ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាស្នើសុំសម្ភារកីឡាពីសាកលវិទ្យាល័យ សេដ្ឋកិច្ចនៃប្រទេសជប៉ុន

AKP ភ្នំពេញ ថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៨ — ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញ ព្រ័ត្រកម្ពុជាបានស្នើសុំការជួយ ឧបត្ថម្ភជាសម្ភារកីឡាទាញព្រ័ត្រពីសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន (Hiroshima University of Economics) នៅក្នុងកម្មវិធី វគ្គបណ្ដុះបណ្ដាលស្វែងយល់ពីកី​ឡា ទាញព្រ័ត្រនៅកម្ពុជាជូនដល់ក្រុមនិស្សិតមកពីប្រទេសជប៉ុនចំនួន៣០នាក់ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជា កាលពីពេលថ្មីៗនេះ។


ឯកឧត្តមបណ្ឌិត មាស សារិន បានបញ្ជាក់ថា ការរៀបចំវគ្គបណ្តុះបណ្តាលខ្លីនេះ​ត្រូវបាន ប្រារព្ធធ្វើឡើង ក្រោយពេលដែលសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុននេះ បានចាប់អារម្មណ៍ពីការប្រកួតជើង ឯកថ្នាក់ជាតិឆ្នាំ២០១៨ នៅទីក្រុងកោះពេជ្រ រាជធានី ភ្នំពេញ កាលពីពេលកន្លងទៅថ្មីៗនេះ ហើយសាកលវិទ្យាល័យនេះបានស្នើសុំឱ្យមានកម្មវិធី វគ្គឈ្វេងយល់ខ្លីនេះដែលពួកគាត់បានអញ្ជើញមកកម្ពុជាតែម្តង។

ឯកឧត្តមបណ្ឌិតប្រធានសហព័ន្ធកីឡាទាញព្រ័ត្របានស្នើសុំសម្ភារកីឡាទាញព្រ័ត្រ ដែលប្រទេសជប៉ុន មានប្រភេទកីឡានេះខ្លាំងពូកែកម្រិតខ្ពស់ ហើយសម្ភារកីឡាទាញព្រ័ត្រ​ដូចជាខ្សែពួរ និងកម្រាលសម្រាប់ការប្រកួតតាមស្តង់ដារអន្តរជាតិ ដែលមានតម្លៃជាមធ្យម ប្រហាក់ប្រហែល ៥០០ដុល្លារ និងខ្ពស់ប្រហែល ៤.០០០ដុល្លារឯណោះ។

ឯកឧត្តមបានលើកឡើងថា គោលដៅនៃការស្នើសុំនេះ គឺសហព័ន្ធចង់ពង្រឹក និង អភិវឌ្ឍន៍កម្រិតបច្ចេកទេសរបស់អត្តពលិក ទាញព្រ័ត្រកម្ពុជាឱ្យកាន់តែរីកចម្រើន និងប្រហាក់ ប្រហែលជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់ ដើម្បីឈានទៅប្រជែងមេដាយនៅលើឆាក អន្តរជាតិ។ ឯកឧត្តមរំពឹងថា តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា-ជប៉ុននេះនឹងជួយដល់ការ អភិវឌ្ឍវិស័យកីឡា ក៏ដូចជាកីឡាទាញព្រ័ត្រនេះឱ្យកាន់តែល្អប្រសើរឡើងបន្ថែម ពីព្រោះថា​កីឡាទាញព្រ័ត្រ គឺជាប្រភេទកីឡាដ៏ពេញនិយមរបស់ពិភពលោក ប៉ុន្តែកម្រិតបច្ចេកទេស របស់កម្ពុជានៅមានកម្រិតនៅឡើយ ដែលកម្ពុជាត្រូវបន្តការខិតខំប្រឹងប្រែងជាបន្តទៀត។

ឯកឧត្តមប្រធានសហព័ន្ធបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ សម្រាប់វត្តមានរបស់ ក្រុមនិស្សិតជប៉ុន ក៏ដូចជាលោក Hirokasu Kashitani អ្នកសម្របសម្រួលគម្រោង Koudoukan នៃ Hiroshima University of Economics នៅក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ ពីវិស័យកីឡាទាញព្រ័ត្រកម្ពុជា ជាពិសេសបានរម្លឹកដល់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ផងដែរ៕

ដោយ ហេង ណាលីន