ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ក្រសួងយុត្តិធម៌ជំរុញឲ្យបង្កើតមណ្ឌលសេវាយុត្តិធម៌អោយបានគ្រប់រាជធានីខេត្តក្នុងរយៈពេល៥ឆ្នាំទៀត

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោក ហុក សុខរិន

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ប្តេជ្ញាជំរុញឲ្យបង្កើតមណ្ឌលសេវាយុត្តិធម៌ អោយបានគ្រប់ ក្រុង ស្រុក ខណ្ឌនៅទូ​ទំាង​ប្រទេស​ក្នុង​រយៈ​ពេល៥ឆ្នាំទៀត ដោយក្នុងមួយឆ្នាំៗត្រូវបង្កើតថ្មីអោយបានជាង២០មណ្ឌលនៅតាមក្រុង ស្រុក ខណ្ឌដែល អាទិភាព ។

លោកសុខ បូរ៉ា ប្រធាននាយកដ្ឋានសន្ធានកម្មនិងយុត្តិធម៌មូលដ្ឋានមានប្រសាន៍ថា ការពង្រីកមណ្ឌលសេវាយុត្តិធម៌​ឲ្យ​បាន​គ្រប់កន្លែងរួមទំាងមានមន្រ្តីបំរើសេវាគ្រប់គ្រាន់នេះដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាយុត្តិធម៌ ភាពឆាប់រហ័សរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយសំណុំរឿងតូចតាចនៅតាមសាលាដំបូងរាជធានីខេត្ត។

លោកបានអៈអាងថា ប្រជាពលរដ្ឋដែលមកទទួលសេវាដោះស្រាយវិវាទ នៅក្នុងមណ្ឌលសេវាយុត្តិធម៌នេះ​មិនត្រូវបាន​ចំណាយថវិកាឡើយ។ការដោះស្រាយតាម  យន្តការនេះអនុញ្ញាតអោយភាគីជម្លោះទទួលបាននូវ​ដំណោះស្រាយមួយ​សមស្របតាមរយៈនីតិវិធីសម្រុះសម្រួល ការយោគយល់គ្នានិងសម្បទានអោយគ្នាទៅវិញទៅមក។

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌មានប្រសាសន៍ថាការផ្តល់សេវាដោះ​​ស្រាយវិវាទ​​នៅក្នុងមណ្ឌល​​សេវាយុត្តិធម៌នៅតាមមូលដ្ឋាននេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ បើទោះបីក្រសួង ទើបតែបង្កើត​​អោយមានមណ្ឌលសេវាកម្មយុត្តិធម៌នៅមានចំនួនតិចតួចនៅឡើយក្តី។

មណ្ឌលសេវាយុត្តិធម៌ គឺស្ថិតក្នុងគម្រោងសិទ្ធិទទួលបានយុត្តិធម៌ក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ ដោយមានស្នាក់​ការ​នៅតាមបណ្តាក្រុងស្រុកខណ្ឌ ក្នុងនោះអនុវត្តដោយមន្រ្តីក្រសួងយុត្តិធម៌ និងមន្រ្តីនគរបាលនៃក្រសួងមហាផ្ទៃ។

សូមបញ្ជាក់ថា មកដល់ពេលនេះក្រសួងយុត្តិធម៌បានបង្កើតមណ្ឌលផ្តល់សេវាយុត្តិធម៌នៅតាមក្រុង ស្រុក ខណ្ឌបានចំនួន​៦៦​មណ្ឌលហើយ ស្ថិតក្នុងរាជធានីខេត្តចំនួន១០ ក្នុងរយៈពេល៦ ខែឆ្នាំ២០១៨ មណ្ឌលមណ្ឌលនេះបានដោះស្រាយ និងសម្របសម្រួលវិវាទជូនប្រជាពលរដ្ឋ មានចំនួនជាង២០០០ករណី៕