកបាវខ្សាច់ បំពេញច្រាំងទន្លេសាប ដែលបាក់នេះ ហើយការដ្ឋាននេះបានបញ្ចប់១០០ភាគរយ កាលពីពាក់កណ្តាលខែសីហា ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរជាធម្មតាឡើងវិញ។

គួររម្លឹកថា កាលពីដើមខែសីហានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំអាជ្ញាធរដែនដី និងមន្រ្តីជំនាញក្រោមឱវាទចុះទៅពិនិត្យ មើលស្ថានភាពជាក់ស្តែង នៃការបាក់ច្រាំងទន្លេនេះ ហើយឯកឧត្តមបានបញ្ជាឱ្យមន្រ្តីជំនាញ ពាក់ព័ន្ធធ្វើការស្ថាបនាឡើងវិញនូវកំណាត់ផ្លូវមួយខ្សែដែលទទួលរងការខូចខាតនោះ៕

ដោយ សួស សំរិត